ការនាំចេញស្រូវ-អង្កររបស់កម្ពុជារកចំណូលបានជាង ៩៥៧លានដុល្លារ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១

ភ្នំពេញ៖​ សហព័ន្ធស្រូវ-អង្ករកម្ពុជា (CRF) បានអោយដឹងថា ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​ ២០២១​ កម្ពុជា​នាំចេញ​ស្រូវ និង​អង្ករ​ក្នុង​បរិមាណ​សរុប ៣លាន១១ម៉ឺន៩ពាន់៨២៩​តោន ដែលមាន​តម្លៃ​សរុប ៩៥៧,៣០​លាន​ដុល្លារ​។

ក្នុងនោះកម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទបានចំនួន ៤៦ម៉ឺន១៦៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៤៧លានដុល្លារទៅគោលដៅទីផ្សារចំនួន ៥៥ប្រទេស និងតំបន់ស្វយ័ត។ ដោយឡែក​ការនាំចេញ​ស្រូវ ​គឺមាន​ចំនួន ២លាន៦៥ម៉ឺន៩ពាន់៦៦០​តោន គិត​ជា​ប្រាក់​ប្រមាណ ៦៣៣,៨២លាន​ដុល្លារ​។ ទីផ្សារចម្បងមានចំនួន ៥ គ្របដណ្តប់ ៧៩.០៣% លើបរិមាណអង្ករនាំចេញសរុប រួមមានប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បាននាំចេញចំនួន ៤៩.៨០% ស្មើនឹង ២២ម៉ឺន៩ពាន់១៧៧តោន បារាំង ១១.០៧% ស្មើនឹង ៥ម៉ឺន៩៥១តោន ហ្កាប៊ុង ៧.៩៥% ស្មើនឹង ៣ម៉ឺន៦ពាន់៥៨៨តោន ម៉ាឡេស៊ី ៦.៦៦% ស្មើនឹង ៣ម៉ឺន៦៥៦តោន និងហូឡង់ ៣.៥៥% ស្មើនឹង ១ម៉ឺន៦ពាន់៣៣៨តោន។ ប្រភេទអង្ករនាំចេញនេះ មានដូចជា អង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៣២ម៉ឺន៤ពាន់៣៦៤តោន ឬ ៧៨.៩៨% នៃការនាំចេញសរុប ដែលក្នុងនោះអង្ករក្រអូបប្រណិតមាន ៤១% អង្ករក្រអូបធម្មតាមាន ៣៧.៨៩% អង្ករសគ្រាប់វែងមាន ២៩.៦៧ % អង្ករចំហុយមាន ១.៩៦ % និងអង្ករសរីរាង្គមាន ១.៤៤%។ ចំពោះការនាំស្រូវចេញគឺមានបរិមាណសរុបចំនួន ២លាន៦៥ម៉ឺន៩ពាន់៦៦០តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជា ៦៣៣.៨២លានដុល្លារ។ ទឹកប្រាក់សរុបទាំងការនាំចេញស្រូវ និងអង្ករក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១ មានប្រមាណជា ៩៥៧.៣០លានដុល្លារ។ សម្រាប់ខែតុលា ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករបានចំនួន ៤ម៉ឺន៩ពាន់៤៧១តោន មានកំណើនប្រមាណជា ៤.០៨% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងខែតុលា ឆ្នាំ២០២០។

សូមរំលឹកថា កាលពី​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប ៦៩ម៉ឺន៨២៩តោន​ដោយមាន​តម្លៃ ៥៣៩​លាន​ដុល្លារ កើនឡើង ១១,៤០ភាគរយ បើធៀប​នឹង​ឆ្នាំ ២០១៩​។ រីឯ​ការនាំចេញ​ស្រូវ​ក្រៅផ្លូវការ​មាន ២លាន២០ម៉ឺន៨ពាន់១២៦​តោន​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner