ក្រុមនិស្សិតគម្រោង Re-Five បង្កើតយុទ្ធនាការ ៦០ថ្ងៃ ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

ភ្នំពេញ៖ ក្រុមនិស្សិតគម្រោង Re-Five បានប្រកាសអំពីយុទ្ធនាការ «៦០ ថ្ងៃ៖ កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដើម្បីចូលរួមលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ។ អតិថិជនអាចទទួលបានការបញ្ជុះតម្លៃពី 10% រហូតដល់ 50% ពីហាងដែលជាដៃគូរក្នុងយុទ្ធនាការនេះ ដោយគ្រាន់តែយកដបទឹកផ្ទាល់ខ្លួនមកទិញភេសជ្ជៈ ជំនួសឲ្យការប្រើប្រាស់កែវនិងថង់ប្លាស្ទិក។

លោក នូ វិរៈ ជាអ្នកសម្របសម្រួលគម្រោងបានឲ្យដឹងថា ៖ « យុទ្ធនាការនេះត្រូវបានបង្កើតឡើងដោយឈរលើគោលដៅធំៗចំនួនពីរ។ ទីមួយ ផ្សព្វផ្សាយ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់សម្ភារៈដែលអាចប្រើប្រាស់ឡើងវិញបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកមួយដងបោះចោល។ ទីពីរ លើកទឹកចិត្តដល់ហាងភេសជ្ជៈ និងភោជនីយដ្ឋានឲ្យមានការបញ្ចុះតម្លៃរាល់អតិថិជនប្រើប្រាស់ដបទឹកផ្ទាល់ខ្លួន ឬដបទឹកប្រើប្រាស់ឡើងវិញបាន សម្រាប់ការវេចខ្ចប់អាហារ និងភេសជ្ជៈទាំងនោះ។ » លោកបានបន្ថែមថា បច្ចុប្បន្ននេះមានហាងប្រមាណ ២០ នៅក្នុងរាជធានីភ្នំពេញបានចូលរួមក្នុងយុទ្ធនាការនេះនឹងមានហាងភេសជ្ជៈធំៗចូលរួមជាបន្តបន្ទាប់ផងដែរ។

អតិថិជន អាចស្វែងរក ហាងលក់ភេសជ្ជៈដែលជាដៃគូសហការរបស់យុទ្ធនាការ តាមរយៈស្លាកកំណត់សម្គាល់នៃយុទ្ធនាការ ឬស្វែងរកទីតាំងហាងដែលនៅជិតបំផុតតាមរយៈ ផែនទីនាំផ្លូវក្នុងវេបសាយ www.refivecambodia.com ។ យុទ្ធនាការ «៦០ ថ្ងៃ៖ កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ» ក៏មានការរៀបចំសកម្មភាពផ្សព្វផ្សាយបន្ថែមទៀតដូចជា៖ ការផលិតវីដេអូអប់រំ ផ្ទាំងផ្សព្វផ្សាយឌីជីថល (Digital Poster) កម្មវិធីប្រកួតប្រជែងថតរូប (photo competition) និងកម្មវិធីចាប់រង្វាន់ (giveaway) នៅលើបណ្ដាញសង្គមដូចជា ហ្វេសបុក យូធូប Instagram និង Tik Tok ជាដើម។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការ «៦០ ថ្ងៃ៖ កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ» ជាយុទ្ធនាការគាំទ្រដល់គម្រោង «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា» ក្រោមការគាំទ្រពី ក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រដ្ឋាភិបាលប្រទេសជប៉ុន និងអង្គការយូអិនឌីភីប្រចាំកម្ពុជា។ Re-Five គឺជាគម្រោងឌីជីថលដែលផ្តួចផ្តើមដោយនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងបញ្ជ្រាប និងលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយអនុវត្តគោលការណ៍ 5Rs (បដិសេធមិនប្រើប្រាស់, កាត់បន្ថយ, ប្រើប្រាស់ឡើងវិញ, រំឭកឡើងវិញ និងកែច្នៃ)។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner