សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៉ី លើកទី៤, ពូទីន ទុកការងារអាស៊ាន ជាអាទិភាពរបស់លោក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៉ី លើកទី៤ នៅ រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ដែលជាកិច្ចប្រជុំចុងក្រោយ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅ ឆ្នាំ២០២១ ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ រយៈពេល៣ថ្ងៃ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក វ៉ាឌីមៀរ ពូទីន ប្រធានាធិបតីសហព័ន្ធរុស្ស៉ី និងប្រមុខដឹកនាំប្រទេសសមាជិកអាស៊ានដទៃទៀត លើកលែងតែមីយ៉ាន់ម៉ា មិនមានតំណែងចូលរួម ឡើយ។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលនេះប្រមុខរដ្ឋាភិបាលអាស៊ាន-រុស្ស៉ី បានអនុម័តទៅលើឯកសារសំខាន់ៗចំនួន៣ រួមមាន៖ ១៖ ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តទំនាក់ទំនងដៃគូយុទ្ធ សាស្ត្រអាស៊ាន-រុស្ស៉ីឆ្នាំ២០២១-២០២៥, ២៖ សេចក្តីថ្លែងការណ៍អាស៊ាន-រុស្ស៉ី ស្តីពីការកសាងតំបន់ប្រកបដោយសន្តិសុខ និង ចីរភាព និង៣៖ កិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៉ី លើផ្នែកដោះស្រាយ និងប្រឆាំងបញ្ហាគ្រឿងញៀនពិភពលោក។ ដោយសារ កម្ពុជា ជាប្រទេសសម្របសម្រួលដៃគូសន្ទនាអាស៊ាន និងរុស្ស៉ីនោះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានអញ្ជើញជាតំណាងឱ្យ អាស៊ាន អាននូវចំណាប់អារម្មណ៍រួមរបស់អាស៊ាននៅក្នុងកិច្ចប្រជុំនេះ ទៅកាន់លោកប្រធានាធិបតីរុស្ស៉ី នៅក្នុងកិច្ចប្រជុំនេះ ។

ក្នុងចំណាប់អារម្មណ៍នោះ បានគូសរំលេចលើបញ្ហាសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ, អាស៊ានយល់ថា ស្របពេលពិភពលោក បានឈានចូលក្នុងយុគសម័យថ្មីនៃបច្ចេកវិទ្យា, ការកសាងភាពជាដៃគូដ៏ជិតស្និទ្ធ និង រឹងមាំ ដើម្បីដោះស្រាយបញ្ហារួមនៅក្នុងវិស័យនេះ គឺពិតជាមានសារសំខាន់។ ក្នុងន័យនេះ អាស៊ានសូមសម្តែងនូវការពេញចិត្ត ចំពោះការរៀបចំកិច្ចសន្ទនាបច្ចេកវិទ្យា, គមនាគមន៍ និងព័ត៌មានអាស៊ាន-រុស្ស៉ី លើកទី១ ។

ជាមួយគ្នានេះ អាស៊ាន ថ្លែងអំណរគុណចំពោះការគាំទ្ររបស់រុស្ស៉ី ក្នុងការផ្ដល់វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន ដល់អ្នកជំនាញមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងលើកទឹកចិត្តឱ្យរុស្ស៉ី បណ្តុះបណ្តាលបន្ថែមទៀត។ អាស៊ាន រំពឹងថា នឹងទទួលការគាំទ្រពីរុស្ស៉ី ចំពោះចក្ខុវិស័យអា ស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងពិចារណាលទ្ធភាពសហប្រតិ បត្តិការលើវិស័យអាទិភាពផ្សេងទៀតរបស់អាស៊ាន ។

នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, អាស៊ាន និងរុស្ស៉ី ត្រូវអនុវត្តឱ្យបានពេញលេញ នូវផែនទីបង្ហាញផ្លូវដែលត្រូវបាន កែសម្រួល សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន-រុស្ស៉ី និងកម្មវិធីការងារពាណិជ្ជកម្ម និងការ វិនិយោគអាស៊ាន-រុស្ស៉ី ឆ្នាំ២០២១-២០២៥ ជាពិសេសការវិនិយោគ នៅក្នុងវិស័យម្ហូបអាហារ, កសិកម្ម, ការដឹកជញ្ជូន, ថាមពល និងទេសចរណ៍។ ស្របជាមួយនឹងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលបច្ចេកវិទ្យានឹងដើរតួនាទីសំខាន់, អាស៊ាន សូមស្វាគមន៍គំនិត ផ្ដួចផ្តើមរបស់រុស្ស៉ី ក្នុងការកំណត់យកឆ្នាំ២០២២ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា អាស៊ាន-រុស្ស៉ី ។

អាស៊ានក៏បានវាយតម្លៃខ្ពស់ចំពោះការងាររបស់រុស្ស៉ី ជាមួយនឹងគម្រោងទីក្រុងស្អាតអាស៊ាន និងសូមស្វាគមន៍សំណើគម្រោង ស្តីពីនវានុវត្តន៍ទីក្រុងស្អាត និងចីរភាព របស់អាស៊ាន-រុស្ស៉ី។ ជាមួយគ្នានេះដែរ អាស៊ានមានសេចក្តីសោមនស្ស ដែលភាគីទាំងពីរ បានឯកភាពលើកតម្កើងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ ដល់កម្រិតថ្នាក់រដ្ឋមន្ត្រី។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសង្គម-វប្បធម៌, អាស៊ាន អរគុណរុស្ស៉ី ដែលបានផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់អ្នកជំនាញផ្នែក សុខភាព មកពីបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងឆ្នាំ ២០១៩-២០២១ និងសូមលើកទឹកចិត្តឱ្យរុស្ស៉ីជួយគាំទ្រលើវិស័យនេះបន្ត ទៀត ជាមួយនឹងការជួយគាំទ្រនៅក្នុងការកសាង ធនធានមនុស្សទូទៅនៅក្នុងតំបន់ ។ អាស៊ានក៏ទន្ទឹងរង់ចាំការរៀបចំរួចរាល់ និង ការអនុម័តផែនការសកម្មភាព ផ្នែកអប់រំអាស៊ាន-រុស្ស៉ី ឆ្នាំ២០២១-២០២៥ ផងដែរ ។

ក្នុងកិច្ចប្រជុំនេះ លោកប្រធានាធិបតីរុស្ស៉ី បានលើកឡើងថា រុស្ស៉ី គាំទ្រតួនាទីស្នូលរបស់អាស៊ានលើយន្តការទាំងឡាយ ដែល អាស៊ាន បានបង្កើតឡើង ដូចជាវេទិកាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា, វេទិកាតំបន់អាស៊ាន, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិបូក ជាដើម។ លោកប្រធានាធិបតី ក៏បានលើកឡើងដែរថា លោកបានស្គាល់ប្រមុខរដ្ឋាភិបាលអាស៊ានជាច្រើន ហើយបានធ្វើការ ជាមួយគ្នារាប់ឆ្នាំមកហើយ ហើយលោកពិតជារីករាយចំពោះទំនាក់ទំនងដ៏ស៊ីជម្រៅរវាងអាស៊ាន និងរុស្ស៉ីនេះ។

លោកប្រធានាធិបតី បានគូសបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការអាស៊ាន និងរុស្ស៉ី គឺនៅត្រូវបន្តរក្សាសន្តិសុខ ស្ថេរភាព នៅក្នុង តំបន់។ លោកប្រធានាធិបតីរុស្ស៉ី បានចាត់ទុកការងារជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន គឺជាការងារអាទិភាពសម្រាប់ រូបលោក។ លោកប្រធានាធិបតី ក៏បានលើកឡើងដែរថា អ្វីដែលលោកបន្តជំរុញនោះ គឺកិច្ចប្រជុំពាក់ព័ន្ធនានារវាងអាស៊ាន និង រុស្ស៉ី។ កិច្ចប្រជុំនេះ ក៏បានលើកឡើងបញ្ហាសមុទ្រចិនខាងត្បូង និងវិបត្តិនៅមីយ៉ាន់ម៉ាផងដែរ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner