សំបុកសត្វស្លាបទឹកជាច្រើនប្រភេទ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្ត្រខេត្តតាកែវ មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងឆ្នាំ ២០២១នេះ

ក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាន និងអង្គការជីវិតស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ WWT ដែលកំពុងធ្វើការរួមគ្នាក្នុងការការពារ និងអភិរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងភូមិសាស្ត្រខេត្តតាកែវ បានរកឃើញថាសំបុកសត្វស្លាបទឹកជាច្រើនប្រភេទមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ ២០២១ នេះ។ នេះគឺជាការប្រកាសឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដោយយោងលើលទ្ធផលដែលទទួលបានពីមន្ត្រីអភិរក្ស។

ក្រុមអ្នកអភិរក្សបានរកឃើញថា ការជំរឿនសំបុកសត្វស្លាបជាសកម្មភាពអង្កេតតាមដានថ្មី ដែលត្រូវបានអនុវត្តន៍នៅទីតាំងពងកូននៃសត្វស្លាបទឹកក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងឆ្នាំ២០២០និង២០២១នេះ។ នៅក្នុងឆ្នាំ ២០២១ នេះ សំបុកសត្វស្លាបទឹកចំនួន ០៦ ប្រភេទត្រូវបានកត់ត្រាដែលក្នុងនោះរួមមាន៖ សំបុកសត្វចង្កៀលខ្យងចំនួន២៩៣១ សម្បុក ក្អែកទឹកតូចចំនួន ២៨៥ សំបុក សត្វខ្វែក ១៨០ សំបុក សត្វស្មោញ៣២ សំបុក ក្រសារប្រផេះ៣០ សំបុក សាធ្នង់២២ សំបុក។ បើប្រៀបធៀបនឹងឆ្នាំ២០២០ កន្លងមក ក្រុមអភិរក្សបានសង្កេតឃើញថា សំបុកសត្វទាំងនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ដែលបានបង្ហាញថា បឹងព្រែកល្ពៅ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សត្វស្លាបទឹករស់នៅនិងពងកូន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិរក្សរវាងមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន និងអង្គការ អង្គការជីវិតស្លាបអន្តរជាតិអង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ WWT។ ឯកឧត្តមបានថ្លែងថាកំណើនឡើងនូវប្រភេទ សត្វស្លាបទឹកទាំងនេះ គឺជាដំណឹងដ៏រីករាយបំផុតសម្រាប់រដ្ឋាភិបាល និងសម្រាប់ក្រុមអភិរក្សដែលបានបង្ហាញឱ្យឃើញពីភាពប្រសើរឡើងនៅក្នុងការងារការពារនិងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ និងប្រសិទ្ធភាពខ្ពស់ក្នុងការអភិរក្ស។

លោកប៊ូ វរសក្ស នាយកអង្គការBirdLife in Cambodia បានមានប្រសាសន័ថា៖ «តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់ដីសើមដ៏សំខាន់ស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គនៃប្រទេសកម្ពុជា តំបន់នេះគាំទ្រដល់ការរស់នៅរបស់សត្វស្លាបជាច្រើនប្រភេទក្នុងនោះមានសត្វស្លាប់កម្រនិងជិតផុតពូជដូចជា ចាបព្រៃវែង ត្រដក់ធំ និងក្រៀលជាដើម។ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់តំបន់នេះជាតំបន់អភិរក្សចាប់តាំងពីឆ្នាំ២០០៧មក យើងឃើញថាចំនួនសត្វស្លាបទឹកមួយចំនួនមានការកើនឡើង ជាពិសេសចាប់ពីឆ្នាំ២០២០សត្វស្លាបទឹកជាច្រើនប្រភេទដូចចង្កៀលខ្យង ស្មោញ ជាដើមបានកាច់សំបុកពងកូននៅតំបន់នេះកាន់តែច្រើនឡើងៗ នេះជាសញ្ញាដ៏ល្អដែលកើតចេញពីកិច្ចសហការប្រឹងប្រែងគ្រប់គ្រងនិងអភិរក្សតំបន់ដីសើមនេះដែលដឹកនាំដោយក្រសួងបរិស្ថាន»។ លោកបានបន្តថា ក្នុងនាមអង្គការដៃគូនិងដើម្បីរក្សាទីជម្រកសំខាន់ៗដែលមានក្នុងតំបន់ការពារដីសើមនេះ អង្គការBirdLife ត្រៀមខ្លួនក្នុងការចូលរួមជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរខែត្តតាកែវក្នុងការពន្លឿនការកំណត់ និងបែងចែកតំបន់គ្រប់គ្រងតំបន់ការពារទេសភាពនេះ។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា កំណើនប្រភេទសត្វនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានធ្វើឱ្យតំបន់នេះកាន់តែមានសារៈសំខាន់ និងមានការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការការពារ និងអភិរក្សតំបន់នេះ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ ព័ន្ធចូលរួមក្នុងការអភិរក្សតំបន់បឹងព្រែកល្ពៅនេះឱ្យបានគង់វង្ស និងចាត់វិធានការច្បាប់នានាប្រឆាំងនឹង អ្នកដែលទន្ទ្រានកាន់កាប់ដីអភិរក្សខុសច្បាប់ ដើម្បីរក្សាបាននូវទីជម្រក ក៏ដូចជាកន្លែងរកចំណី និងប្រភព ទឹកសម្រាប់សត្វរស់នៅជាពិសេស ប្រភេទសត្វស្លាបកម្រៗ។ លោកបានបន្តថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងសិក្សារៀបចំកំណត់តំបន់ និងបោះបង្គោលព្រំតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស ក្នុងនោះក៏មានប៊តំបន់ការពារ

គម្រោងអភិរក្សនិងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ ស្ថិតក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន (ដែលមានមន្ទីរបរិស្ថានខេត្តតាកែវ ជាសេនាធិការ) អង្គការជីវិតស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការWWT។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨៣០៥ ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្តតាកែវ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner