ក្រុមហ៊ុនអគ្គិសនីរដ្ឋចិនរំលឹកពីតុល្យភាពតិចតួចរវាងតម្រូវការ និងការផ្គត់ផ្គង់ថាមពល

ក្រុមហ៊ុន​អគ្គិសនី​​រដ្ឋ​​ចិន​​ដាស់តឿន​​ពី​តុល្យភាព​តិច​តួច​រវាង​តម្រូវ​ការ​ក្នុង​ការ​ប្រើប្រាស់​ថាមពល និង​ថាមពល​ដែល​ខ្លួន​កំពុង​តែ​មាន​សម្រាប់​ផ្គត់ផ្គង់​ សម្រាប់​រដូវ​រងា​ខាង​មុខ និង​រដូវ​ផ្ការីក​ឆ្នាំ​ក្រោយ។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

នៅ​ក្នុង​ឆ្នាំ​នេះ អាកាសធាតុ​នៅ​ចិន​អាច​នឹង​ត្រជាក់​ជាង​រាល់​ឆ្នាំ​នៅ​ភាគ​ខាង​ជើង ខណៈ​នៅ​ភាគ​ត្បូង​នឹង​មាន​កម្រិត​ទឹក​ភ្លៀង​តិច។

បន្ថែម​ពី​នេះ​ទៀត ក្រុមហ៊ុន​រដ្ឋ​បាន​និយាយ​ថា នៅ​ក្នុង​តំបន់​ ដែល​ខ្លួន​ផ្គត់ផ្គង់​អាច​នឹង​មាន​កង្វះ​ខាត​ថាមពល​ ដោយសារ​តែ​ថាមពល​ទាញ​យក​ពី​វារីអគ្គិសនី​ធ្លាក់​ចុះ ស្រប​ពេល​ការ​ប្រើប្រាស់​នឹង​កើន​ឡើង​ អំឡុង​ពេល​រដូវ​រងា។

ចាប់​តាំង​ពី​ខែ​ឧសភា មួយ​ភាគ​ធំ​នៅ​ប្រទេស​ចិន​បាន​រង​នូវ​កង្វះ​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់ ដោយ​សារ​តែ​ធ្យូងថ្ម​ឡើង​ថ្លៃ និង​ការ​ផ្គត់ផ្គង់​ថយ​ចុះ​ ដែល​ជា​លទ្ធផល​មក​ពី​សកម្មភាព​ឧស្សាហកម្ម​កើន​ឡើង​វិញ​។

យ៉ាងណាមិញ ទីផ្សារ​ធ្យូងថ្ម​ហាក់​មាន​ស្ថិរភាព​វិញ ក្រោយ​ពី​ចិន​មាន​វិធានការ​ក្នុង​ការ​ទប់ស្កាត់​មិន​ឱ្យ​ធ្យូងថ្ម​ឡើង​ថ្លៃ​ ក៏​ដូច​ជា​បង្កើន​ផលិត​កម្ម​ធ្យូង​ថ្ម។ ដោយសារ​តែ​រឿង​នេះ​ហើយ ទើប​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ត្រលប់​មក​សភាព​ធម្មតា​វិញ។ នេះ​បើ​តាម​ក្រុមហ៊ុន​អគ្គិសនី​រដ្ឋ​ចិន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner