កម្ពុជា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ AFF U23 Championship 2022 ដោយរៀបចំនៅពហុកីឡដ្ឋានជាតិ មរតកតេជោ និងកីឡដ្ឋានព្រីនស៍

យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ បានប្រកាសអំពីការទទួលបានសិទ្ធិ​ធ្វើម្ចាស់ផ្ទះការប្រកួត​កីឡាបាល់​ទាត់ជើងឯកអាស៊ីអាគ្នេយ៍ យុវជនអាយុក្រោម ២៣ឆ្នាំ ឆ្នាំ២០២២ (AFF U23 Championship 2022) ជាផ្លូវការ​ហើយ ខណៈការប្រកួតនឹងរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡ​ដ្ឋានព្រីនស៍ របស់ក្លិបបាល់ទាត់វិសាខា។

ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC នាយឧត្តមសេនីយ៍ សៅ សុខា បានសម្ដែងនូវក្ដីរីករាយចំពោះ​ការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ហើយលោកក៏បានថ្លែងអំណរគុណសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដែលបានជឿជាក់ឲ្យកម្ពុជារៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះ ខណៈលោកបានសន្យានឹងរៀបចំការប្រកួត​ពាន​រង្វាន់យុវជនប្រចាំតំបន់មួយនេះ ឲ្យទទួលបានជោគជ័យថែមទៀតផង។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ចំពោះកាលបរិច្ឆេទនៃការប្រកួតគ្រោងនឹងប្រព្រឹត្ដទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយគ្រោងមានក្រុមសមាជិក AFF ចំនួន ១២ក្រុមចូលរួម រួមមានកម្ពុជា, ថៃ ,វៀតណាម, សិង្ហបុរី, មីយ៉ាន់ម៉ា ,ម៉ាឡេស៊ី ,ឥណ្ឌូនេស៊ី, ហ្វីលីពីន, ឡាវ, ទីម័រខាងកើត, ព្រុយណេ និងអូស្ដ្រាលី​ជាដើម។

នេះគឺជាព្រឹត្តិការណ៍អន្ដរជាតិផ្លូវការដំបូង ដែលនឹងប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាកន្លែងត្រៀម​ស្វាគមន៍ពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner