ប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានអនុម័តទៅលើសេចក្ដីថ្លែងការណ៍រួម ចំនួន ៦ចំណុច ដើម្បីរំលឹកខួប អនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ចិន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាសហប្រធាន និងជាអ្នករៀបចំកិច្ចប្រជុំនេះ ។

ប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានអនុម័តទៅលើសេចក្ដីថ្លែងការណ៍រួម ចំនួន៦ចំណុច ដើម្បីរំលឹកខួប អនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នេះ ។ នៅក្នុងសេចក្ដីថ្លែងការណ៍នេះ បានគូសបញ្ជាក់អំពីទំនាក់ទំនងរវាងអាស៊ាន-ចិន តាំងពីឆ្នាំ១៩៩១ មកម្ល៉េះ ហើយនៅ ក្នុងទំនាក់ទំនងអាស៊ាន-ចិននេះ គឺបានគូសបញ្ជាក់ពីការដែលចិន ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយ អាស៊ាន បានន័យថា ប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានឯកភាពគ្នាក្នុងការបង្កើតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-ចិន ដ៏មានសារៈសំខាន់ណាស់លើគ្រប់វិស័យទាំងអស់ ។

នៅក្នុងសេចក្ដីថ្លែងការណ៍នេះ ឯកសារសំខាន់ដែលប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានលើកឡើង គឺការទទួលស្គាល់ តួនាទីឈានមុខ តួនាទីស្នូលរបស់អាស៊ាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងឡាយ ជាពិសេស សន្តិសុខ និងសេដ្ឋកិច្ចនយោបាយនៅក្នុងតំបន់, យន្តការទាំងឡាយដែលអាស៊ាន បានបង្កើតឡើង ហើយប្រមុខរដ្ឋាភិបាល អាស៊ាន-ចិន បានគូសបញ្ជាក់ក្នុងការបន្តគាំទ្រនូវគោលការណ៍របស់អាស៊ាន ស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ។

មិនត្រឹមតែប៉ុណ្ណោះទេ ទំនាក់ទំនងទាំងអស់នេះ គឺប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានឯកភាពទី១- គឺជំរុញកិច្ច សហប្រតិបត្តិការអាស៊ាន-ចិន លើគ្រប់វិស័យ ដើម្បីកសាងតំបន់មួយដែលមានស្ថិរភាព សន្តិសុខ និងវិបុលភាព ។ ទី២- បញ្ជាក់សាជាថ្មីឡើងវិញអំពីសារៈសំខាន់នៃការរក្សាតួនាទីស្នូលរបស់អាស៊ាន នៅក្នុងមជ្ឈភាពតំបន់នេះ ហើយជាពិសេសទៀត គាំទ្រដល់ការធ្វើសមាហរណកម្មអាស៊ាន ក្នុងការកសាងសហគមន៍អាស៊ាន ជាពិសេស គាំទ្រ ដល់ការខិតខំរបស់អាស៊ាន ក្នុងការធ្វើយ៉ាងណាឲ្យអាស៊ាន ទទួលបាននូវចក្ខុវិស័យរបស់សហគមន៍អាស៊ាន ក្នុងឆ្នាំ ២០២៥។ ទី៣- ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ផ្សេងទៀត ដែលគូសបញ្ជាក់នៅក្នុងចក្ខុវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ជាពិសេស ក្នុងការអនុវត្ត និងជំរុញធ្វើយ៉ាងណា បន្តបង្កើតនូវជំនឿ ក៏ដូចជាយុទ្ធសាស្ត្រ នៃ កិច្ចសហប្រតិបត្តិការឈ្នះឈ្នះទាំងសងខាង។ ទី៤- បន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ជាពិសេស នៅក្នុង សម័យក្រោយកូវីដ19 នេះ ដែលធ្វើយ៉ាងណា ឱ្យមានផលប្រយោជន៍ទៅវិញទៅមក ហើយនិងការអភិវឌ្ឍដោយចីរភាព យូរអង្វែង។ ទី៥- ជំរុញកិច្ចសហប្រតិបត្តិការពេញលេញ និងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក និងធ្វើយ៉ាងណា ឲ្យកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ និងសន្តិសុខកាន់តែមានភាពស៊ីជម្រៅ។ ទី៦- បន្តស្វែងរកនូវមធ្យោបាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេសរវាងអាស៊ាន-ចិន, នៅក្នុងវិស័យមួយចំនួនដែលជាសេចក្ដីត្រូវការ និងជាតម្រូវការអាទិភាពរបស់អាស៊ាន និងសមាជិកអាស៊ានទាំងឡាយ។ លើសពីនោះ ភាគីទាំង២ ក៏បានគូសបញ្ជាក់ អំពីកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ និងសន្តិសុខ, វិស័យសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសង្គម ហើយជាចុងក្រោយ គឺកិច្ចសហប្រតិបត្តិការទៅលើ កម្រិតតំបន់និងអន្តរជាតិ។

នៅក្នុងកិច្ចសហប្រតិបត្តិការលើតំបន់ និងអន្តរជាតិនេះអាស៊ាន-ចិន បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្ត ក្នុងការគាំទ្រ ពហុភាគីនិយម ជាពិសេសទៀត នៅក្នុងការរក្សានៃយន្តការក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់នេះ ឲ្យមានលក្ខណៈ បើកចំហរ, បន្តគាំទ្រតួនាទីស្នូលរបស់អាស៊ាន នៅក្នុងយន្តការតំបន់ ហើយប្រមុខដឹកនាំអាស៊ាន-ចិន ជាពិសេស គឺ ភាគីចិន បានគាំទ្រអាស៊ាន នៅក្នុងការដើរតួនាទីធំជាងបច្ចុប្បន្ន ប្រសើរជាងបច្ចុប្បន្ន នៅក្នុងក្របខ័ណ្ឌអង្គការ សហប្រជាជាតិ ក្រុមនៃប្រទេស G20 និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅថា APEC នេះ។

ជារួម នៃកិច្ចប្រជុំនេះ គឺប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានផ្លាស់ប្ដូរមតិ ក្នុងការពិភាក្សានេះ បានន័យថា អាស៊ាន-ចិន បានបើកទំព័រថ្មីទៀតនៅក្នុងការពិនិត្យមើល នៃកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងភាពជាដៃគូរវាងអាស៊ាន-ចិន ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ហើយនិងប្រមើមើលទៅមុខនៃកិច្ចសហប្រតិបត្តិការ ដែលប្រទេសអាស៊ាន-ចិន ចាត់ទុកថា ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ។ នៅក្នុងន័យនេះដែរ ឯកឧត្តម ស៊ី ជិនពីង បានមានប្រសាសន៍ជាច្រើន ជាពិសេស ពាក់ព័ន្ធទៅនឹងការធ្វើយ៉ាងណា ឱ្យអាស៊ាន-ចិន នៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងតំបន់នេះ ជាពិសេស ក្នុងការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រវាងអាស៊ាន-ចិននេះតែម្ដង ។

នៅក្នុងកិច្ចប្រជុំនេះ អ្វីដែលសំខាន់ ឯកឧត្តម ប្រធានាធិបតីចិន បានគូសបញ្ជាក់ថា នៅក្នុងទំនាក់ទំនងអាស៊ាន-ចិននេះ ក្នុងរយៈពេល ៣០ឆ្នាំ គឺទាំងសងខាងមានការទទួលនូវអត្ថប្រយោជន៍ជាច្រើន ហើយឯកឧត្តមប្រធានាធិបតីចិន ក៏បាន គូសបញ្ជាក់អំពីអ្វីដែលសំខាន់ គឺថា អាស៊ាន-ចិន នៅបន្តគោរពគ្នាទៅវិញទៅមក ហើយនឹងជំរុញធ្វើយ៉ាងម៉េច ឲ្យកិច្ចសហប្រតិបត្តិការឈ្នះឈ្នះនេះ ចេញជាលទ្ធផលដែលជាផ្លែផ្កាសម្រាប់ទាំងសងខាង ហើយនឹងបន្តធ្វើយ៉ាងម៉េច រកមធ្យោបាយពង្រីកកិច្ចសហប្រតិបត្តិការទាំងសង្ខាងនេះ ។ មិនត្រឹមតែប៉ុណ្ណោះ ភាគីចិន ក៏បានគូសបញ្ជាក់អំពីអ្វី ដែលចិន នឹងធ្វើជាមួយគ្នានោះ គឺថា ធ្វើយ៉ាងណា កសាងភាពជាដៃគូនេះ ផ្អែកទៅលើការជំរុញសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ ហើយឯកឧត្តមប្រធានាធិបតីចិន ក៏បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង ដល់ប្រទេសដែលចិន ធ្លាប់ជួយបន្ថែម ១៥០លានដូស ហើយនឹងបន្ថែម ៥លានដុល្លារទៀត នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាននេះ ហើយនឹងជំរុញ ការផលិតវ៉ាក់សាំងរួមជាមួយគ្នា នឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ លំហសមុទ្រ ការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន និងការគ្រប់គ្រងគ្រោះមហន្តរាយផងដែរ ហើយជាពិសេសទៀត ក៏ជំរុញធ្វើយ៉ាងណា កសាងសមុទ្រចិនខាងត្បូងនេះ ឲ្យក្លាយជាសមុទ្រនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ។

លើសពីនេះទៀត ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក៏បានប្រកាសថា នឹងផ្ដល់ជំនួយ ១៥០០លានដុល្លារ ជាជំនួយ អភិវឌ្ឍន៍ដល់ប្រទេសអាស៊ាន រយៈពេល ៣ឆ្នាំខាងមុខនេះ ។ មិនត្រឹមតែប៉ុណ្ណោះទេ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ក៏បានប្រកាសដែរថា ចិននឹងនាំចូលផលិតផលពីបណ្ដាប្រទេសសមាជិកអាស៊ាននេះ ស្មើនឹងទឹកប្រាក់ ១៥០ ពាន់លានដុល្លារនៅពេលខាងមុខនេះ ហើយនឹងជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេស លើវិស័យតភ្ជាប់ជាមួយ អាស៊ាន-ចិន, សេដ្ឋកិច្ចឌីជីថល ហើយនឹងផ្ដល់ឲ្យអ្នកវិទ្យាសាស្ត្រវ័យក្មេងពីបណ្ដាប្រទេសអាស៊ាន ទៅសិក្សានៅ ប្រទេសចិន ចំនួន ៣០០នាក់ផងដែរ។ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ក៏បានជំរុញធ្វើយ៉ាងណា ឲ្យមានកិច្ចសហប្រតិបត្តិការលើវិស័យសង្គម វប្បធម៌ អប់រំ និងការបណ្ដុះបណ្ដាលទៅលើវិជ្ជាជីវៈផងដែរ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner