កម្ពុជានាំចេញទៅអូស្រ្តាលីមានតម្លៃ១៥០លានដុល្លារ កើនឡើងជាង៣៣% រយៈពេល១០ខែ ឆ្នាំ២០២១

ភ្នំពេញ៖ រយៈពេល១០ខែ ឆ្នាំ២០២១ កម្ពុជាបានចេញទំនិញទៅកាន់ប្រទេសអូស្រ្តាលី មានតម្លៃជាង១៥០លានដុល្លារ កើនឡើង៣៣.៦៥% បើទោះបីជាជួបនូវវិបត្តិកូវីដ១៩ ក៏ដោយ។ តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ចាប់ពីខែមករា ដល់ខែតុលា កម្ពុជានាំចេញទៅប្រទេសអូស្រ្តាលី ក្នុងទំហំទឹកប្រាក់ ១៥០,៨៦៦,៣១១.៨៣ដុល្លារ កើនឡើង ៣៣.៦៤% បើធៀបនឹងកាលពីឆ្នាំ២០២០ ដែលមានចំនួន១១២,៨៨៧,៨៣៣។

ចំណែកការនាំចូលពីអូស្រ្តាលីមកវិញនូវទំហំទឹកប្រាក់ ៨៧,៦៥១,៣០៦.២០ដុល្លារ កើនឡើង៣៨.៨៩% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងរយៈពេល១០ខែនេះ កើនដល់ ២៣៨,៥១៧,៦១៨.០៣ដុល្លារ កើនឡើង៣៥.៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា ថ្លែងថា ការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ កាន់តែសបញ្ជាក់ ពីការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងកម្ពុជា-អូស្រ្តាលី កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

កម្ពុជាបាននាំចេញទំនិញសំខាន់មួយចំនួន ទៅប្រទេសអូស្រ្តាលី រួមមានផលិតផលកសិកម្ម ផលិតផលកាត់ដេរ និងកង់ជាដើម ខណៈអូស្រ្តាលីវិញបាននាំចូលមកកម្ពុជា ភាគច្រើនជាទំនិញប្រើប្រាស់ គ្រឿងសំណង់ គ្រឿងយន្តកសិកម្ម និងចំណីអាហារជាដើម។

លោកលើកឡើងទៀតថា «ខ្ញុំនៅតែមានសុទិដ្ឋនិយមថា ទំហំពាណិជ្ជកម្មនេះ នៅតែមានការកើនឡើងនៅឆ្នាំ២០២២ទៀត ដោយសារឥឡូវនេះ កម្ពុជាកាន់តែរៀបចំខ្លួនរឹងមាំល្អ ដូចជាការបង្កើតនូវច្បាប់វិនិយោគថ្មី និងមានកិច្ចព្រមព្រៀងសេរីជាមួយប្រទេសជាដៃគូមួយចំនួនថែមទៀត ហើយការរៀបចំខ្លួន ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ដើម្បីរង់ចាំទទួល ហើយនឹងមានការសម្របសម្រួលពាណិជ្ជកម្មច្រើនទៀត នៅក្នុងប្រទេសយើង ហើយពិសេសមួយទៀត ដែលរាជរដ្ឋាភិបាលកំពុងតែគិត គឺគ្រោងនឹងបង្កើតតុលាការពាណិជ្ជកម្មមួយទៀត ដើម្បីជួយសម្រួលសម្រួល ដោះស្រាយវិវាទពាណិជ្ជកម្ម។ អីចឹងប៉ុន្មានចំណុចដែលខ្ញុំបានបញ្ជាក់នេះ ខ្ញុំគិតថា វិនិយោគគិនអូស្រ្តាលីក៏អាចនឹងធ្វើការពិចារណាបន្ថែមទៀត ទៅលើអ្វីដែលមានស្រាប់ និងបន្តពង្រឹង ឬបង្កើនការវិនិយោគក៏ដូចជាការនាំចេញ និងនាំចូលនូវទំនិញពីកម្ពុជាទៅ ក៏ដូចជាពីអូស្រ្តាលីមកកាន់កម្ពុជាដែរ»

ជុំវិញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលីនេះដែរ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារំពឹងថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី នឹងកាន់តែប្រសើរឡើងថែមទៀតនាពេលមុខ ជាពិសេសក្រោយពេលដែលកិច្ចព្រមព្រៀង RCEP ចូលជាធរមាននៅឆ្នាំក្រោយ ដែលនឹងជំរុញកំណើននាំចេញពីកម្ពុជា ទៅអូស្រ្តាលីកើនជាងមុន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner