អ្នកភូមិភ្នំទំព័រដកហូតកណ្តៀងក្រវាញនិងធ្វើការអភិរក្សដើមក្រវាញ

រាជធានីភ្នំពេញ៖លោក យ៉ត ធឿក ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ ក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

       នៅពេលដល់រដូវប្រមូលផលក្រវាញ លោក យ៉ត ធឿក  និង ភរិយា តែងនាំគ្នាដើរឆ្លងកាត់ព្រៃភ្នំ តាមជ្រលងដងអូរ ប្រមាណពី១៥ ទៅ២០ គីឡូម៉ែត្រ ដើម្បីរកកណ្តៀងក្រវាញ (បណ្តូលដើមខ្ចី) សម្រាប់ទុកធ្វើម្ហូប និងមួយផ្នែកលក់ឱ្យអ្នកភូមិដើម្បីបង្កើនជីវភាពគ្រួសារបន្ថែមទៀត ក្រៅពីមុខរបរធ្វើស្រែចំការ។

        លោក យ៉ត ធឿក  និង ភរិយា ត្រូវធ្វើដំណើរពេញមួយថ្ងៃ ឬពេលខ្លះត្រូវស្នាក់នៅតាមផ្លូវ រយៈពេល២ឬ៣ថ្ងៃ បើសិនជាមានភ្លៀង ទឹកជន់លិចអូរ ដើម្បីរកបានកណ្តៀងក្រវាញចំនួនពី១០ ទៅ១៥គីឡូក្រាមតាមការបញ្ជាទិញពីអ្នកភូមិ និងពីឈ្មួញមកពីភ្នំពេញ។ ទោះធ្វើដំណើរយ៉ាងលំបាកកាត់ថ្ម បន្លាមុត និងរដូវភ្លៀងធ្លាក់រអិលយ៉ាងណាក្តី ប៉ុន្តែពួកគាត់ហាក់ស៊ាំជាមួយបរិយាកាសទៅកាន់ទីកន្លែងនោះដោយដើរដោយថ្មើរជើងមិនចេះនឿយហត់ឬនឿយណាឡើយ។អ្នកស្រុកនៅទីនោះហាក់ដូចស៊ាំ និងក្លាយជាទម្លាប់ ជាមួយការងារប្រចាំថ្ងៃនេះ។កណ្តៀងក្រវាញស្រស់ អាចលក់បានក្នុងតម្លៃចាប់ពី១៥០០០-២៥០០០រៀលនៅក្នុងមូលដ្ឋាន។

      លោក ទេស ថន ប្រធានសហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័របានបញ្ជាក់ថាប្រជាសហគមន៍នៅទីនេះភាគច្រើនប្រកបរបរកសិកម្មក្នុងនេះដូចជាការដាំបន្លែ ការចិញ្ចឹមសត្វសម្រាប់ដោះស្រាយជីវភាព។ក្រៅពីនេះពួកគាត់រកអនុផលព្រៃឈើដូចជា រកផ្សិត ទឹកឃ្មុំ និងដកហូតក្រវាញមួយចំនួនសម្រាប់ធ្វើម្ហូបនិងមួយផ្នែកទៀតបានលក់ចេញតាមការបញ្ជាទិញពីទីផ្សារនានាក្នុងមូលដ្ឋាន និងពីរាជធានីភ្នំពេញ។ លោកប្រធានសហគមន៍បានលើកឡើងថា ការដកហូតយកគម ឬ កណ្តៀងរបស់ដើមក្រវាញ ដែលដុះក្នុងព្រៃ គឺស្របតាមបច្ចេកទេស ដោយ មិនកាប់ដើម និងដកហូតតែពន្លកទំពាំង ដូចជាឬស្សី ដែលដុះចេះពីគល់នៃមើមក្រវាញប៉ុណ្ណោះ។ រយៈពេល១ខែ ឬ២ខែក្រោយគេអាចប្រមូលផលវាបានថែមទៀតនៅលើគល់ក្រវាញដដែល។

លោក ទេស ថន បានឲ្យដឹងដែរថា ប្រជាសហគមន៍បានចាប់ផ្តើមស្គាល់ពីតម្លៃនៃដើមក្រវាញ ដែលបានបង្កើនចំណូលក្នុងគ្រួសារគ្រប់រដូវ និងបានចូលរួមអភិរក្សក្រវាញនៅតាមតំបន់ជួរភ្នំ។ សហគមន៍បានរៀបចំបណ្តុះជាកូនក្រវាញ ដើម្បីយកទៅដាំក្នុងដីបម្រុងទុកប្រមាណជាង៥ហិចតាថែមទៀត។

កណ្តៀងក្រវាញមិនត្រឹមតែយកទៅធ្វើម្ហូបមានរសជាតិឆ្ងាញ់នោះទេ ប៉ុន្តែថែមទាំងមានអត្ថប្រយោជន៍ដូចជាឱសថ ព្រោះពេលទទួលទានហើយ គឺដើរខ្យល់ និងបែកញើសស្រួលខ្លួន។ តាមពិត ក្រវាញមាន២ប្រភេទ ដែលប្រភេទទី១ ដើមរបស់វាស្រដៀងនឹងដើមពន្លៃ ឬរំដេងដែលអ្នកស្រុកដាំនៅតាមផ្ទះផងដែរដែរ រីឯប្រភេទទី២ វាមានដើមខ្ពស់បែកមែកសាខាដូចដើមឈើដទៃ។ ចំពោះប្រភេទទី១ វាមានក្លិនក្រអូបប្រហើរ និងរសជាតិហឹរប្រហាតៗ អាចយកទៅធ្វើជាបន្លែ ដូចជា ឆា ឬស្ល ហើយធ្វើជាឱសថព្យាបាលជំងឺ ឬក៏យកទៅផលិតជាប្រេងខ្យល់ ប្រេងកូឡា និងឱសថកែរោគផ្សេងៗ ។ ចំណែកប្រភេទទី២ អ្នកស្រុកច្រើនតែទៅចាំងយកសម្បកមកដាំទឹកផឹក ឬចិញ្ច្រាំធ្វើជាឱសថបុរាណ ។ វាមានក្លិនក្រអូបប្រហើរដូចប្រភេទទី១ដែរ ។

                ភ្នំទំព័រ ជាតំបន់សម្បូរក្រវាញដុះច្រើននៅលើភ្នំ តាមជ្រលងដងអូរ មានសំណើម និងអាកាសធាតុត្រជាក់ ក្នុងរយៈកម្ពស់ពី៣០០ទៅ៦០០ម បើប្រៀបធៀបនឹងនីវ៉ូទឹកសមុទ្រ។ 

          ក្រវាញដុះជាលក្ខណៈធម្មជាតិច្រើន នៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង ក្នុងជួរភ្នំក្រវាញ។ ជាទូទៅ ប្រជាជនដែលរស់នៅតំបន់ភ្នំដែលមានក្រវាញដុះ គឺពួកគាត់តែងតែទៅបេះ ផ្លែក្រវាញ នៅចុងរដូវវស្សា ដើម្បីហាលទុកប្រើប្រាស់ជាថ្នាំនៅក្នុងគ្រួសារ និងលក់ទៅទីផ្សារ។ គេអាចប្រើប្រាស់ផ្លែក្រវាញ តាមរយៈការឆុងជាតែសម្រាប់ទទួលទានក្តៅៗ និងប្រើប្រាស់ជាគ្រឿងផ្សំក្នុងអាហារផងដែរ។ រុក្ខជាតិក្រវាញនេះ វាផ្តល់ផ្លែបានល្អ នៅពេលវាមានអាយុ ៤-៥ ឆ្នាំ និងបន្តផ្តល់ផ្លែរៀងរាល់ឆ្នាំរហូតដល់អាយុ ៥០ឆ្នាំ។

សូមបញ្ជាក់ថា កន្លងមកសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រទទួលបានការគាំទ្រពីគម្រោងនិរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថាន លើកិច្ចការងារមួយចំនួនរាប់ចាប់ពីការគាំទ្រដំណើរការនៃការរៀបចំឡើងវិញតំបន់ការពារធម្មជាតិ ការរៀបចំដាំស្តាររុក្ខជាតិក្រវាញឡើងវិញនិង ការពង្រឹងសមត្ថភាពគណៈកម្មការនិងសមាជិកសហគមន៍ក្នុងកិច្ចការពារគ្រប់គ្រងតំបន់ការពារធម្មជាតិនិងជំរុញជីវភាពសហគមន៍ឲ្យមានភាពប្រសើរឡើងដោយមានការផ្តល់ជាពូជមាន់និងពូជគោជាដើម៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner