Phumi Knhom Ep01៖ សាប៊ូធម្មជាតិ បុរាណឃែរ

ប្រជាជនខ្មែរមួយចំនួន បានចំណាកស្រុកទៅធ្វើការនៅឆ្ងាយពីផ្ទះ ដូចជាទៅទីក្រុង ឬទៅប្រទេសជិតខាងជាដើម។ ជាក់ស្តែង ធនធានធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ដែលមានស្រាប់លើដែនដីសុវណ្ណភូមិនេះ ត្រូវបានពួកគាត់មើល រំលង ដោយសារតែកត្តាចំណេះដឹង និងកង្វះបទពិសោធន៍ ឬ ជំនាញបច្ចេកទេសជាដើម។ ទាំងនេះអាចជាមូលហេតុដែលធ្វើឱ្យពលរដ្ឋខ្មែរភាគច្រើនមិនបានយល់ដឹងពីគុណតម្លៃ ហើយមិនមានសមត្ថភាព គ្រប់គ្រាន់ដើម្បីធ្វើឱ្យធនធានទាំងនោះមានប្រយោជន៍ក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

ដោយមានប្អូនស្រីជាអ្នកចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ហើយនាងត្រូវរស់នៅដោយបែកពីគ្រួសារ និងកូនៗ អតីតបុគ្គលិកក្រុមហ៊ុននៅរាជធានីភ្នំពេញម្នាក់បានសម្រេចចិត្តលាឈប់ពីការងាររបស់ខ្លួនដែលធ្វើមកជាងដប់ឆ្នាំ ហើយវិលត្រឡប់ទៅស្រុកកំណើតវិញ [ភូមិពង្រ សង្កាត់ កំពង់ស្វាយ ក្រុង​ សិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ] ដើម្បីផ្តោតលើគំនិតកែច្នៃធនធានធម្មជាតិដែលមានច្រើនលើសលប់ក្នុងសហគមន៍របស់ខ្លួន។ ចាប់ផ្តើមក្នុងឆ្នាំ២០១៩ ​គាត់បានចាប់ផ្តើមកែច្នៃធនធាននៅជុំវិញផ្ទះ ឱ្យទៅជាផលិតផលថែរក្សា សម្រស់ សក់និងស្បែក ដើម្បីផ្គត់ផ្គង់ប្រជាជនក្នុងស្រុក។ ដោយក្តីស្រលាញ់ផង និង សុបិនក្នុងការធ្វើប្រយោជន៍ ដល់សហគមន៍ផង ការខិតខំប្រឹងប្រែងដើម្បីកែច្នៃផលិតផលធម្មជាតិ នេះបានធ្វើឱ្យកញ្ញាសូរីដា ក្លាយខ្លួនជាសហគ្រិនក្នុងស្រុកម្នាក់ ដែលជួយការងារដល់ប្រជាជនក្នុងសហគមន៍ ហើយជាជាពិសេស នាងបានចូលរួមចំណែកកាត់បន្ថយ ការនាំចូលផលិតផល [ដែលផ្ទុកសារធាតុគីមី] ពីក្រៅប្រទេសផងដែរ។

គំនិតផ្តួចផ្តើមអាជីវកម្មនេះ គឺជាបទពិសោធន៍មួយសម្រាប់ឱ្យប្រជាជនកម្ពុជាចាប់ផ្តើមគិត និងផ្តល់តម្លៃទៅលើ ធនធានដែលខ្លួនមាន ហើយរិះរកវិធីរចនាកែខៃ ជាជាងនាំវត្ថុធាតុដើមចេញទៅក្រៅប្រទេសហើយ យកផលិតផលសម្រេចចូលមក ដោយសារតែការបង្កើតផលិតផលក្នុងស្រុកចូលរួមណែកយ៉ាងធំក្នុងការ ដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជនក្នុងតំបន់ដាច់ស្រយាល និងលើកទឹកចិត្តឱ្យប្រជាជនខ្មែរត្រឡប់មកបង្កើត ស្នាដៃដោយខ្លួនឯង។  សហគ្រិន ញឹម សូរីដា សង្ឃឹមថា នាងអាចផ្គត់ផ្គង់ផលិតផលរបស់ខ្លួនទៅផ្សារក្នុងស្រុក និងក្រៅប្រទេសប្រទេសនាថ្ងៃអនាគត។  នាងបន្ថែមទៀតថា នាងនឹងបន្តធ្វើជាបុគ្គលគំរូ និងផ្សព្វផ្សាយទៅប្រជាជនក្នុងតំបន់ឱ្យដាំដុះបន្ថែម ដើម្បីសង្វាក់ផលិតកម្ម និងនិរន្តរភាពនៃធនធានធម្មជាតិនៅកម្ពុជា។ 



អំពីកម្មវិធីភូមិខ្ញុំ

ភូមិខ្ញុំ ជាគម្រោងខ្សែវីដេអូឯកសារដែលផ្តិតយក និងឆ្លុះបញ្ចាំងអំពីសាច់រឿងរបស់បុគ្គល ឬរឿងរ៉ាវរបស់សហគមន៍ ដែលបានបង្កើតផលិតផលផ្សេងៗដោយប្រើប្រាស់គំនិតច្នៃប្រឌិត និងសេចក្តីស្រឡាញ់យ៉ាងពិតប្រាកដ។ តាមរយៈគម្រោងនេះ យើងបង្ហាញពីភាពជាគំរូរបស់សហគ្រិនក្នុងសហគមន៍ ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ភូមិស្រុក និងសហគមន៍របស់ខ្លួនឱ្យកាន់តែប្រសើរឡើង តាមរយៈការប្រើប្រាស់ចំណេះ ជំនាញ និងធនធាននៅជុំវិញខ្លួន ដោយបង្កើតការងារ និងបង្កើនចំណូលប្រចាំថ្ងៃរបស់ប្រជាសហគមន៍ក្នុងតំបន់តាមរយៈគំរូអាជីវកម្មរបស់ខ្លួន។ តាមរយៈគំរូអាជីវកម្មនេះទៀតសោត យើងក៏បង្ហាញគំនិតច្នៃប្រឌិតរបស់ពួកគាត់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាលើកស្ទួយដល់ប្រពៃណីទំនៀមទំលាប់ វប្បធម៍ និងមនុស្សធម៍ ដើម្បីសង្គមជាតិរីកចម្រើន។ 

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner