អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អ.ស.ប. ចំនួនបីរូប និយាយមិនពិតពីកម្ពុជា

ភ្នំពេញ:អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឆ្លើយតបទៅនឹងការអំពាវនាវរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួនបីរូបអំពីសិទ្ធិមនុស្សនៅកម្ពុជាថា ជារឿងមិនពិតនោះទេ ពីព្រោះជាគោលការណ៍សិទ្ធិមនុស្ស ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការផ្តន្ទាទោសអ្នកដែលប្រព្រឹត្តបទល្មើស គឺជាយន្តការនៃការអនុវត្តច្បាប់ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋ។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី០៣ ខែវិច្ឆិកានេះថា ជាគោលការណ៍ច្បាប់ក៏ដូចជាគោលការណ៍សិទ្ធិមនុស្ស ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការផ្តន្ទាទោសអ្នកដែលប្រព្រឹត្តបទល្មើស គឺជាយន្តការនៃការអនុវត្តច្បាប់ ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋ មិនមែនជាការរិតត្បិតសិទ្ធិសេរី ឬមួយក៏ជាការបំបិទសំឡេងប្រឆាំង ឬក៏ធ្វើទុក្ខបុកម្នេញសកម្មជននោះទេ។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា “សកម្មភាពនៃការប្រព្រឹត្តបទល្មើស ក៏មិនមែនជាការអនុវត្តសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យ ហើយក៏មិនត្រូវបានទទួលនូវការលើកទឹកចិត្ត និងការការពារដែរ។ ការអនុវត្តច្បាប់ដោយផ្អែកទៅលើទិដ្ឋភាពនីតិវិធីច្បាប់របស់កម្ពុជាតាមរយៈយន្តការរបស់តុលាការ គឺជាវិធានការច្បាប់ជាទូទៅ ដែលគេតែងតែប្រើប្រាស់នៅក្នុងសង្គមប្រជាធិបតេយ្យ នីតិរដ្ឋ។”

គួររំលឹកថា ថ្មីៗនេះក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួនបីរូប បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាឧបករណ៍ ដើម្បីផ្តន្ទាទោសលើអ្នកហ៊ាននិយាយអំពីសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកជំនាញសិទ្ធិមនុស្សទាំងនោះ រួមមាន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិនៃសេរីភាពបញ្ចេញមតិ និងទស្សនៈ អ្នកស្រី អាយរីន ខាន់ (Irene Khan) និងអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពរបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor)៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner