ស្រ្តីម្នាក់ត្រូវជនសង្ស័យមុខសញ្ញាប្រើប្រាស់គ្រឿងញៀនចូលផ្ទះលួចទ្រព្យសម្បត្តិចាក់ត្រូវជាច្រើនកាំបិតប៉ងសម្លាប់ តែស្រ្តីរងគ្រោះចាប់កន្ត្រាក់ប្រដាប់ភេទជនល្មើសបណ្តាលឱ្យឈឺចុកឆ្អល់ទើបស្រ្តីរងគ្រោះរំដោះខ្លួនគេចផុតពីសេចក្តីស្លាប់

ភ្នំពេញ៖
ស្រ្តីរងគ្រោះម្នាក់ត្រូវបានជនសង្ស័យសម្នាក់ចាក់ជាច្រើនកាំបិតប៉ងសម្លាប់ចោលខណៈជនសង្ស័យចូលផ្ទះលួចកាបូបលុយនិងគ្រឿងអលង្ការ តែស្រ្តីរងគ្រោះបានចាប់កន្រ្តាក់ប្រដាប់ភេទជនសង្ស័យបណ្តាលឱ្យឈឺចុកឆ្អល់ ទើបស្រ្តីរងគ្រោះរំដោះខ្លួនចេញពីក្នុងផ្ទះគេចផុតពីសេចក្តីស្លាប់។ជនសង្ស័យបន្ទាប់មកត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌកំបូលបង្រ្កាបចាប់ខ្លួន ហើយនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ចាប់បញ្ជូនយកទៅតុលាការចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ទោ ឈឹម សាវុធ អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលប្រាប់ឱ្យដឹងថា កាលពីព្រឹកទៀបភ្លឺថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងភូមិព្រៃតាប៉ុក សង្កាត់ឳឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ គឹមានអំពើប៉ុនប៉ងសម្លាប់និងប្លន់យកទ្រព្យសម្បត្តិនៅក្នុងផ្ទះស្រ្តីរងគ្រោះម្នាក់ឈ្មោះ វិត សុខន អាយុ៤៨ឆ្នាំ ដោយស្រ្តីរងគ្រោះត្រូវបានជនសង្ស័យម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនចាក់ស្រ្តីរងគ្រោះជាច្រើនកូនកាំបិតបណ្តាលឱ្យរងរបួសដើម្បីជាការព្រមានកុំឱ្យស្រ្តីស្រែកខណៈជនសង្ស័យចូលលួចទ្រព្យសម្បត្តិស្រ្តីរងគ្រោះ។នៅទន្ទឹមដែលជនសង្ស័យនិងស្រ្តីរងគ្រោះប្រតាយប្រតប់គ្នារុញស្រ្តីរងគ្រោះដួលលើឥដ្ឋការ៉ូដោយជនសង្ស័យឈរកន្ទែងជើងពីលើស្រ្តីរងគ្រោះធ្វើសកម្មភាពចាក់ទៅលើស្រ្តីរងគ្រោះ ស្រាប់តែស្រ្តីរងគ្រោះចាប់ទាញកន្រ្តាក់ប្រដាប់ភេទជនសង្ស័យមួយទំហឹងបណ្តាលជនសង្ស័យឈឺចុកឆ្អល់ បន្ទាប់មកស្រ្តីរងគ្រោះបានរំដោះខ្លួនពីបន្ទប់ក្នុងផ្ទះចេញក្រៅផ្ទះហើយស្រែកហៅឱ្យគេជួយ រំពេចនោះកូនស្រីស្រ្តីរងគ្រោះក៏រត់មកឃើញម្តាយប្រឡាក់សុទ្ធតែឈាមក៏ស្រែកឆោឡោ, ឃើញបែបនោះជនសង្ស័យក៏រត់ផ្លោះរបងខាងកើតគេចខ្លួនបាត់ ដោយបានបន្សល់ទុកកូនកាំបិតបត់០១ដើមនៅកន្លែងកើតហេតុ។ចំណែកស្រ្តីរងគ្រោះ ក៏ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ)។
លោកវរសេនីយ៍ទោ ឈឹម សាវុធ អធិការរងទទួលការងារព្រហ្មទណ្ឌប្រាប់ឱ្យដឹងទៀតថា បន្ទាប់ពីកើតហេតុខាងលើនោះរួចហើយក្រុមគ្រួសារស្រ្តីរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យដែលស្រ្តីរងគ្រោះស្គាល់មុខ ធ្លាប់រស់នៅក្បែរភូមិជាមួយគ្នាគឺឈ្មោះ ចំរើន ឧត្តម អាយុ៣១ឆ្នាំ រស់នៅភូមិពង្រ សង្កាត់ឳឡោក ខណ្ឌកំបូលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។ក្រោយពីទទួលបណ្តឹងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌកំបូលសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឳឡោក អនុវត្តតាមបញ្ជារបស់លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល ក៏ទៅឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍នគរបាលឳឡោក ។ប៉ុន្តែនៅពេលនោះជនសង្ស័យមិនឆ្លើយសារភាពទទួលកំហុសនោះទេ។ដោយមត្ថកិច្ចយោងតាមបណ្តឹងស្រ្តីរងគ្រោះនិងបំភ្លឺពីសាក្សីមួយចំនួនបានឃើញហេតុការណ៍ ជនសង្ស័យក៏ត្រូវបានចាប់ឃាត់ខ្លួនតាមបញ្ជារបស់ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក លឹម ប៊ុនហេង ដើម្បីកសាងសំណុំរឿងយកទៅចាត់ការតាមផ្លូវច្បាប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner