សម្តេច​តេ​ជោ ហ៊ុន សែន ស្នើឱ្យ​ដាក់​ប​ញ្ជូ​ល​ចំណុច​អាទិភាព​សំខាន់ៗ​ចំនួន​៤​ទៅក្នុង​ផែនការ​សកម្មភាព​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​

ភ្នំពេញៈ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ាលើក​ទី​១៦ កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា បានស្នើ​ឱ្យ​ដា​ក់ប​ញ្ជូ​ល​ចំណុច​អាទិភាព​សំខាន់ៗ​ចំនួន​៤ ទៅក្នុង​ផែនការ​សកម្មភាព​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (EAS PoA) ថ្មី ឆ្នាំ​២០២៣-២០២៧ រួមមាន​៖ (១) ការពង្រឹង សន្តិសុខ​សុខភាព​សាធារណៈ (២) ការលើកកម្ពស់​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម (MSMEs) និង​ការផ្តល់​សិទ្ធិអំណាច​ដល់​សហគ្រិន​ស្ត្រី និង​យុវជន (៣) ការ​ស្តារឡើងវិញ និង​ជំរុញ​កំណើនសេដ្ឋកិច្ច តាមរយៈ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​ការតភ្ជាប់​ភស្ដុភារ សេដ្ឋកិច្ច​ឌីជីថល និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដោយ​ធ្វើ​ការជំរុញ​ឌី​ជី​ថ​លូ​ប​នីយកម្ម និង​ការផ្លាស់ប្តូរ ឧស្សាហកម្ម និង (៤) ថាមពល​ប្រកបដោយ​ចីរភាព​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីបាន​គាំទ្រ​ចំពោះ​ការអនុម័ត «​សេចក្តីប្រកាស​របស់​ថ្នាក់ដឹកនាំ EAS ស្តីពី​កំណើនសេដ្ឋកិច្ច តាមរយៈ​ការស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​» និង «​សេចក្តីប្រកាស​របស់​ថ្នាក់ដឹកនាំ EAS ស្តីពី​ការ​ស្តារឡើងវិញ​ប្រកបដោយ​ចីរភាព​» ដែលជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ព​ន្លឿ​ន​ការស្តារ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ តាមរយៈ​ការបើក​ឡើងវិញ​នូវ​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ក្នុងចំណោម​បញ្ហា​ដទៃទៀត​។​

​សម្តេច​តេ​ជោ​ ហ៊ុន សែន ក៏បាន​អះអាង​ជាថ្មី​អំពី​សារៈសំខាន់​នៃ​ការថែរក្សា​អាស៊ីអាគ្នេយ៍​ជា​តំបន់ សន្តិភាព និង​ស្ថិរភាព ហើយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​បាន​រំលឹក​ឡើងវិញ​ថា រាល់​គំនិត​ផ្តួចផ្តើម នានា រួមទាំង​សម្ព័ន្ធភាព​យោធា​ផងដែរ គួរតែ​គោរព​ម​ជ្ឈ​ភាព​អាស៊ាន មាន​លក្ខណៈ​បំពេញបន្ថែម​ទៅលើ​យន្តការ​ដែលមាន​ស្រាប់ និង​អនុលោម​តាម​គោលការណ៍​នៃ​ការគោរព​គ្នា និង​ផលប្រយោជន៍​ទៅវិញទៅមក ដើម្បី​រក្សា​ស្ថិរភាព សន្តិសុខ សន្តិភាព និង​វិបុលភាព​ក្នុង​តំបន់​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ថ្នាក់ដឹកនាំ​បាន​សង្កត់​ធ្ងន់​អំពី​សារៈសំខាន់​នៃ​តួនាទី​របស់​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (EAS) សម្រាប់​កិច្ចសន្ទនា និង​សហប្រតិបត្តិការ​លើ​យុទ្ធសាស្ត្រ​ទូលំទូលាយ បញ្ហានយោបាយ និង​សេដ្ឋកិច្ច​ដែលជា ចំណាប់អារម្មណ៍ និង​ក្តីកង្វល់​រួម ការពង្រឹង​ពហុភាគី​និយម និង​ការថែរក្សា​និម្មាបនកម្ម​តំបន់​ដែល​ឈរលើ​គោលការណ៍​ច្បាប់​សម្រាប់​ទំនាក់ទំនង​អន្តរ​រដ្ឋ​ប្រកបដោយ​ការស្ថាបនា និង​ការលើកកម្ពស់​ជំនឿ​ទុក​ចិត្តជា​យុទ្ធសាស្ត្រ​។

​ថ្នាក់ដឹកនាំ​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការថែរក្សា​សន្តិភាព សន្តិសុខ និង​វិបុលភាព​នៅក្នុង តំបន់ ដោយ​គិតគូរ​ពិចារណា​ដល់​គោលការណ៍​ដែល​មានចែង​នៅក្នុង​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍ (TAC) និង​ទស្សនៈវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក (AOIP)​។ ថ្នាក់ដឹកនាំ​បានទទួល​ស្គាល់​នូវ​វឌ្ឍន​ភាពជា​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (EAS) ក្រោម​ផែនការ​សកម្មភាព​ទីក្រុង​ម៉ានីល ដើម្បី​ជំរុញ​សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ស្តីពី​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (២០១៨-២០២២) និង​បាន​ទន្ទឹងរង់ចាំ​ដល់​ការ អភិវឌ្ឍ​ផែនការ​សកម្មភាព​ថ្មី​។

​ថ្នាក់ដឹកនាំ​បានបញ្ជាក់​ជាថ្មី​អំពី​ភាពចាំបាច់ ដើម្បី​ផ្តល់​អាទិភាព​ដល់​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព មាន​សុវត្ថិភាព ធានា​គុណភាព និង​មានតម្លៃ​សមរម្យ និង​ដើម្បី​បង្កើត​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ដោយ​គ្មាន​របៀបវារៈ​នយោបាយ និង​មនោគមវិជ្ជា​។ ថ្នាក់ដឹកនាំ​បាន​សង្កត់​ធ្ងន់​លើ​តួនាទី​ដ៏​សំខាន់​ផ្នែក​ពាណិជ្ជកម្ម និង​ការវិនិយោគ ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​ជា​អវិជ្ជមាន​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ក្នុង​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ប្រកបដោយ​ភាពរឹងមាំ និង​បរិ​យា​ប័ន្ន​។ ក្នុងន័យនេះ ថ្នាក់ដឹកនាំ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការធ្វើការ​រួមគ្នា ដើម្បី​សម្រួល​ដល់​លំហូរ​ទំនិញ និង​សេវាកម្ម ជាពិសេស​ទំនិញ​និង​សេវាកម្ម​ទាំងឡាយណា​ដែលមាន​សារៈសំខាន់​បំផុត​ក្នុង​ការជួយ​ដល់​សុខភាព សុខុមាលភាព និង​ជីវភាព​រស់នៅ​។​

​លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) និង​លោក​វេជ្ជបណ្ឌិត Ngozi Okonjo-Iweala អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក៏បាន​ធ្វើ​បទ​បង្ហាញជូន​អង្គប្រជុំ​អំពី​ទិដ្ឋភាព​ផ្នែក​សុខភាព​សាធារណៈ និង​ពាណិជ្ជកម្ម នៃ​វិធាន​ការបង្ការ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​ត្រូវបាន​អនុវត្ត​ដោយ​ស្ថាប័ន​សាកល​ទាំងពីរ​នេះ​។ ក្នុងការ​ដោះស្រាយ​គម្លាត​វ៉ាក់សាំង​ដ៏​ធំ​សម្បើម អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ឱ្យមាន សន្ធិសញ្ញា​ចង​តាមផ្លូវ​ច្បាប់ ដើម្បី​ភ្ជាប់​ការត្រៀម​លក្ខណៈ​សម្រាប់​ជំងឺ​រាតត្បាត ខណៈដែល​អគ្គនាយក អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​អំពាវនាវ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​របាំង​ពាណិជ្ជកម្ម បង្កើន​ការផលិត និង​ចែកចាយ​វ៉ាក់សាំង​ដោយ​គ្មាន​ការរារាំង ជំរុញ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ឯកទេស និង​គាំទ្រ ការលើកលែង​កម្មសិទ្ធិ​បញ្ញា​សម្រាប់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩៕ ដោយៈ​ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner