សារព័ត៌មានថៃ TNN Online៖ ផែនការធំរបស់កម្ពុជា គឺចង់ប្រែក្លាយក្រុងព្រះសីហនុអោយដូចទីក្រុងសិនជិន ទី ២ នៃអាស៊ាន

ព្រះសីហនុ៖ កម្ពុជាបានដើរផ្លូវដ៏វែងឆ្ងាយលើផែនការមេជាមួយវិទ្យាស្ថានសេដ្ឋកិច្ចចិន ដើម្បីត្រៀមប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងសិនជិន តាមការណែនាំរបស់ចិន ដោយបង្កើតជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុគោលបំណង”។

តំបន់សេដ្ឋកិច្ចពិសេសគំរូពហុគោលបំណង នៃអាស៊ីអាគ្នេយ៍នេះ នឹងផ្តល់សេវាកម្មគ្រប់ប្រភេទ រួមទាំងការក្លាយជាមជ្ឈមណ្ឌលសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ មជ្ឈមណ្ឌលដឹកជញ្ជូន មជ្ឈមណ្ឌលទេសចរណ៍ រម្មណីយ៍ដ្ឋានប្រណីត និងមជ្ឈមណ្ឌលនៃការច្នៃប្រឌិត។ យោងតាមគេហទំព័រ khmertimes ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការអចិន្ត្រៃយ៍ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានពិភាក្សាជាមួយលោក Xiao Sima ប្រធានវិទ្យាស្ថាន​នគរូបនីយកម្ម និង​ឌីហ្សាញ​ស៊ិនជិន​ (UPDIS) គ្រោងប្រែក្លាយក្រុងព្រះសីហនុទៅជាក្រុងសិនជិន ទី ២ នៃអាស៊ាន ដោយភាគីទាំងពីរបានចុះហត្ថលេខាតាមប្រព័ន្ធអ៊ីនធើណិត ដើម្បីឆ្ពោះទៅរកការកែប្រែមុខមាត់ថ្មីនៃទីក្រុងនេះ។ ផែនការមេនៃការអភិវឌ្ឍន៍នេះ គឺប្តូរក្រុងព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស និងឆ្ពោះទៅមុខតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មជាតិឆ្នាំ២០១៥-២០២៥ ផែនការបន្ទាន់នេះនឹងចំណាយពេល១៨ខែ ដើម្បីបង្កើតទីក្រុងឱ្យរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ ដោយចែកចេញជា ៤ដំណាក់កាលនៃការអភិវឌ្ឍន៍។

  • ដំណាក់កាលទី ១ ចាប់ផ្តើមប្រមូលទិន្នន័យ និងការស្ទង់ទីតាំង។
  • ដំណាក់កាលទី ២ វាយតម្លៃល្អ និងអាក្រក់ និងសរសេររបាយការណ៍បទបង្ហាញ។
  • ដំណាក់កាលទី ៣ រៀបចំសេចក្តីព្រាងផែនការមេ
  • ដំណាក់កាលទី ៤ គឺការបញ្ចប់គម្រោងផែនការមេ។

ម៉្យាងវិញទៀត លោក Xiao Shima ប្រធានវិទ្យាស្ថាន UPDIS បានបង្ហើបថា ក្រុមការងារអភិវឌ្ឍន៍ក្រុងព្រះសីហនុ គឺជាអ្នកដែលមានបទពិសោធន៍ខ្ពស់ដែលបានធ្វើការអស់រយៈពេលជាង ៣១ឆ្នាំ និងជាក្រុមដែលបង្កើតតំបន់សេដ្ឋកិច្ចពិសេសសិនជិន រហូតដល់ជោគជ័យ និងបានបង្កើតគម្រោងជាង ៥.៨០០នៅជុំវិញពិភពលោក។ វិទ្យាស្ថាន UPDIS នឹងស្វែងរកធនធានទាំងអស់ក្នុងការសាងសង់ រួមទាំងចំណេះដឹង បច្ចេកទេស បទពិសោធន៍ អ្នកជំនាញ និងមូលនិធិជាដើម។ លោក Xiao Shima បង្ហើបទៀតថា ក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងថ្មីមួយ។ វាជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មីរបស់កម្ពុជា។ វាជាទីក្រុងឆ្លាតវៃ។ ច្រកចេញ-ចូលអាស៊ាន វាជាទីក្រុងទំនើប និងគុណភាពខ្ពស់ ជាមួយនឹងនិរន្តរភាពលើគោលគំនិត នៃការផ្សព្វផ្សាយវឌ្ឍនភាពដល់ប្រជាជនអោយបានហ្មត់ចត់ ជាពិសេសលុបទីក្រុងកាស៊ីណូដែលមនុស្សជាច្រើនរិះគន់។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ទីតាំងទីក្រុងសិនជិន ទាំងពីរ ត្រូវបានរាជរដ្ឋាភិបាលគ្រោងទុកជាកន្លែងទាក់ទាញការវិនិយោគមកពីក្រៅប្រទេស ដែលប្រការនេះនឹងក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលដំណើរការស្របតាមបរិបទនយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា។ ផែនការមេសម្រាប់ការអភិវឌ្ឍន៍ទីក្រុងសិនជិន ទី ២ លើកនេះ ត្រូវបានអនុម័តដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅឆ្នាំ ២០១៩ បន្ទាប់ពីក្រុមហិរញ្ញវត្ថុ នៃវិទ្យាស្ថាន​នគរូបនីយកម្ម និង​ឌីហ្សាញ​ស៊ិនជិន​ (UPDIS) និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) បានរៀបចំកិច្ចប្រជុំដោយផ្ទាល់រហូតដល់បីដង ដើម្បីធ្វើការសិក្សា និងវាយតម្លៃគម្រោង។

យោងតាម​ទិន្នន័យ​ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ចាប់ពី​ឆ្នាំ​ ១៩៩៤ មកដល់​ពាក់កណ្តាល​ឆ្នាំ​ ២០២០ ខេត្ត​ព្រះសីហនុ​បាន​ទាក់ទាញ​ការវិនិយោគ​ជិត ៤ពាន់​លាន​ដុល្លារ​។ គិត​ត្រឹម​ខែឧសភា ឆ្នាំ​ ២០២០ ក្រុមហ៊ុន​ចំនួន ២០ បាន​អភិវឌ្ឍ​ឆ្នេរ និង​កោះ​ជាមួយ​នឹង​ការវិនិយោគ​ដើមទុន​សរុប​ចំនួន ៣,៩ពាន់​លាន​ដុល្លារ​។ ពី​ឆ្នាំ​ ២០០៧ ដល់​ខែកក្កដា ឆ្នាំ​ ២០២០ គម្រោង​វិនិយោគ​ ៨១៩ ត្រូវបាន​អនុម័ត​នៅក្នុង​ខេត្ត​ ក្នុង​នោះ​គម្រោង ២១៨ មាន​កម្ពស់​ចាប់ពី ៥ ទៅ​ ៤២ជាន់​។ កាលពី​ឆ្នាំ​ ២០១៩ ខេត្ត​ទទួលបាន​ទេសចរ​ប្រមាណ ២លាន​នាក់​៕ ប្រភព៖ TNN Online

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner