អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរចាត់វិធានការអោយបានម៉ឺងម៉ាត់លើការរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេនិងនៅតាមដងផ្លូវសាធារណៈ

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរទាំងអស់ពិសេស អាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រនិងមូលដ្ឋាននៅតាមដងទន្លេត្រូវមានវិធានការអោយបានម៉ឺងម៉ាត់លើការរៀបចំ
សណ្ដាប់ធ្នាប់នៅតាមដងទន្លេឱ្យបានល្អប្រសើរមួយកម្រិតថែមទៀត ស្របពេលដែលយើងបានបើកប្រទេសឲ្យប្រក្រតីឡើងវិញ ។
ដោយឡែកពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវក៏ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់និងរៀបចំអោយបានល្អប្រសើរផងដែរ។
ការជំរុញនិងណែនាំបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងប្រដាប់អាវុធចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញនិងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតនាល្ងាចថ្ងៃទី២៥វិច្ឆិកា២០២១នៅសាលារាជធានីភ្នំពេញ ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ចំពោះចំណាត់ការនៃការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេនាពេលកន្លងមក គឺពិតជាទទួលបាននូវការកោតសរសើរ ពីសំណាក់ប្រជាពលរដ្ឋ
រាជរដ្ឋាភិបាលនិងទទួលបានការកោតសរសើរពី
អន្តរជាតិផងដែរ ។ ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់លើការទប់ស្កាត់ធ្វើយ៉ាងណា កុំឱ្យ ផ្ទះបណ្ដែតទឹក សំណង់មិនរៀបរយ តាមដងទន្លេនេះកើតឡើងវិញ។ អាជ្ញាធរខណ្ឌត្រូវតែយកចិត្តទុកដាក់នឹងចុះពិនិត្យជាប្រចាំនៅតាមដងទន្លេនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនឲ្យមានការកើតឡើងវិញនូវសំណង់មិនរៀបរយតាមដងទន្លេនេះឡើយ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា ការអនុវត្តការងារលើការរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេ ទទួលបាននូវភាពជោគជ័យនេះ គឺពិតជាមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនិងការខិតខំប្រឹងប្រែងរបស់អាជ្ញាធររបស់យើង ។ ដូច្នេះលោកស្នើឲ្យយើងបន្តកិច្ចការងារនេះឲ្យបានប្រសើរថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យដងទន្លេរបស់យើងមានសណ្តាប់ធ្នាប់របៀបរៀបនិងមានបរិស្ថានល្អប្រសើរ។
ក្នុងកិច្ចប្រជុំនោះដែរលោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេគឺជាផ្នែកមួយហើយ ប៉ុន្តែការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវគឺជារឿងមួយទៀត ដែលអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ត្រូវចូលរួមអនុវត្ត ធ្វើយ៉ាងណា អោយការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ឲ្យមានសោភ័ណភាពល្អប្រសើរ សមជារាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner