ច្បាស់​ណាស់​! មេ​ឧទ្ទាម​ក្រៅច្បាប់ សម រង្ស៊ី គឺ​អ្នកដឹកនាំ​បណ្តុះ​ហិង្សា​!

ភ្នំពេញៈ លោក​ មុត ចន្ថា បាន​សរសេរ​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​នេះ​ថា ​អ្នកដឹកនាំ​នយោបាយ​និយម បង្ហាញ​គំរូ ឬ​បណ្តុះ​ផ្នត់គំនិត​និង​មនោគមវិជ្ជា​ស្អប់ខ្ពើម ហិង្សា រើសអើង ចោទ​មួលបង្កាច់ លាប​ពណ៌ និង​បង្កជម្លោះ​រមែង បានមក​វិញ​នូវ​គ្រាប់ពូជ​គ្មាន​គុណភាព​សម្រាប់​ការបន្ត​វេន ដើម្បីឱ្យ​ពួកគេ​ចូលរួម​និង​ធ្វើ​វិភាគទាន​ជួយ​ដល់​សង្គម​ឡើយ​។

​លោក មុត ចន្ថា ត្រូវបាន​គេ​ស្គាល់​ថា ជា​មនុស្ស​ដែលស្និទ្ធ​បំផុត​ជាមួយ​លោក កឹម សុខា ហើយក៏​ជា​អ្នក​រួម​ការងារ​ក្នុង​អតីត​គណ​​បក្ស​សង្គ្រោះ​ជាតិ​ជាមួយ​ទណ្ឌិត សម រង្ស៊ី ផងដែរ​។ ​ការសរសេរ​របស់លោក​ខាងលើនេះ គឺ​សំដៅ​ទៅលើ​មេ​ឧទ្ទាម​ក្រៅច្បាប់ សម រង្ស៊ី ដែល​កំពុងតែ​គេចខ្លួន​នៅក្រៅ​ប្រទេស​ដែល​តែងតែ​ញុះញង់ លាប​ពណ៌ និង​បង្កជម្លោះ​មិនចេះចប់​ចេះ​ហើយ រហូត​ធ្វើ​ឲ្យ​សកម្មជន និង​អ្នកគាំទ្រ​ខ្លួន​ជាប់ពន្ធនាគារ​។​

​លោក ចន្ថា បាន​បន្តថា អ្នកដឹកនាំ​នយោបាយ​និយម​វោហា​សាស្ត្រ​រិះគន់ និង​បរិហារ​ដោយ​មិន​ឈរលើ​អង្គហេតុ​ពិត​និង​មិន ក្នុង​ចេតនា​ស្ថាបនា តែងតែ​នាំមក​វិញ​នូវ​ភាព​ក្តៅ​ក្រហល់ក្រហាយ និង​ការឈឺចាប់​ដល់​ខ្លួនឯង អ្នកដទៃ និង​សង្គម​ទាំងមូល​។ អ្នកដើរ​តាម​នឹងត្រូវ​ទទួលរង​នូវ​ផលវិបាក ​និង​គ្រោះថ្នាក់​បីៈ រត់ចោលស្រុក ឬ​ស្លាប់ ឬ​ជាប់គុក​!​។

​អ្នកដឹកនាំ​នយោបាយ​និយម​ប្រើ​វោហា​សាស្ត្រ​រិះគន់ចោទមួលបង្កាច់ និង​លាប​ពណ៌ ដើម្បី​ចង់បាន​មកវិញ​នូវ​ការចូល​ចិត្ត ស្រឡាញ់ ប្រជាប្រិយភាព និង​ការគាំទ្រ តែងតែ​ទទួលបាន​ផល​បាប​ត្រឡប់​វិញៈ «​បង្កជម្លោះ បំផ្ទុះ​ជម្លោះ ហិង្សា អស្ថិរភាព អសន្តិសុខ និង​អ​សន្តិភាព​» ដល់​សង្គម គណបក្សនយោបាយ​ដែល​ខ្លួន​ដឹកនាំ ​និង​វិនាស​ដល់​ខ្លួន​ទាំង​ផ្លូវច្បាប់ ​និង​នយោបាយ​។​

​លោក មុត ចន្ថា បាន​បន្តទៀតថា អ្នកដឹកនាំ​នយោបាយ​និយម​បង្កើត​ព្រឹត្តិការណ៍ ឬ​ហេតុការណ៍ក្នុង​ចេតនា​ដណ្តើមបាន​នូវ​ការចាប់អារម្មណ៍​, កុំឱ្យ​អ្នកគាំទ្រ​ភ្លេចខ្លួន​, ទាញយក​តម្លៃ​និង​ប្រយោជន៍​នយោបាយ តែងតែ​នាំទុក្ខ​និង​គ្រោះថ្នាក់​ដល់​អ្នកគាំទ្រ ព្រោះ​គេ​ពង្វក់​ឱ្យ​អ្នកគាំទ្រ​ជឿ​តាម និង​ញុះញង់​រុញច្រាន​អ្នកគាំទ្រ​ចេញមករ​បន្ទរ​តាម ឬ​ចេញមក​ដើរ​តាមផ្លូវៈ «​ព្រឹត្តិការណ៍​យុទ្ធនាការ​នំ​បញ្ចុក​, ព្រឹត្តិការណ៍​៩​វិច្ឆិកា​២០១៩, ព្រឹត្តិការណ៍​ប្រកាស​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ក្រើ​ក​ឡើង​បែរ​ចុង​កាណុង​, ព្រឹត្តិការណ៍​ប្រកូក​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​» ជាដើម​។​

​អ្នកដឹកនាំ​នយោបាយ​និយម​សម្រេច​អ្វី ឬ​ធ្វើ​អ្វី​តាម​អារម្មណ៍​នឹកឃើញ​ និង​តាម​ទំនើងចិត្ត ប្រៀប​ដូច​ដេក​ឱប​គ្រាប់បែក​កំណត់​ម៉ោង និង​ដប​សាំង ដើម្បី​ដុត​បញ្ឆេះ​គណបក្សនយោបាយ​ដែល​ខ្លួន​ដឹកនាំ អ្នកដើរ​តាម និង​ខ្លួនឯង​ផ្ទាល់​។ អ្នកដឹកនាំ​នយោបាយ​និយម​ប្រើការ​ឈឺចាប់​របស់​អ្នកគាំទ្រ ដូចជាៈ ឈាម ការស្លាប់ និង​ការជាប់គុក​របស់​អ្នកគាំទ្រ ដើម្បី​ធ្វើជា​ឈ្នាន់​នយោបាយ​ចាប់យក​ឱកាស​និង​ប្រយោជន៍​នយោបាយ ឬ​ដើម្បី​បង្ខំ​ឱ្យ​អន្តរជាតិ​ដាក់​គំនាប ឬ​បង្ខំ​ឱ្យ​គូបដិបក្ខ​នយោបាយ​លះបង់​ប្រយោជន៍​នយោបាយ​ឱ្យ​ខ្លួន តាមរយៈ​ការចរចា ឬ​ធ្វើ​សម្បទាន​នយោបាយ តែងតែ​បរាជ័យ និង​បង្ក​ការឈឺចាប់​ឱ្យ​អ្នកគាំទ្រ​និង​ក្រុមគ្រួសារ​របស់​ពួកគេៈ រត់ចោលស្រុក និរាស​ព្រាត​ប្រាស​មនុស្ស​ជាទី​ស្រឡាញ់ជាប់គុក ជាដើម​។ អ្នកដឹកនាំ​នយោបាយ​និយម​អត្តនោម័ត ឬ​ស្តាប់​មនុស្ស​ជំនិត​ពីរ​បីនាក់​(​ក្រុម​អាមា​ត្យ​) ធ្វើជា​មូលដ្ឋាន​ក្នុងការ​សម្រេចចិត្ត​លើ​បញ្ហា​គោលជំហរ តែងតែ​នាំមក​នូវ​សេចក្តី​អន្តរាយ​ដល់​ស្ថាប័ន និង​សង្គម​ទាំងមូល​។​

​លោក ​មុត ចន្ថា បាន​លើកឡើងថា យុវជន និង​មនុស្ស​វ័យក្មេង គឺជា​អ្នក​បន្តវេន និង​ជា​អ្នកដឹកនាំ​អនាគត​! យុវជន និង​មនុស្ស​វ័យក្មេង​ដែល​ប្រឡូក​ក្នុង​កិច្ចការ​នយោបាយ​ និង​គណបក្ស ពុំគួរ​បណ្តោយ​ខ្លួន​ឱ្យ​អ្នកដឹកនាំ​ប្រើប្រាស់​ខ្លួន​ជា​សត្វ​សេក​ជេរ​បន្ទរ ឬ​ជិះ​លើ​ខ្នង​របស់​ពួកគេ​ជា​ឈ្នាន់ ដើម្បី​សម្រេច​មហិច្ឆតា​នយោបាយ​ទុច្ចរិត​។ បើសិនជា​អ្នក​ក្លាយជា​សត្វ​សេក អ្នកនឹង​ត្រូវ​រង​ទុក្ខ​ជំនួស​អ្នកដឹកនាំ​នយោបាយ ខណៈដែល​គេ​ដេក​បន្ទប់​គ្រែ​ពូក ម៉ាស៊ីនត្រជាក់ និង​ស៊ី​ស្តែក​សាច់គោ​ក្លែម​ស្រាក្រហម​ជួបជុំ​ក្រុមគ្រួសារ​របស់គេ​ដោយ​សប្បាយរីករាយ​៕
ដោយៈពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner