មុត ចន្ថា​:​គ្មាន​ច្បាប់​ឬ​ប​ញ្ញ​តិ​ប្រតិបត្តិ​ណាមួយ​ដែល​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​អាមេរិក​អាច​ប្តឹងទៅ​តុលាការ​សហព័ន្ធ ដើម្បី​ដកហូត​ពី​ពលរដ្ឋ​អាមេរិក​ដើមកំណើត​បរទេស​ដោយ​សារ​តែ​បុគ្គល​ណា​ម្នាក់​គាំទ្រ ឬ​ធ្វើជា​មន្ត្រី​បម្រើឱ្យ​រដ្ឋាភិបាល​បរទេស​ដែលជា​ប្រទេស​កំណើត​ខ្លួន​ឡើយ​

​ភ្នំពេញៈ​លោក មុត ចន្ថា នៅ​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំនេះ​បានបង្ហាញ​នូវ​ការពន្យល់​មួយ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ចាប់ផ្តើម​ថា​”​ខ្ញុំ​បានឃើញ​អតីត​មេដឹកនាំ​បក្សប្រឆាំង​ប្រកាស​ប្តឹង​ទាមទារ​ដក​សញ្ជាតូបនីយកម្ម​អាមេរិក​ពី​ពលរដ្ឋ​ខ្មែរ​ដែលមាន​សញ្ជាតិ​ពីរ (dual citizenship)​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​”​។

លោក មុត ចន្ថា (រូបថតឯកសារ)

​ខ្ញុំ​ហាក់​ភ្ញាក់ផ្អើល និង​ថែមទាំង​អស់សំណើច​ចំពោះ​ការប្រកាស​នេះ ព្រោះ​វា​គ្មាន​ច្បាប់ (Bills adopted by U.S. Congress) ឬ​ប​ញ្ញ​តិ​ប្រតិបត្តិ (Executive Order issued by the U.S. President)​ណាមួយ​ដែល​អនុញ្ញាតឱ្យ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​អាច​ប្តឹងទៅ​តុលាការ​សហព័ន្ធ​ដើម្បី​ដកហូត​សញ្ជាតូបនីយ៍កម្ម​ពី​ពលរដ្ឋ​អាមេរិក​ដើមកំណើត​បរទេស ដោយសារតែ​បុគ្គល​ណា​ម្នាក់​គាំទ្រ ឬ​ធ្វើជា​មន្ត្រី​បម្រើឱ្យ​រដ្ឋាភិបាល​បរទេស​ដែលជា​ប្រទេស​កំណើត​ខ្លួន​ឡើយ ខណៈដែល​បុគ្គល​នោះ​មិនបាន​ប្រកាស​លាលែង ឬ​បោះបង់​សញ្ជាតូបនីយកម្ម​អាមេរិក​របស់ខ្លួន​នោះ​។​

​លោក​មុត ចន្ថា ដែល​គេ​ស្គាល់​ថា ជា​មនុស្ស​ស្និទ្ធ​នឹង​លោក កឹម សុខា និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើការ​ពន្យល់​ទៀតថា​ផ្អែក​តាម​ជំពូក​ទី​២​នៃ​គោលការណ៍​ណែនាំ​របស់​ទីភ្នាក់ងារ​សេវាកម្ម​សញ្ជាតិ​និង​អន្តោប្រវេសន៍​សហរដ្ឋអាមេរិក (U.S. Citizenship and Immigration Services)​កំណត់​មូលដ្ឋាន​សម្រាប់​ដកហូត សញ្ជាតូបនីយកម្ម គឺ​ហាមឃាត់​តែ​ពី​ចំណុច​ដែល​មិន​អនុញ្ញាតឱ្យ​ពលរដ្ឋ​អាមេរិក​តូបនីយកម្ម​ចូល​ជា​សមាជិក​នោះ គឺ «​គណបក្ស​ណា​ហ្ស៉ី​» ឬ Nazi Party និង​ក្រុម​ភេរវកម្ម «​អាល់​កៃ​ដា​» ឬ “Al Qaeda)​។​(​សូម​អាន​បន្ថែម​អំពី​មូលដ្ឋាន សម្រាប់​ការដក​សញ្ជាតូបនីយកម្ម ឬ denaturalization)​។​

​អង្គការ​ភេរវកម្ម​បរទេស (Foreign Terrorist Organizations, FTOs)​គឺជា​អង្គការ​បរទេស​ដែល​ត្រូវ​បានកំណត់​មុខសញ្ញា ដោយ​រដ្ឋមន្ត្រីការបរទេស ដោយ​អនុលោម​តាម​ផ្នែក​ទី​219 នៃ​ច្បាប់ ស្តីពី​អន្តោប្រវេសន៍ និង​សញ្ជាតិ (Immigration and Nationality Act, INA) ដែល​ត្រូវបាន​វិសោធនកម្ម​។ ការកំណត់​មុខសញ្ញា​អង្គការ​ភេរវកម្ម​បរទេស​ដើរតួនាទី​សំខាន់បំផុត មួយ​ក្នុងការ​ប្រយុទ្ធ​របស់​ស​ហ​រដ្ឋ​អាមេរិក​ប្រឆាំងនឹង​ភេរវកម្ម​និង​ជា​មធ្យោបាយ​ប្រសិទ្ធភាព​មួយ​ក្នុងការ​កាត់បន្ថយ​ការគាំទ្រ​សម្រាប់​សកម្មភាព​ភេរវកម្ម និង​ដាក់​សម្ពាធ​លើ​ក្រុម​ទាំងនោះ​ឱ្យ​ដកខ្លួន​ចេញពី​អាជីវកម្ម​ភេរវកម្ម​។​

​លោក មុត ចន្ថា បាន​បន្តថា នៅក្រោម​បញ្ជា​ប្រតិបត្តិ (Executive Order) លេ​ខៈ 13224​ផ្តល់ឱ្យ​រដ្ឋាភិបាល​សហ​រដ្ឋ អាមេរិក​នូវ​ឧបករណ៍​អំណាច​មួយ​ដើម្បី​រារាំង​ដល់​ការផ្តល់​ហិរញ្ញវត្ថុ​ដល់​ភេរ​វករ​និង​ជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ដើម្បី​ដឹកនាំ​កិច្ចប្រឹងប្រែង​អន្តរជាតិ​នាំមក​នូវ​ការបញ្ឈប់​បិសាច​នៃ​សកម្មភាព​ភេរវកម្ម​។ ក្នុង​លក្ខខណ្ឌ​ទូទៅ បទបញ្ជា​ប្រតិបត្តិ​នេះ​ផ្តល់នូវ​មធ្យោបាយ​មួយ​ដែល​បង្អាក់​បណ្តាញ​គាំទ្រ​ហិរញ្ញវត្ថុ​សម្រាប់​ភេរវជន និង​អង្គការ​ភេរវកម្ម ដោយ​ផ្តល់​អំណាច​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដើម្បី​កំណត់​មុខសញ្ញា និង​បិទ​ទ្រព្យសម្បត្តិ​របស់​បុគ្គល​បរទេស និង​នីតិបុគ្គល​ដែល​ប្រព្រឹត្ត ឬ​បង្កឱ្យមាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​ការប្រព្រឹត្ត​សកម្មភាព​ភេរវកម្ម​។

​រដ្ឋ​គាំពារ​ភេរវកម្ម (State Sponsors of Terrorism): ប្រទេស​ដែល​ត្រូវបាន​សម្រេច​ដោយ​រដ្ឋមន្ត្រី​ការបរទេស ដែល​បានផ្តល់​ការគាំទ្រ​ម្តង​ហើយ​ម្តងទៀត​សម្រាប់​អំពើ​ភេរវកម្ម​អន្តរជាតិ​ត្រូវ​បានកំណត់​មុខសញ្ញា​ដោយយោង​តាម ច្បាប់​ចំនួន​បីៈ ផ្នែក​ទី​6 (J) នៃ​ច្បាប់ ស្តីពី​រដ្ឋបាល​នាំចេញ (Export Administration Act), ផ្នែក​ទី​40 នៃ​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ការនាំចេញ​អាវុធ (Arms Export Control Act), និង​ផ្នែក​ទី​620A នៃ​ច្បាប់ ស្តីពី​ជំនួយ​អន្តរជាតិ (Foreign AssistanceAct)​។​

​ការអនុវត្ត​ច្បាប់​ទាំងបី​នេះ​ដាក់ទណ្ឌកម្ម​សំខាន់​បួន​ប្រភេទ​ដែល​ផ្តើមចេញពី​ការកំណត់​មុខសញ្ញា​នៅក្រោម​អំណាច​ទាំងនេះ ដោយ​រួមបញ្ចូលៈ​ការដាក់​កម្រិត​លើ​ជំនួយ​បរទេស​របស់​សហរដ្ឋ​អាមេរិក​,​បម្រាម​លើ​ការនាំចេញ​និង​ការលក់ដូរ​សម្ភារ​ការ​ពារ​ជាតិ​,​ការគ្រប់គ្រង​ជាក់លាក់​លើ​ការនាំចេញ​នៃ​សម្ភារ​ប្រើ​ឡើងវិញ​និង​ការដាក់​កម្រិត​លើ​ហិរញ្ញវត្ថុ​ប្រភេទ​ផ្សេងៗ​គ្នា​និង​ដទៃទៀត​។ ការកំណត់​មុខសញ្ញា​នៅក្រោម​អំណាច​យោង​ខាងលើ ក៏​ជាប់​ពាកព័ន្ធ​ជាមួយ​ច្បាប់​ទណ្ឌកម្ម​ផ្សេងទៀត ដែល​ដាក់ទោស​បុគ្គល​និង​ប្រទេស​ដែល​ចូលរួម​ក្នុង​ពាណិជ្ជកម្ម​ជាក់លាក់​ជាមួយ​រដ្ឋ​គាំពា​ភេរវកម្ម​។

​បញ្ជី​ភេរវជន​ទូលំទូលាយ (Terrorist Exclusion List): ផ្នែក​ទី​411 នៃ​ច្បាប់ ស្តីពី​ស្នេហា​ជាតិ​សហរដ្ឋអាមេរិក ឆ្នាំ​២០០១ (USA PATRIOT ACT of 2001, 8 U.S.C. § 1182) ផ្តល់​អំណាច​ឱ្យ​រដ្ឋមន្ត្រីការបរទេស​ដោយមាន​ការពិគ្រោះ យោបល់​ជាមួយ ឬ​តាម​សំណើ​ពី​អគ្គ​អយ្យការ (​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​)​ដើម្បី​កំណត់​មុខសញ្ញា​អង្គការ​ភេរវកម្ម​សម្រាប់ គោលបំណង​អន្តោប្រវេសន៍​។ អំណាច​នេះ​ត្រូវបាន​គេ​ស្គាល់​ជា​អំណាច «​បញ្ជី​ភេរវកម្ម​ទូលំទូលាយ “Terrorist Exclusion List (TEL)”​។ ការកំណត់​មុខសញ្ញា​ក្នុង​បញ្ជី​ភេរវកម្ម​ទូលំទូលាយ​ជម្រុញ​កិច្ចប្រឹងប្រែង​សន្តិសុខ​មាតុភូមិ​ដោយ​សម្រួល លទ្ធភាព​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដើម្បី​បដិសេធ​ជនបរទេស​ណា​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​អង្គការ​ទាំង​នោះដែ​ល​មាននៅ​ក្នុង​បញ្ជី​ភេរវកម្ម​ទូលំទូលាយ មិនឱ្យ​ចូលមក​កាន់​ស​ហ​រដ្ឋ​អាមេរិក​។​

​លោក មុត ចន្ថា បានបង្ហាញ​ក្នុង​សំណេរ​ដដែល​នេះ​ទៀតថា​ប្រសិនជា​យើង​ពិនិត្យមើល​មូលដ្ឋាន​សម្រាក់​ការដកហូត សញ្ជាតូបនីយកម្ម និង​ការកំណត់​មុខសញ្ញា​ភេរ​វករ អង្គការ​ភេរវកម្ម​បរទេស និង​រដ្ឋ​គាំពារ​ភេរវកម្ម​យើង​មើលមិនឃើញ ច្បាប់​ឬ​បទបញ្ជា​ប្រតិបត្តិ​ណាមួយ​ដែល​ផ្តល់​អំណាច​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ចាត់វិធានការ​ច្បាប់​ប្តឹង​ដកហូត​សញ្ជាតូបនីយកម្ម​អាមេរិក​ពី​ពលរដ្ឋ​ខ្មែរ​រ​ឡើយ​។ ប្រសិនជា​យើង​ពិនិត្យមើល​បញ្ជី​នៃ​អង្គការ​ភេរវ​លម្ម​បរទេស យើង​មិន​បានឃើញ​បុគ្គល (​រូបវន្តបុគ្គល​) អង្គការ ឬ​គណបក្សនយោបាយ (​នីតិបុគ្គល​) ណាមួយ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បានកំណត់​មុខសញ្ញា​ជា ភេរវជន ឬ​អង្គការ​ភេរ​កម្ម​បរទេស​ឡើយ​។ ចំណែក​ប្រទេស​កម្ពុជា​ក៏​មិនដែល​ត្រូវបាន​កំណត់​ជា​«​រដ្ឋ​គាំពារ​ភេរវកម្ម​» ដែរ​។

​កន្លងមក មាន​ពលរដ្ឋ​ខ្មែរ​-​អាមេរិកកាំង គឺ​លោក ឈុន យ៉ា​សិ​ដ្ឋ (Chhun Yasith) និង លោក រិច​ឆាត គិរី គឹម (Richard Kiri Kim) បាន​បង្កើត​និង​ដឹកនាំ​ចលនា​អ្នក​ប្រយុទ្ធ​កម្ពុជា​ដើម្បី​សេរីភាព (Cambodian Freedom Fighters Movement) មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ចាប់ពី ២១ តុលា ១៩៩៨ – ២០០១​និង​បាន​ដឹកនាំ​កម្លាំងប្រដាប់អាវុធ​វាយប្រហារ កណ្តាល​រាជធានី​ភ្នំពេញ នៅ​ខែវិច្ឆិកា ឆ្នាំ​២០០០ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បណ្តាលឱ្យ​មនុស្ស ៨​នាក់​ស្លាប់ និង ១៤​នាក់​ទៀត​រងរបួស​។ លោក រិច​ឆាដ គិរី​គឹម​ត្រូវបាន​ចាប់ខ្លួន​និង​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ក្នុងប្រទេស កម្ពុជា និង​បាន​ស្លាប់​ដោយ​ជំងឺ នៅ​ឆ្នាំ​២០២១​នេះ​។ ចំណែក​លោក ឈុន យ៉ា​សិ​ដ្ឋ​ត្រូវបាន​ចាប់ខ្លួន​ដោយ​ភ្នា​ក់​ស៊ើបអង្កេត សហព័ន្ធ​(FBI)​នៅ​ឆ្នាំ​២០០៥​។​លោក​យ៉ា​សិ​ដ្ឋ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ដោយ​គ្មាន​ការបន្ធូរបន្ថយ​ទោស នៅ​ឆ្នាំ​២០១០ ពីបទ​រំលោភ​លើ​ច្បាប់ ស្តីពី​អព្យាក្រឹត​សហរដ្ឋអាមេរិក (US Neutrality Act)​ដែល​ដាក់ឱ្យ​នៅក្រៅ ច្បាប់​ប្រតិបត្តិការ​យោធា​ប្រឆាំងនឹង​ប្រទេស​ដែល​សហរដ្ឋអាមេរិក​មាន​សន្តិភាព​ជាមួយ​។​

​លោក ចន្ថា បានបញ្ជាក់​ជា​ចុ​ក្រោយ​ថា សរុប​មកវិញ យើង​ឆ្ងល់​ថា​លោក សម រ​ង្ស៉ី សំអាង​លើ​មូលដ្ឋាន និង​ច្បាប់​អ្វី ដើម្បី​ប្តឹង​ទាមទារ​ដកហូត​សញ្ជាតូបនីយកម្ម​អាមេរិក​ពី​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឬ​ធ្វើការ​បម្រើឱ្យ រដ្ឋាភិបាល​កម្ពុជា​នៅ​ប្រទេស​កំណើត​របស់​ពួកគេ​។​ប្រសិនជា​គាត់​សំអាង​លើ​ពាក្យសម្បថ​ភក្តីភាព​របស់​សហរដ្ឋ​អាមេរិក (Oath of Allegiance of U.S.) នៅពេល​ទទួលបាន​នូវ​សញ្ជាតូបនីយកម្ម​អាមេរិក គឺ​មិន​ត្រឹមត្រូវ​ទេ​ព្រោះ​វា​មិនមែន ជា​មូលដ្ឋាន​សម្រាប់​ការដកហូត​សញ្ជាតូបនីយកម្ម​ឡើយ​។ ប្រហែលជា​យុទ្ធសាស្ត្រ​ថ្មី​សន្លាង​មួយទៀត ដើម្បី​រកលុយ នៅ​ក្រោមលេស​រៃអង្គាសប្រាក់​សម្រាប់​បង់​សេវាកម្ម​មេធាវី ក្នុង​សំណុំរឿង​ប្តឹង​ដក​សញ្ជាតូបនីយកម្ម​អាមេរិក​។​យោបល់ ល្អ​សម្រាប់​គាត់​មួយទៀត គួរតែ​ឡើង​ធ្វើ​ប្រធានសភា ឬ​ព្រឹទ្ធសភា​អាមេរិក​តែម្តងទៅ ដើម្បី​ធ្វើ​ច្បាប​ឱ្យបាន​លឿន ឬ​ឡើង​ធ្វើ​ប្រធានាធិបតី​ជំនួស​លោក ចូ បៃ​ដិ​ន ដើម្បី​ងាយ​ចេញ​បទបញ្ជា​ប្រតិបត្តិ​ឱ្យបាន​លឿន​ដូច​ចិត្ត​ប៉ងប្រាថ្នា​៕​ដោយៈ​ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner