Phumi Knhom Ep02៖ ការចិញ្ចឹមជន្លេនជួយកែប្រែជីវភាពកសិករ

ភាគច្រើននៃប្រជាកសិករនៅតាមបណ្តាសហគមន៍ក្នុងប្រទេសកម្ពុជា នៅតែប្រើប្រាស់ទំនៀមទម្លាប់បុរាណក្នុងការធ្វើកសិកម្ម។ ដោយសារតែកត្តាចំណេះដឹង កសិករខ្មែរយើងមិនមានបច្ចេកទេសត្រឹមត្រូវដើម្បីធ្វើកសិករកម្មប្រកបដោយប្រសិទ្ធភាពឡើយ។ យោងតាមការមើលឃើញជាក់ស្តែង ពួកគាត់មិនទាន់មានលទ្ធភាពដើម្បីផលិតជីសម្រាប់ប្រើប្រាស់នៅឡើយទេ ហើយនេះជាកត្តាជំរុញចម្បងដែលឱ្យពួកគាត់ចំណាយប្រាក់​លើជីគីមីយកមកប្រើប្រាស់លើដំណាំ និងដីស្រែរបស់ពួកគាត់។ ការចំណាយនេះមិនបានហុចផលឱ្យគាត់ដូចការរំពឹងទុកឡើយ។ ជីគីមីមិនត្រឹមតែកាត់បន្ថយគុណភាពដីរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកសិករខ្មែរយើងខាតបង់ប្រាក់កាសជាច្រើន ដោយសារទិន្នផលដែលគាត់ទទួលបានសឹងតែមានអាចទូទាត់នឹងចំណាយថ្លៃជីដែលមានតម្លៃខ្ពស់។  

 តាមពិតទៅ ពួគគាត់មានកាកសំណល់ជាច្រើនដែលអាចផលិត កែច្នៃ ធ្វើជាជីធម្មជាតិបាន ដែលក្នុងនោះមានដូចជា៖ លាមកគោ ជ្រូក ក្របី និងកាកសំណល់ផ្ទះបាយជាដើម។ ប៉ុន្តែ ដោយសារមធ្យោបាយនេះតម្រូវឱ្យពួកគាត់ចំណាយពេលវេលាយូរ បូករួមនឹងបច្ចេកទេសថ្មីផង ពួកគាត់មិនមានពេល និងកម្លាំងគ្រប់គ្រាន់ដើម្បីផលិតវាឡើយ។

កំឡុងពេលចុះទៅស្ម័គ្រចិត្តនៅក្នុងភូមិមួយ [ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង]កាលពីឆ្នាំ២០១៨ និស្សិតសិក្សាជំនាញកសិកម្ម កញ្ញា សុខ សុធារតន៍ បានសង្កេតឃើញថាប្រជាកសិករនៅតំបន់នោះក៏មានបញ្ហាស្រដៀងគ្នានេះដែរ។ ដោយសារតែនាងមានជំនាញខាងផ្នែកនេះស្រាប់ នាងបានសម្រចចិត្តសាកល្បងជំនាញ ចំណេះដឹង និងបច្ចេកទេសដែលនាងមាន ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករ។



ក្រោយមក និស្សិតរូបនេះ បានជ្រើសយកបច្ចេកទេស ចិញ្ចឹមសត្វជន្លេន មកអនុវត្តន៍ជាមួយកសិករក្នុងសហគមន៍។ ប៉ុន្តែ ដោយសារវាជាបច្ចេកទេសប្លែកថ្មី កសិករក្នុងសហគមន៍ទាំងមូលពិបាកផ្លាស់ប្តូរទម្លាប់ និងគំនិតបុរាណដែលគាត់មាន ដោយពួកគាត់មានភាពខ្លាចរអានឹងសត្វជន្លេន ជាហេតុដែលធ្វើឱ្យពួកគាត់មិនយល់ស៊ីជម្រៅនៃគុណប្រយោជន៍ជាច្រើនរបស់វា។

ការចិញ្ចឹមសត្វជន្លេននេះ អាចផ្តល់ប្រយោជន៍ច្រើនដល់កសិករ ព្រោះសត្វជន្លេនអាចជួយបំលែងកាកសំណល់ផ្ទះបាយ លាមកសត្វនានា ទៅជាជីជន្លេន។ លើសពីនេះទៀត  សារធាតុក្នុងខ្លួនជន្លេន អាចជួយឱ្យដីមានជីជាតិល្អ ហើយអាចមន៍ជន្លេនក៏អាចប្រើប្រាស់សម្រាប់ដាក់ស្រែ និងចម្ការដំណាំផ្សេងៗ។​ ក្រៅពីនេះ ប្រជាកសិករអាចលក់អាចមន៍ជន្លេនដើម្បីបង្កើនប្រាក់ចំណូលផងដែរ ដោយសារតែវាមានតម្រូវការទីផ្សារខ្ពស់។  

ក្រោយពីចំណាយពេលជាងមួយឆ្នាំក្នុងការបញ្ជ្រាបចំណេះដឹងពីបច្ចេកទេសថ្មីនេះ មានតែកសិករប្រាំបីគ្រួសារប៉ុណ្ណោះ ដែលស្ម័គ្រចិត្តចូលរួមសាកល្បងដើម្បីចិញ្ចឹមសត្វជន្លេនវា។ ហើយនៅឆ្នាំ២០២០ កញ្ញា សុខ សុធារតន៍ ក៏មានលទ្ធភាពបង្កើតអាជីវកម្មតូចមួយ ជាមួយសហគមន៍កសិករទាំងប្រាំបីគ្រួសារខាងលើ​ ដោយឱ្យឈ្មោះថា “ជន្លេន”។ តាំងពីពេលនោះមក ពួកគាត់បានផលិតជីអាចម៍ជន្លេន និងពូជសត្វជន្លេន ដើម្បីផ្គត់ផ្គង់ទៅគ្រួសារដែលចាប់អារម្មណ៍ចង់ចិញ្ចឹម ទីផ្សារក្នុងស្រុក អ្នកដាំបន្លែធម្មជាតិជាដើម។

បច្ចុប្បន្ននេះ ពួកគាត់មានលទ្ធភាពផលិតជីជន្លេនបានខ្ទង់តោនជារៀងរាល់ខែ។ ស្ថាបនិក “ជន្លេន” រូបនេះ មានបំណងចង់ឃើញប្រជាពលរដ្ឋនៅគ្រប់ខេត្ត ចូលរួមសាកល្បង ចិញ្ចឹម សត្វជន្លេន  ដើម្បីចូលរួមចំណែកកែច្នៃកាកសំណល់ ដែលជួយលើកស្ទួយ ដល់វិស័យក សិកម្មនៅ កម្ពុជា ដោយវឌ្ឍនភាពនិង និរន្តរភាព។

អំពីភូមិខ្ញុំ

ភូមិខ្ញុំ ជាគម្រោងខ្សែវីដេអូឯកសារដែលផ្តិតយក និងឆ្លុះបញ្ចាំងអំពីសាច់រឿងរបស់បុគ្គល ឬរឿងរ៉ាវរបស់សហគមន៍ ដែលបានបង្កើតផលិតផលផ្សេងៗដោយប្រើប្រាស់គំនិតច្នៃប្រតិដ្ឋ និងសេចក្តីស្រឡាញ់យ៉ាងពិតប្រាកដ។   តាមរយៈគម្រោងនេះ យើងបង្ហាញពីភាពជាគំរូរបស់សហគ្រិនក្នុងសហគមន៍ ដែលបានចូលរួមចំណែកអភិវឌ្ឍភូមិស្រុក និងសហគមន៍របស់ខ្លួនឱ្យកាន់តែប្រសើរឡើង តាមរយៈការប្រើប្រាស់ចំណេះ ជំនាញ  និងធនធាននៅជុំវិញខ្លួន  ដោយបង្កើតការងារ និងបង្កើនចំណូលប្រចាំថ្ងៃរបស់ប្រជាសហគមន៍ក្នុងតំបន់តាមរយៈគំរូអាជីវកម្មរបស់ខ្លួន។ ហើយតាមរយៈគំរូអាជីវកម្មនេះទៀតសោត យើងក៏បង្ហាញគំនិតច្នៃប្រតិដ្ឋរបស់ពួកគាត់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាលើកស្ទួយដល់ប្រពៃណីទំនៀមទំលាប់ វប្បធម៍ និងមនុស្សធម៍ ដើម្បីសង្គមជាតិរីកចម្រើន។ 

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner