មនុស្ស​ជំនិត​លោក​កឹម សុខា ៖ ហេតុអ្វី​ផ្តល់​តម្លៃ​ឱ្យ​ទីស្នាក់ការ​ជាង​គណបក្ស​?

ភ្នំពេញៈ​ហេតុអ្វី​ផ្តល់​តម្លៃ​ឱ្យ​ទីស្នាក់ការ​ជាង​គណបក្ស​?​។ នេះ​ជា​ចំណងជើង​អត្ថបទ​របស់លោក មុត ចន្ថា ដែល​ត្រូវបាន​គេ ស្គាល់ថា ជាម​នុស្ស​ជំនិត​របស់លោក​កឹម សុខា​និង​មន្ត្រីជាន់ខ្ពស់​មួយរូប​ធ្លាប់​ប្រឡូក​ជោកជាំ​ក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០២១​ដោយ​រៀបរាប់​នូវ​ចំណុច​នីមួយៗ​ទាក់ទងនឹងមេឧទ្ទាមក្រៅច្បាប់​។​នេះគ្រាន់តែជាផ្នែកខ្លះនៃសំណេររបស់លោក។

លោក មុត ចន្ថា និង លោក កឹម សុខា (រូបថតឯកសារ)

​លោក​បានសរសេរថា យើង​គួរ​សិក្សា​អំពី​មូលហេតុ​ដែល​លោក សម រ​ង្ស៉ី និង​មនុស្ស​ជំនិត​របស់គាត់​ដូចជា​លោក អេង ឆៃអ៊ាង ដែល​កំពុងផ្តល់​សារសំខាន់ និង​តម្លៃ​លើ​ស្នាក់ការ​គណបក្ស​ជាង “​គណបក្ស​” និង “​ប្រធាន​គណបក្ស​”​។ លោក​រំលឹក​
​ថា គេ​នៅ​ចាំបាន​យ៉ាងច្បាស់​ថា រយៈពេល​ត្រឹមតែ​មួយថ្ងៃ​ក្រោយ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន ចាប់ខ្លួន​, លោក សម រ​ង្ស៉ី បានប្រកាស​ឱ្យ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់ ជាពិសេស​មន្ត្រី​ជាប់ឆ្នោត រួមទាំង​តំណាងរាស្ត្រ​សមាជិក ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទើប​ជាប់​ថ្មី​ទាំង ៥.០០៧ អាសនៈ ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​-​ខណ្ឌ និង​រាជធានី​-​ខេត្ត​ឱ្យ​ចាក​ចេញពី ប្រទេស​។ ទង្វើ​នេះ​បានបង្ហាញ​សក្ខីកម្ម​យ៉ាងច្បាស់​ថា លោក សម រ​ង្ស៉ី មិនបាន​ផ្តល់​សារសំខាន់​និង​តម្លៃ​ដល់​លោក កឹម សុខា ក្នុងនាម​ជា​ប្រធាន​គណបក្ស និង​គ្មាន​ចេតនា​ជំរុញឱ្យមាន​ការតស៊ូ​ដោយ​អហិង្សា​អ្វី​ទាំងអស់​នៅក្នុង​ប្រទេស សំដៅ​ទាមទារ​ឱ្យមាន​ការដោះលែង​ឡើយ​។ លោក សម រ​ង្ស៉ី និង​អ្នកគាំទ្រ​របស់គាត់​មានបំណង​បញ្ចប់ជីវិត​របស់លោក កឹម សុខា ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ពី​ឆាកនយោបាយ​ឱ្យ​ដេក​ក្នុង​ពន្ធនាគារ ជា​រៀងរហូត​។​

​លោក ចន្ថា បន្តទៀតថា នៅមុន​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក សម រ​ង្ស៉ី នៅតែ​ប្រកាស​ឱ្យ​ថ្នាក់ដឹកនាំ​បក្ស និង​មន្ត្រី​ជាប់ឆ្នោត​ទាំងអស់​រត់ចេញ​ក្រៅប្រទេស​នៅក្រោម​លេស​បញ្ចៀស​នូវ​ការ​គំរាម កំហែង និង​ការទិញ​ទឹកចិត្ត​ឱ្យ​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច​។ សំខាន់​ជាងនេះទៀត លោក សម រ​ង្ស៉ី​បាន​បញ្ជា មក​ក្រុម​មេធាវី​គណបក្ស​មិនឱ្យ​ចូលខ្លួន​ទៅ​តតាំង​ក្តី​ក្នុងពេល​សវន​ការ​របស់​តុលាការ​កំពូល​ដោយ​បើកឱកាស​ឱ្យ​ក្រុម​មេធាវី​ដើមបណ្តឹង​ដែល​ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ហេតុផល​គ្រប់យ៉ាង​និង​ភស្តុតាង ដើម្បី​ដាក់បន្ទុក​ដោយ​សេរី ក្នុងការ​ទាមទារ​រំលាយ​គណបក្ស​។ រីឯ​តុលាការ​កំពូល​ក៏បាន​សម្រេចសេចក្តី​ដោយ​ងាយស្រួល ខណៈដែល​ចុងចោទ ឬ​ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​ចុងចោទ​ពុំមាន​វត្តមាន​តតាំង​ក្នុង​សវន​ការ​។ ទង្វើ​នេះ​បានបង្ហាញ​និង​បញ្ជាក់​យ៉ាងច្បាស់​ថា​លោក សម រ​ង្ស៉ី មាន​ចេតនា​ចង់ឱ្យ​តុលាការ​រំលាយ​គណបក្ស នៅក្រោម​ទ្រឹស្តី «​នំ​អញ​មិនបាន​ស៊ី អញជាន់​ចោល​!»​។

​គួរ​កត់សម្គាល់ថា លោក សម រ​ង្ស៉ី​បាន​លាលែង​ពីមុខ​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ពី​សមាជិកភាព​ទាំងអស់ ក្នុង​គណបក្ស នៅ​ខែកុម្ភៈ ឆ្នាំ​២០១៧ និង​ស្របពេល​ជា​គ្នា​នេះដែរ​គាត់​ក៏​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ដែល​គាត់ ដឹង​ច្បាស់​ជាមុន​ថា​មិនអាច​វិល​ត្រឡប់មក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​បានទេ ហើយ​គាត់​ក៏​មិន​ចង់ឱ្យ​លោក កឹម សុខា បន្ត​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​គ្មាន​វត្តមាន​របស់គាត់​ដែរ ព្រោះ​គាត់ និង​មនុស្ស​ជំនិត​ព្រួយបារម្ភ​ចំពោះ​លោក កឹម សុខា​លេប​យក​គណបក្ស​នេះ​ទាំងស្រុង​។​ដូច្នេះ​គាត់​មាន​ចេតនា​បើកដៃ​រុញឱ្យ​តុលាការ​កំពូល​រំលាយ​គណបក្ស​ដោយ​ស្រួល ដោយ​គ្មាន​ការ​តតាំង​លើ​សមរភូមិ​ច្បាប់​និង​តុលាការ​។​

​លោក ចន្ថា បន្តថា​សហគមន៍​អន្តរជាតិ​បាន​ចោទសួរ​អំពី​មូល​ហេតុដែល​គណបក្ស​មិន​ព្រម​ចាត់តាំង​ក្រុម​មេធាវី​ទៅ​ការពារ នៅក្នុង​សវន​ការ ប៉ុន្តែ​ចម្លើយ​ពី​លោក សម រ​ង្ស៉ី និង អេង ឆៃអ៊ាង​គឺ​«​មិន​ចង់​ផ្តល់​ភាពស្របច្បាប់​ដល់​ការរំលាយ​របស់ តុលាការ​កំពូល​ហើយ​ថា​ប្រសិនជា​ចាត់​ក្រុម​មេធាវី​ទៅ​ការពារ​ក៏​គង់តែ​ត្រូវគេ​រំលាយ​ដដែល​»​។​ចម្លើយ​នេះ​ត្រូវបាន​ចំអក​ឱ្យ​ថា គណបក្ស​គ្មាន​យុទ្ធសាស្ត្រ​ច្បាប់​។​

នៅមុន​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះដែរ លោក សម រ​ង្ស៉ី​បានប្រកាស​ឌឺដង​ពី​ក្រៅប្រទេស​ដាក់​ប្រមុខ​រាជ​រដ្ឋា ភិ​បាល​គឺ​សម្តេច​ហ៊ុនសែន​ថា​មិន​ហ៊ាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​ព្រោះ​សហគមន៍​អន្តរជាតិ​មិន​អនុញ្ញាតឱ្យ​ធ្វើបែបនេះ​ជាដាច់ខាត​។ លោក សម រ​ង្ស៉ី ក៏បាន​និយាយ​ផ្គើន​ម្តង​ហើយ​ម្តង​ទៀតថា «​សម្តេច ហ៊ុន សែន មិន​ហ៊ាន​រំលាយ ហើយ​ប្រសិនជា​ក្លាហាន​រំលាយ​សាក​មើលទៅ​ដឹង​ហើយ​!»​។ ចំណុច​នេះ​បញ្ជាក់​យ៉ាងច្បាស់​ថា លោក សម រ​ង្ស៉ី មានបំណង​បង្ក​កំហឹង ដើម្បី​ដាក់​សម្ពាធ​ជំរុញ​ឱ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យខាងតែបាន​៕ ដោយៈ ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner