ឯកឧត្តមអភិបាលខេត្ត បានណែនាំនិងក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចំណុះរដ្ឋបាលក្រុងត្រូវតែពង្រឹងនូវការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋខ្លួនឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា និងគ្មានការរើសអើង

      នៅព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២១នេះ  ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំ និងបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចំណុះរដ្ឋបាលក្រុងត្រូវតែពង្រឹងនូវការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋខ្លួនឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា ដោយគ្មានការរើសអើង…។ជាមួយគ្នានេះ ក្នុងនោះក៏បានដាក់ចេញ នូវ វិធានការក្នុងការទប់ស្កាត់និងលុបបំបាត់ជនអនាថា ជនដែលមានសតិមិនល្អ និងក្មេងញៀនថ្នាំ ដែលតែងតែដើរពាសវាលពាសកាល ធ្វើឲ្យបាត់បង់របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងសង្គមនិងតែងតែបង្កនូវការភ័យខ្លាចដល់ប្រជាពលរដ្ឋ និរំខានដល់ភ្ញៀវទេសចរណ៍ដែលរស់នៅនិងមកស្នាក់នៅកំសាន្តចេញចូលក្នុងទីប្រជុំជនក្រុង-ខេត្តបាត់ដំបង កន្លងមក ចាប់ពីពេលនេះតទៅផងដែរ។

        ការដាក់ចេញនូវវិធានការបែបនេះ គឺធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះរដ្ឋបាលក្រុង កងកម្លាំង និងចៅសង្កាត់ទាំង១០ក្នុងក្រុងបាត់ដំបងបន្ទាប់ពីឯកឧត្តមមានវត្តមានជាលើកដំបូង ជាអភិបាលខេត្តបាត់ដំបង។

      ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងក្រុងបាត់ដំបង។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងទៅកាន់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងកម្លាំងសមត្ថកិច្ចទាំងអស់ថា៖បច្ចុប្បន្ននេះមានជនស្មារតីមិនល្អ មានបញ្ហាសតិ(វិកលចរិត) និងជនអនាថា មានច្រើននៅតាមដងផ្លូវ ក្នុងក្រុងបាត់ដំបង ដែលតម្រូវឲ្យអាជ្ញាធរក្រុងនិងមន្ទីរជំនាញពាក់ព័ន្ធត្រូវរួមគ្នាសហការអនុវត្ត និងមានវិធានការក្នុងការរៀបចំលុបបំបាត់និងរកដំណោះស្រាយឲ្យបាននូវអ្វី ដែលបានលើកឡើងនេះ។ ដូច្នេះដើម្បីរៀបចំនូវសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាសោភ័ណភាពក្នុងក្រុងឱ្យមានរបៀបរៀបរយ និងឲ្យមានការទាក់ទាញដល់សាធារណជន និងភ្ញៀវទេសចរណ៍គឺត្រូវរៀបចំធ្វើយ៉ាងណា ខិតខំលុបបំបាត់ កុំឱ្យមានជននិងបងប្អូនទាំងនេះ នៅតាមទីសារធាណៈ។ គឺត្រូវរៀបចំឱ្យពួកគាត់បានទទួល នូវ ការស្នាក់នៅ ការហូបចុក ការថែទាំសុខភាព ការព្យាបាលជំងឺ និង ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យនៅតាមមណ្ឌលស្តារនីតិសម្បទារបស់រដ្ឋក៏ដូចជាមណ្ឌលស្តារនីតិសម្បទា របស់បណ្តាអង្គការដែលជាដៃគូនានានៅក្នុងខេត្ត ។

       ជាមួយគ្នានេះ ឯកឧត្តម សុខ លូ ក៏បានប្ដេជ្ញាធ្វើយ៉ាងណារៀបចំសណ្តាប់ធ្នាប់តាមទីសារធាណៈឱ្យបានល្អប្រសើរ និងនាំយកជនមានបញ្ហាស្មារតី បញ្ហាសតិ(វិកលចរិត)និងជនអនាថា ចេញឱ្យអស់ពីទីសាធារណៈនៅក្នុងក្រុងបាត់ដំបង។ ហើយក្នុងនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏សំណូមពរ ឱ្យមានការចូលរួមពីគ្រប់អាជ្ញាធរគ្រប់ថ្នាក់នៅក្នុងមូលដ្ឋាន និងការចូលរួមគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ពីសប្បុរសជននិងពីបណ្តាអង្គការដៃគូពាក់ព័ន្ធនានា នៅក្នុងខេត្តបាត់ដំបងផងដែរ។ដោយបានជំរុញឱ្យមន្ទីរជំនាញ និង រដ្ឋបាលក្រុងបាត់ដំបង ធ្វើការសហការគ្នាក្នុងការធ្វើសម្រង់ស្ថិតិចំពោះជនមានបញ្ហាស្មារតី បញ្ហាសតិមិនល្អ(វិកលចរិត)និងជនអនាថានៅក្នុងក្រុងបាត់ដំបង ដើម្បីប្រជុំពិភាក្សានិងធ្វើការសិក្សាឱ្យបានលម្អិតច្បាស់លាស់ ក្នុងការរៀបចំគណៈកម្មការគ្រប់គ្រងមួយ និង ដើម្បីដោះស្រាយ ចំពោះជនមានបញ្ហាស្មារតី បញ្ហាសតិមិនល្អនិងជនអនាថា ទាំងនេះឲ្យបាន។ ជាមួយគ្នានេះឯកឧត្តម សុខ លូ ក៏បានជំរុញដល់អាជ្ញាធរនិងកងកម្លាំងក្នុងមូលដ្ខាន ត្រូវរួមសហការគ្នាក្នុងការបង្រ្កាបគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ដើម្បីសំដៅធានាក្នុងការអនុវត្តន៍ នូវគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព និងឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការផ្តល់ នូវ ភាពកក់ក្តៅនិងជំនឿជឿជាក់ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខ្លួន៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner