កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប:កម្ពុជា​មានមុខមាត់​និង​តួនាទី​សំខាន់​លើ​ឆាក​អន្តរជាតិ​

ភ្នំពេញៈកម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣(ASEM13)​។កិច្ចប្រជុំ​កំពូល​នេះបានប្រារព្ធ ជាផ្លូវការនៅរសៀល​ថ្ងៃទី​២៥ ដល់ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ (​ត្រូវ​រៀបចំ​ឆ្នាំ​២០២០ ប៉ុន្តែ​លើក​ពេល​ដោយសារ​ជំងឺ​កូ​វីដ​-១៩)​តាមប្រព័ន្ធវីដេអូ។កិច្ចប្រជុំត្រូវបានបើកដោយសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​គឺជា​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ធំជាងគេ​បំផុត​ក្រៅពី​អង្គការសហប្រជាជាតិ​ដោ​តំណាង ឱ្យ ៦០ភាគរយ​នៃ​ប្រជាជន​ពិភពលោក ៥៥ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក ៦៥ភាគរយ​ន​សេដ្ឋកិច្ចពិភព លោក និង៧៥ ភាគរយ​នៃ​ទេសចរណ៍​ពិភពលោក​។ ទាំងនេះ​ជា​ចំណែក​សំខាន់​លើ​ធាតុ​ចូលក្នុង​ការពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួម​។

ទន្ទឹមនឹងព្រឹត្តិការណ៍នេះក្នុងបទវិចារណកថាមួយរបស់រាជ្យបណ្ឌិត្យសភាកម្ពុជាដែលចេញផ្សាយកាលពីថ្ងៃទី២៣
ខែវិច្ឆិកាឆ្នាំ២០២១បានសរសេរថា នៅក្នុង​បរិបទ​អន្តរជាតិ​នាពេល​ថ្មីៗ​នេះ កម្ពុជា​មានមុខមាត់​នឹង​តួនាទី​សំខាន់​លើ​ឆាក​អន្តរជាតិ​។ ជាក់ស្ដែង​អាម៉េរិក​និង​សម្ព័ន្ធមិត្ត​បាន​បំពេញ​ទស្សនកិច្ច​កម្ពុជា​ជា​ញឹកញាប់ រួមទាំង​រដ្ឋមន្ត្រីការបរទេស​ចិន​មក​កម្ពុជា​។ គិត​ក្នុង​ឆ្នាំ​២០២១​នេះ មាន​ប្រទេស​លើស ពី​៥ បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​មក​កម្ពុជា​ដោយផ្ទាល់ និ​ការទំនាក់ ទំនង​តាម​ប្រព័ន្ធ​អន​ឡាញ​យ៉ាង​មមាញឹក​៖ ទី​១.​លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក បានមក​បំពេញ​ទស្សនកិច្ច​នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី​១ ខែមិថុនា​។ ទី​២.​លោក Dominic Raab រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​បានធ្វើ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣ ខែមិថុនា​។ ទី​៣.​លោក​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន Nubuo Kishi បាន​ជជែក​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​នៅ​ថ្ងៃទី​២៥ ខែមិថុនា​។ ទី​៤.​អ្នកស្រី Marise Payne រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី ក៏បាន​ជួប ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុជា​តាម​ប្រព័ន្ធ​វីដេអូ​ទូរគមនាគមន៍​កាលពី​ថ្ងៃទី​៧ ខែកក្កដា និង​ការ​មក​បំពេញ​ទស្សនកិច្ច​ដោយផ្ទាល់​រប​ស់លោក​ស្រី​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៧-៨ ខែវិច្ឆិកា​។ ទី​៥. រដ្ឋមន្ត្រីការបរទេស​ចិន និង​ជាទី​ប្រឹក្សា​រដ្ឋ លោក Wang Yi បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១២ និង ទី​១៣ ខែកញ្ញា និង​ការជួបពិភាក្សាគ្នា​តាម​ប្រព័ន្ធ​វីដេអូ​រវាង​សម្ដេច​តេ​ជោ និង​ឯកឧត្តម លី​ខឺ​ឈាំ​ង (Li Keqiang) នៅ​១៥​ខែវិច្ឆិកា បន្ថែម​ពីនេះ​ទៀត​ក៏មាន​ប្រទេស​ផ្សេងទៀត​។​

បទវិចារណកថាបានបន្តថា ​ក្រឡេកមើល​ប្រវត្តិសាស្ត្រ​វិញ​ឃើញថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ASEM ត្រូវបាន​បើក​កិច្ចប្រជុំ​ជា​លើកដំបូង​កាលពី​ឆ្នាំ ១៩៩៦ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយមាន​ការចូល​ពី​ប្រទេស​ចំនួន​១៥​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៧ បូក​ថែម​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង និង​ស្នងការ​អឺរ៉ុប​ប៉ុណ្ណោះ​។ នៅពេលនោះ អឺរ៉ុប​បានទទួល​ស្គា​ល់ពី​ការអភិវឌ្ឍ ការ​លូត​យ៉ាង​រហ័ស និង​សក្តានុពល​នៅក្នុង​តំបន់​អាស៊ី និង​ចង់​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ តាមរយៈ​ការពង្រឹង និង​លើកកម្ពស់​ទំនាក់ទំនង​លើ​វិស័យ ឬ​សរសរ​ស្តម្ភ​បី​គឺ​៖ នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​។ កិច្ចប្រជុំ​កំពូល ASEM គឺជា​ជំនួប​ប្រជុំ​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​រវាង​ប្រមុខ​ដឹកនាំ​រដ្ឋ និង​រដ្ឋាភិបាល ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​ស្នងការ​អឺរ៉ុប និង​អគ្គលេខាធិការ​នៃ​អាស៊ាន​។ កម្ពុជា​បាន​ក្លាយជា​សមាជិក​ដំបូង​នៃ​កិច្ចប្រជុំ​នេះ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​៥ ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០០៤​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។ ជា​បន្ត​បន្ទាប់មកទៀត ASEM បាន​ពង្រីក​ខ្លួន​ជា​លើក​ទី​២​នៅក្នុង​ឆ្នាំ​២០០៨ ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៧​របស់ខ្លួន នៅ​ទី​រដ្ឋធានី​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយមាន​រដ្ឋ​សមាជិក​បន្ថែមទៀត​ចូលរួម​ជាហេតុ​នាំឱ្យ ASEM​មាន​សមា ជិ​ក​ភាពកើនឡើង​សរុប​ដល់​ទៅ​៤៥​ប្រទេស​។ កិច្ចប្រជុំ​កំពូល ASEM​នៅតែ​បន្ត​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ ២០១០ ឆ្នាំ​២០១២ និង​ជា​ចុងក្រោយ​នៅ​ឆ្នាំ​២០១៤ ដោយ​បង្កើន​រដ្ឋ​សមាជិក​សរុប​រហូតដល់​ទៅ​៥៣​ប្រទេស ក្នុងនោះ​មកពី​ទ្វីបអឺរ៉ុប​៣០​ប្រទេស និង​ទ្វីបអាស៊ី​២១​ប្រទេស លេខាធិការដ្ឋាន​អាស៊ាន និង​សហភាព​អឺរ៉ុប​ផងដែរ​។​

​ចំពោះ​ទំនាក់ទំនង​រវាង​អាស៊ី​និង​អឺរ៉ុប​វិញ គឺ​អាស៊ី​ត្រូវការ​អឺរ៉ុប។ ចំណែក​អឺរ៉ុប​វិញ​ក៏ត្រូវ​ការ​អាស៊ី​ដូចគ្នា​។ តំបន់​ទាំងនេះ​មិន​ត្រឹមតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​សម្ព័ន្ធមិត្ត​នៅក្នុង​ពិភពលោក​មួយ​ដែល​តថភាព​ភូមិសាស្ត្រ​នយោបាយ​នៅតែមាន​ការប្រែប្រួល​យ៉ាង​លឿន ស្រប​ពេលដែល​តំបន់​ទាំងពីរ​នេះ​ជួប​គ្រោះថ្នាក់​ដូចគ្នា ដូចជា​ជំងឺ​កូ​វីដ​-១៩ បញ្ហា​សន្តិសុខ បញ្ហានយោបាយ បញ្ហា​បរិស្ថាន បញ្ហា​បច្ចេកវិទ្យា និង​ព័ត៌មានវិទ្យា​ជាដើម​។ ទំនាក់ទំនង​អាស៊ី​និង​សហភាព​អឺរ៉ុប​ពឹងផ្អែក លើ​មូលដ្ឋានគ្រឹះ​ដ៏​ទន់ភ្លន់​នៃ​ការ​ពឹងពាក់​គ្នា​ទៅវិញទៅមក​ខាង​សេដ្ឋកិច្ច ហើយ​សហភាព​អឺរ៉ុប​មាន​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​អាស៊ី​កើត​ក្នុងការ​អភិវឌ្ឍន៍​រប​ស់​ខ្លួន​។ សហភាព​អឺរ៉ុប និង​អាស៊ី​ចាត់ទុក​គ្នា​ទៅវិញទៅមក​ជា​ដៃគូ​ផង ជា​គូប្រជែង​ផង ហើយ​ប្រាកដ​ណាស់​មិនមែនជា​សត្រូវ​ឡើយ​។ តែ​នៅក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​ទំនាក់ទំនង​រវាង​អាស៊ី​និង​អឺរ៉ុប​នេះ​កាន់តែ​ស្មុគស្មាញ​ចំពោះ​ការបន្ត​ប្រកួតប្រជែង​ឥទ្ធិពល​គ្នា​រវាង​ចិន​និង​អាម៉េរិក​។ ទំនាក់ទំនង​រវាង​សហរដ្ឋ​អាម៉េរិក និង​ប្រទេស​ចិន ទំនង​សហភាព​អឺរ៉ុប​យល់ថា ទី​១.​ពលរដ្ឋ​អឺរ៉ុប​ភាគច្រើន​ជឿថា​សង្គ្រាមត្រជាក់​ថ្មី​ជាមួយ​ចិន និង​អាម៉េរិក​នៅតែ​ដំណើរការ ប៉ុន្តែ​ពួកគេ​ភាគច្រើន​មិន​គិតថា​ប្រទេស​របស់​ពួកគេ​ពាក់ព័ន្ធ​នោះទេ​។ ទី​២.​ការប្រកួតប្រជែង​រវាង​ប្រទេស​ទាំងពីរ ជាការ​មកដល់​នៃ​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប​ឈាន​ជើង​ចូលមក​អាស៊ី ទី​៣.​នៅ តែមាន​ភាពខុសគ្នា​នៃ​ទស្សនៈ​រវាង​ការប្រកួតប្រជែង​លទ្ធិប្រជាធិបតេយ្យ​ជាមួយនិង​កុម្មុយនីស្ដ​។​

​ស្ថានភាព​នៃ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​និង​ចិន​នាពេលនេះ ទី​១.​ការធ្វើសមាហរណកម្ម​បន្ថែមទៀត​នៃ​ការបង្កើត​គោលនយោបាយ​ការពារ​ពី​ការរង​គ្រោះ​ពី​ការប្រកួតប្រជែង​របស់​មហាអំណាច​។ ទី​២.​សហភាព​អឺរ៉ុប​និង​ចិន​ត្រូវ​ដោះស្រាយ​បញ្ហា បច្ចេកវិទ្យា សន្តិសុខ​អ៊ិន​ធឺ​ណិ​ត ដូចជា ក្រុមហ៊ុន Huawei នឹង​ដំណើរការ​ហេដ្ឋារចនាសម្ព័ន្ធ​5G​។ ទី​៣.​ការធ្វើ​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច​ក្នុងស្រុក​ប្រទេស​ចិន ស្ថិតនៅ​កម្រិត​ការប្រកួតប្រជែង​សម្រាប់​អាជីវកម្ម​អឺរ៉ុប​នៅ​ប្រទេស​ចិន​អាចធ្វើឱ្យ​សហភាព​អឺរ៉ុប​ពិចារណា​ឡើងវិញ​អំពី​ជម្រើស​គោលនយោបាយ​របស់ខ្លួន​។ ទី​៤.​ការប្រកួត​ប្រជ​ជែង​របស់​ចិន​និង​អាម៉េរិក តិច​ឬ​ច្រើន​គឺមាន​ការ​ជះ​ឥទ្ធិ​ល​ពល​មក​អាស៊ី​និង​អឺរ៉ុប​។ ទី​៥.​អភិវឌ្ឍន៍​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​និង​វិនិយោគ​ដែលមាន​ស្រាប់​រវាង​សហភាព​អឺរ៉ុប និង​អាស៊ី​គួរតែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។​

​ទំនាក់ទំនង​រវាង​អាស៊ី​និង​អឺរ៉ុប​នៅ​មិនទាន់មាន​ភាពរលូន​នោះទេ តួយ៉ាង​ទី​១.​ការបញ្ចប់​កិច្ចព្រមព្រៀង​ស្តីពី​ការវិនិយោគ​រវាង​សហភាព​អឺរ៉ុប​និង​ចិន​នៅ​ឆ្នាំ​២០២០ បន្ទាប់ពី​ការចរចា​អស់​រយៈពេល​៧​ឆ្នាំ​។ ទី​២.​ការយល់ឃើញ​ក្នុងចំណោម​អ្នកបង្កើត​គោលនយោបាយ​អឺរ៉ុប​និង​សហគមន៍​ពាណិជ្ជកម្ម​អឺរ៉ុប ថា​ជា​ប្រពៃណី​របស់​ចិន​ក្នុងនាម​ជា​ដៃគូ​ប្រកួតប្រជែង​មិន​យុត្តិធម៌ ទី​៣.​ហេតុផល​ការវាយតម្លៃ​របស់​អឺរ៉ុប​អំពី​ការវិវត្ត​នយោបាយ ដូច​ជាការ​កំណែទម្រង់​នយោបាយ​នៅ​ស៊ីន​ជាំ​ង និង ហុងកុង​ជាដើម​។ ទី​៤.​មន្ត្រី​សហភាព​អឺរ៉ុប​ជាច្រើន​ព្រួយបារម្ភ​ថា​ការទូត​ចិន​កំពុង​ធ្វើឱ្យ​ខូច​សាមគ្គីភាព​អឺរ៉ុប​។ ទី​៥.​សម្ព័ន្ធមិត្ត​អាច​នឹង​រង់​គ្រោះ​ដោយសារយុទ្ធសាស្ត្រ​សង្គ្រាម​ឈរជើង​នៅ​ប្រទេស​ដទៃ​។​

​បទវិចារណកថា បានបញ្ជាក់ថា សរុបសេចក្ដី​មកអាស៊ី​និង​អឺរ៉ុប​មាន​ទំនាក់ទំនង​រីកចម្រើន​ជាង​មុន តែ​អឺរ៉ុប​ដើរ​សំដៅ​កាច់ចង្កូត​តម្រង់ផ្លូវ​មក​អាស៊ី​នៅ​ខ្សោយ​។ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ASEM គឺជា​ការដំឡើង​កម្រិត​ថ្នាក់​ដែល​កម្ពុជា​បន្ត​បង្កើន​មុខមាត់​នៅលើ​ឆាក​អន្តរជាតិ​។ បច្ចុប្បន្ន​ពហុ​ភាគ​នី​យម​នៅតែមាន​ជា​លក្ខណៈ​ទ្រឹស្ដី​នៅឡើយ ការអនុវត្តនៅមាន កម្រិត ចំពោះ​ការលើកឡើង​ប្រធានបទ​នេះ​នឹង​ជាការ​ដាស់តឿន និង​បង្រួបបង្រួម​ពិភពលោក​ស្របពេល​ដែលមាន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ជាស​កល ហើយ​កិច្ចប្រជុំ​នេះ​នឹង​ជាការ​សម្រួច​ទំនាក់ទំនង​កាន់តែ​ខិតជិត​គ្នា​រវាង​អាស៊ី​និង​អឺរ៉ុប​។ ចំណែក​បញ្ហា​សន្តិសុខ​របស់​តំបន់​ទាំង​ពីនេះ​នៅតែ​ត្រូវការ​គ្នា​ជា​ចាំបាច់ ជាពិសេស​ដើម្បី​ភាពរុងរឿង​នៃ​ទំនាក់ទំនង​គឺ​ការបញ្ជូន​នាវា​ពាណិជ្ជកម្ម មិនមែន​នាវាចម្បាំង​នោះទេ​៕ដោយៈជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner