អ្នកនាំពាក្យ៖ពន្ធនាគារជាទីកន្លែងអប់រំកែប្រែអ្នកទោសឱ្យក្លាយទៅជាមនុស្សល្អ មិនមែនជាទីកន្លែងរស់នៅសុខស្រួលមានអាហារឆ្ងាញ់ៗ និងមានការផ្តល់សេវាសុខាភិបាលបានប្រសើរដូចនៅក្នុងសហគមន៍នោះទេ
ភ្នំពេញៈអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សិទ្ធិជាមូលដ្ឋានអប្បបរមារបស់ជនជាប់ឃុំគ្រប់រូបត្រូវបានគោរព និងធានាការពាសិទ្ធិ។ ប៉ុន្តែពន្ធនាគារមិនមែនជាទីកន្លែងរស់នៅសុខស្រួល មានអាហារឆ្ងាញ់ៗ និងមានការផ្តល់សេវាសុខាភិបាលបានប្រសើរដូចនៅក្នុងសហគមន៍នោះទេ។
អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ឧត្តមអគ្គានុរក្ស១ នុត សវនា
អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ឧត្តមអគ្គានុរក្ស១ នុត សវនា បានបញ្ជាក់នៅ ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១ ថា “ជាមូលដ្ឋានអប្បបរមារបស់ជនជាប់ឃុំគ្រប់រូបត្រូវបានគោរព និងធានាការពារ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អាជ្ញាធរពន្ធនាគារក៏ទទួលស្គាល់ផងដែរថាពន្ធនាគារ គឺជាទីកន្លែងឃុំឃាំងមនុស្ស ដើម្បីអនុវត្តទោសព្រហ្មទណ្ឌ និងជាទីកន្លែងអប់រំកែប្រែអ្នកទោស ដើម្បីកែប្រែខ្លួនជាពលរដ្ឋល្អ មិនមែនជាទីកន្លែងរស់នៅសុខស្រួល មានអាហារឆ្ងាញ់ៗ និងមានការផ្តល់សេវាសុខាភិបាលបានប្រសើរដូចនៅក្នុងសហគមន៍នោះទេ”។ សេចក្តីថ្លែងការណ៍នេះ ជាការឆ្លើយតបទៅអតតីតជនជាប់ឃុំ ជាសកម្មជននយោបាយ សកម្មជនការពារសិទ្ធិមនុស្ស សង្គម និងបរិស្ថាន ដែលបានលើកយកមកនិយាយតាមបណ្តាញសារព័ត៌មាននាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
អ្នកនាំពាក្យដដែលបានបន្ថែមថា អាជ្ញាធរពន្ធនាគារសូមលើកទឹកចិត្តឱ្យអតីតជនជាប់ឃុំ មេត្តាកែប្រែខ្លួនជាពលរដ្ឋល្អ គោរពច្បាប់ឲ្យ បានត្រឹមត្រូវ និងគោរពតាមលក្ខខណ្ឌទាំងឡាយដូចមានចែងក្នុងសាលក្រមរបស់តុលាការ ចៀសវាងការប្រឈមនឹងវិធានការផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ដែលអាចឈានដល់ការនាំខ្លួនត្រឡប់មកឃុំនៅពន្ធនាគារវិញជាយថាហេតុ៕