លោក ចូ បៃដិន សន្យាឈរខាងអាស៊ី ដើម្បីការពារសេរីភាពដែនសមុទ្រ និងលទ្ធិប្រជាធិបតេយ្យ

វ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់ថ្នាក់មេដឹកនាំនៅតំបន់អាស៊ីអាគ្នេយ៍ថា ប្រទេសរបស់លោកនឹងឈរនៅជាមួយពួកគេ ក្នុងគោលបំណងការពារសេរីភាពដែនសមុទ្រ និងលទ្ធិប្រជាធិបតេយ្យ ហើយលោកបានហៅសកម្មភាពចិនលើកោះតៃវ៉ាន់ថា ជាការបង្ខិតបង្ខំ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព។

ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាតាមរយៈប្រព័ន្ធវីដេអូ ដែលនាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង បានចូលរួមនោះ លោក ចូ បៃដិន បានអះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមពិភាក្សាជាមួយដៃគូនានានៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អំពីការអភិវឌ្ឍនូវក្របខ័ណ្ឌសេដ្ឋកិច្ចថ្នាក់តំបន់មួយ ដែលកន្លងមកមានការរិះគន់ថា ជាអ្វីដែលបានខ្វះចន្លោះនៅក្នុងយុទ្ធសាស្ត្ររបស់លោក បៃដិន។ ជាការឆ្លើយតបវិញនោះ នាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង តាមរយៈកិច្ចប្រជុំជាមួយប្រទេសអាស៊ានទាំង ១០ និងដៃគូថ្នាក់តំបន់ឯទៀតបាននិយាយថាការរក្សាសន្តិភាព ស្ថិរភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រចិនខាងត្បូង គឺជាផលប្រយោជន៍របស់មនុស្សគ្រប់គ្នា… សមុទ្រចិនខាងត្បូង គឺជាផ្ទះរួមរបស់យើង

គួរបញ្ជាក់ថា តំបន់អាស៊ីអាគ្នេយ៍បានក្លាយជាសមរភូមិយុទ្ធសាស្ត្រមួយរវាងសហរដ្ឋអាមេរិក និងចិនដែលគ្រប់គ្រងភាគច្រើននៃសមុទ្រចិនខាងត្បូង ហើយទីក្រុងប៉េកាំងបានបង្វែរសម្ពាធផ្នែកយោធា និងនយោបាយមកលើកោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកគ្រាន់តែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner