នាយឧត្តមសេនីយ៍ សៅ សុខា៖ចាប់ខ្លួននាយទាហានជាន់ខ្ពស់ម្នាក់និងបក្ខពួក ពាក់ព័ន្ធករណីជួញដូរអាវុធ
ភ្នំពេញៈកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ខ្លួនមន្ត្រីយោធាពាក់ផ្កាយ១ម្នាក់ និងបក្ខពួកពាក់ព័ន្ធរក្សាទុកនិងជួញដូរអាវុធខុសច្បាប់ ដែលបានលាក់ទុកនៅក្នុងចម្ការមៀននៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាប់ព្រំដែនថៃ។ ការចាប់ខ្លួននេះនៅមុខភោជនីយដ្ឋាន ស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២១។
មន្រ្តីយោធាដែលប៉េអឹមចាប់ខ្លួនឈ្មោះ អូន ពិសិដ្ឋ ឋានន្តរសក្ដិ ឧត្ដមសេនីយ៍ត្រី នៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិ ពាក់ព័ន្ធពីបទ”រក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់” ដែលបានប្រព្រឹត្ដនៅឯខេត្ដបាត់ដំបងកន្លងមក។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថា ពាក់ព័ន្ធការឃាត់ខ្លួននាយទាហានជាន់ខ្ពស់ដែលពាក់ព័ន្ធទៅនឹងអាវុធដែលបានរកឃើញនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាប់នឹងព្រំដែនជាមួយប្រទេសថៃ គឺជាកិច្ចការសហការជាមួយកងរាជអាវុធហត្ថជាមួយនឹងនគរបាលជាតិ គឺបានធ្វើការឃាត់ខ្លួនបុគ្គលយោធិននៃកងរាជអាវុធហត្ថ ដែលមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ តាមចម្លើយរបស់ជនល្មើសដែលខាងនគរបាលបានចាប់ខ្លួនបាន។ ក្រោយធ្វើការឃាត់ខ្លួនសាកសួរ គឺមានការពាក់ព័ន្ធនឹងការជួញដូរ អាវុធដូចដែលខាងនគរបាលបានស៊ើបអង្កេតឃើញមែន ហើយក៏បានធ្វើការឃាត់ខ្លួននិងបានបញ្ជូនខ្លួនមនុស្សទាំងពីរនាក់ មានឧត្តមសេនីយ៍ត្រីម្នាក់ និងព្រិន្ទបាលឯកម្នាក់ទៅតុលាការ ហើយតុលាការបានឃុំខ្លួហើយ។
សូមជម្រាបថា កាំភ្លើងជាច្រើនដើមទៀត ត្រូវបានសមត្ថកិច្ចរកឃើញជាបន្តបន្ទាប់ ដែលបានលាក់ទុកនៅចំណុចចម្ការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយដែលត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញកាលពីថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២១៕
ដោយៈពលជ័យ