សម្តេច​ក្រឡាហោម ស ខេង អនុញ្ញាត​ឲ្យ​លោក ឃឹម ឡា​គី បង្កើត​គណបក្ស​អនាគតជាតិ​

​ភ្នំពេញៈ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ​លោក ឃឹម ឡា​គី អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​គណបក្ស​អនាគតជាតិ​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃទី​២៤ ខែ វិច្ឆិកា ឆ្នាំ​២០២១ នេះ​។​ការអនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​អនាគតជាតិ បាន​ធ្វើឡើង​បន្ទាប់ពី​លោក​ឃឹម ឡា​គី បានដាក់​ពាក្យ សុំ​បង្កើត​គណបក្ស​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១​។​

លោក ឃឹម ឡាគី (រូបថដឯកសារ)

​សម្តេច​ក្រឡាហោម ស ខេង បានធ្វើ​លិខិត​ចុះ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ជម្រាប​ទៅ​លោក​ឃឹម ឡា​គី ថា ផ្អែក​តាម បញ្ញត្តិ​មាត្រា​៩ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ក្រសួងមហាផ្ទៃ​សម្រេច​អនុញ្ញាតឱ្យ​បង្កើត “​គណបក្ស​អនាគតជាតិ​” សរសេរ​ជា​អក្សរ​កាត់ គ​.​អ​.​ជ​. និង​មាន​អាសយដ្ឋាន​នៃ​ទីស្នាក់ការ​កណ្តាល​ស្ថិត នៅ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។ ដូច្នេះ ដើម្បី​ទទួលបាន​សុពលភាព និង​អាចធ្វើ​សកម្មភាព​បាន​ដោយ​ស្របច្បាប់​ក្នុងឋានៈ​ជា​នីតិបុគ្គល នៅក្នុង​រយៈពេល​១៨០ (​មួយរយ​ប៉ែតសិប​) ថ្ងៃ បន្ទាប់ពី​បាន​បង្កើត​រួចហើយ គណបក្ស​អនាគតជាតិ ត្រូវ​រៀបចំ​បែបបទ និង​បំពេញ​លក្ខខណ្ឌ​ស្នើសុំ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ស្របតាម​បញ្ញត្តិ​មាត្រា​៩ មាត្រា​១៨​ថ្មី មាត្រា​១៩​ថ្មី និង​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​

​គួរ​បញ្ជាក់ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២១ បាន​យល់​តាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងការ​ផ្តល់​សិទ្ធិ​នយោបាយ​ឡើងវិញ​ដល់​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ពីររូប គឺ​លោក​ឃឹម ឡា​គី និង​លោក​ម៉ៅ សុផល​។​

​គិត​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ មាន​មន្ត្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​២៦​រូប​ហើយ​ដែល ទទួលបាន​នីតិសម្បទា​ឡើងវិញ​។​ក្នុងចំណោម​ជាង​២០​រូបនោះ មាន​ក្រុម​និយម កឹម សុខា និង​ក្រុម​និយម សមរង្ស៊ី​។​
ដោយ​ក្នុងចំណោម​អ្នកទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ​គឺមាន​មួយចំនួន​បាន​បង្កើត​គណបក្សនយោបាយ​ដោយ​ខ្លួនឯង​និង​ខ្លះ​បាន​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ដែល​បង្កើត​ថ្មី​ដោយ​ពួកគេ​មិន​រង់ចាំ​ខ្មោច​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ​នោះទេ​។

​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បង្កើត​គណបក្ស​ថ្មី​មានដូចជាៈ លោក រៀល ខេ​ម​រិ​ន្ទ្រ អតីត​តំណាងរាស្ត្រ ទទួលបាន​នីតិសម្បទា​ឡើងវិញ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ បង្កើត​គណបក្ស​ខ្មែរ​អភិរក្ស​។ លោក ជីវ កត្តា អតីត​តំណាងរាស្ត្រ ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​បង្កើត​គណបក្ស ខ្មែរ​ស្រលាញ់​ជាតិ​។ លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ បង្កើត​គណបក្ស​កែទម្រង់​កម្ពុជា​។ លោក​ថាច់ សេដ្ឋា ទទួលបាន​នីតិសម្បទា​ឡើងវិញ​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ ប្រភព​អះអាងថា បង្កើត​គណបក្ស​បេះដូង​ជាតិ ជាមួយ​លោក​សៀម ភ្លុក តែ​បន្ទាប់ពី​បែកការណ៍​រឿង​មេ​ទ្ទាម សម រង្ស៊ី , អេង ឆៃអ៊ាង ឲ្យ​បង្កើត​គណបក្ស​នេះ លោក​ថាច់ សេដ្ឋា ក៏បានរ​ត់ទៅ​ចូល​ជាមួយ​គណបក្ស​ភ្លើងទៀន​។ លោក​យ៉ែម បុញ្ញឫទ្ធិ ទទួលបាន​នីតិសម្បទា​ឡើងវិញ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ បង្កើត​គណបក្ស​កម្ពុជា​និយម​។ លោក​ឃឹម ឡា​គី ទទួលបាន​នីតិសម្បទា​ឡើងវិញ កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២១ បង្កើត​គណបក្ស​អនាគតជាតិ​៕ ដោយៈ ពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner