ផ្សារបន្លែសុវត្ថិភាពចុងសបា្តហ៍ក្នុងខេត្តសៀមរាប

សៀមរាប៖ ផ្សារបន្លែសុវត្ថិភាពចុងសបា្តហ៍ខេត្តសៀមរាប ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់ក្នុងខេត្តសៀមរាប និងដើម្បីចូលរួមបង្កើនប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ក្រុមកសិករ មកពីបណ្តាសហគមន៍មួយចំនួនក្នុងខេត្ត។ មានទីតាំងស្ថិតនៅសួនច្បារមហាសណ្ឋាគារ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ផ្សារបានបញ្ជុះតម្លែរហូតដល់ ៥០% នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប មានប្រសាសន៍ថា ផ្សារនេះ បានការបើកឲ្យដំណើរការឡើងអស់រយ:ពេលជាង៣ឆ្នាំមកហើយ គឺដោយសារតែបានពិនិត្យឃើញថា ទីតាំងផ្សារបន្លែសុវត្ថិភាពចុងសបា្តហ៍នេះ យើងបានអនុវត្តល្អតាមការណែនាំរបស់ក្រុមការងារ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដើម្បីរៀបចំក្នុងគោលបំណងជួយជំរុញទីផ្សារ បន្លែសុវត្ថិភាពរបស់សហគមន៍នៅតាមបណ្តាស្រុក-ក្រុង ក្នុងខេត្តសៀមរាបនេះឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត និងជំរុញការគាំទ្រផលិតផលបន្លែរបស់កសិករខ្មែរ ឲ្យមានទីផ្សារ និងបង្កើនប្រាក់ចំណូលរបស់សហគមន៍ និងប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តែម្តង ហើយជាពិសេសនោះ គឺមានការពេញចិត្តពីប្រជាពលរដ្ឋក្នុង ការប្រើប្រាស់ និងបរិភោគ ដែលអាចកាត់បន្ថយការនាំចូលបន្លែផងដែរ។ លោក បានបន្តថា បច្ចុប្បន្នមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ជាខេត្តតភ្ជាប់នៃមណ្ឌលភូមិភាគពាយព្យ នៃគម្រោង អេមស៍ (AIMS) កំពុងជំរុញការផ្សារភ្ជាប់ក្រុមកសិករទៅនឹងទីផ្សារ ដែលបានអនុវត្តន៍លើផលិតផលមាន់ស្រែ និងសហគមន៍បន្លែសុវត្ថិភាពចូលរួមមកពីស្រុកចំនួន៧ គឺស្រុកជីក្រែង ស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និងក្រុងសៀមរាប ដោយបានសហការជាមួយមន្ទីរកសិកម្មខេត្ត សភាពាណិជ្ជកម្ម គម្រោងលាភ គម្រោង ASPIRE និងដៃគូរផ្សេងៗ ទៀត។ លោក ក៏បានលើកទឹកចិត្តដល់កសិករឱ្យខិតខំពង្រីកការដាំដុះបន្លែសុវត្ថិភាពឱ្យបានកាន់តែច្រើនទៅតាមតម្រូវការទីផ្សារនៅក្នុងប្រទេស និងក្រៅប្រទេសជាដើម។

សូមបញ្ជាក់ថា៖ ផ្សារលក់បន្លែសុវត្ថិភាពចុងសប្តាហ៍នេះ គឺបើកលក់រយៈពេល២ថ្ងៃ (សៅរ៍ និងអាទិត្យ) ចាប់ពីម៉ោង ៧:០០នាទី រហូតដល់ម៉ោង ១១:០០នាទីថ្ងៃត្រង់ ក្រៅពីនោះគឺពួកគាត់លក់នៅតាមផ្សារនានាក្នុងខេត្តសៀមរាបផងដែរ។ ជាមួយគ្នានេះ ប្រជាកសិករ បានលើកឡើងស្រដៀងៗគ្នា អំពីការលក់ដូរបន្លែធម្មជាតិ កន្លងមកយើងលក់ស្រួល លក់ដាច់ បានគួរសមក្នុងមួយព្រឹកៗ គឺយើងអាចលក់បានចាប់ពី ៥០ ម៉ឺនរៀល រហូតដល់ទៅ ១ លានរៀល៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner