ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកនឹងទទួលបានទិន្នផលគាប់ប្រសើរ ក៏ប៉ុន្តែសូមភ្ជាប់ជំហានការងាររបស់អ្នកជាមួយផែនការអនុវត្តជានិច្ច ដើម្បីឲ្យទទួលបានផលកាន់តែប្រសើរ។ ដោយឡែក ការជឿទុកចិត្តមនុស្សដែលមិនស្គាល់ច្បាស់ អាចនឹងនាំឲ្យមានបញ្ហា ឬការខកចិត្ត ពីព្រោះស្ថានភាពលំបាកនឹងកើតឡើងជុំវិញទំនាក់ទំនងថ្មីៗទាំងនោះ។ ក្រៅពីនេះ សូមរក្សាការរស់នៅយ៉ាងស្ងៀមស្ងៀមបំផុតដើម្បីបញ្ជៀសបញ្ហាដែលអាចនឹងកើតឡើង។ ក្រៅពីនេះសូមលោកអ្នកមានការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរផ្លូវឆ្ងាយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបរអាជីវកម្មរបស់អ្នកមានដំណើរការទៅយ៉ាងរលូន។ ក្នុងនោះលាភសំណាងរបស់អ្នកនឹងអាចនាំមកឲ្យ ដោយមនុស្សពីចំងាយ។ លោកអ្នកក៏ទំនងជានឹងទទួលបានដំណឹងប្រែប្រួលក្នុងការងារមួយចំនួនផងដែរ ដូច្នេះការគ្រប់គ្រង និងចេះកែច្នៃស្ថានការណ៍នឹងធ្វើឲ្យអ្នកអាចយកឈ្នះការប្រែប្រួលនេះ។ ហើយប្រសិនបើអ្នកត្រៀមខ្លួន ហើយរៀបចំការងារឲ្យមានរបៀបរៀបរយ នោះអ្នកអាចចាប់យកឳកាសទាំងនេះមកអភិវឌ្ឍន៍ការងារបានយ៉ាងល្អ។ ក្រៅពីនេះ សូមលោកអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនដោយការយោគយល់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការរដ្ឋ ឯកជននានាដំណើរការទៅយ៉ាងរលូន។ ថ្ងៃនេះជាពេលវេលាល្អក្នុងការធ្វើទំនាក់ទំនងតូចធំ រួមទាំងការចរចាជាមួយដៃគូពាណិជ្ជកម្មដ៏តានតឹងរបស់អ្នកក្តី។ ទន្ទឹមនឹងនេះ សូមចាប់ផ្តើមការងារឲ្យបានរហ័សដើម្បីបញ្ចៀសបញ្ហាដែលអាចនឹងកើតឡើងនៅរវាងពេលព្រឹកតែម្តង ដែលនឹង  បណ្តាលឲ្យអ្នកមិនអាចបំពេញការងារឲ្យចប់ចុងចប់ដើម។ ក្នុងនោះសូមកុំប្រញាប់ប្រញាលបដិសេធការស្នើសុំ ឬការផ្តល់ជូនលឿនពេក ក្រែងបាត់បង់ឳកាស។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបអាជីវកម្ម និងទទួលបានអតិថិជនច្រើន រួមទាំងផលចំណេញច្រើនលើសពីការរពឹងទុក។ ថ្ងៃនេះការចរចា និងពិភាក្សាក្នុងជំនួញមានលទ្ធផលល្អណាស់ ដូច្នេះសូមកុំបង្អង់ក្នុងការដាក់ចេញការងារដែលអ្នកបានគ្រោងទុក។ ចំពោះលោកអ្នកប្រកបការរដ្ឋ និងឯកជន អាចទទួលបានដំណឹងនៃការតម្លើងប្រាក់ខែ ផ្តល់ជូនឋានៈតួនាទី និងឳកាសអភិវឌ្ឍន៍វិជ្ជាជីវផងដែរ ប៉ុន្តែលោកអ្នកក៏មិនអាចប្រងើយកន្តើយទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់ផ្នែកអាជីវកម្ម ពីព្រោះតែស្ថានភាពប្រែប្រួលដ៏ឆាប់រហ័ស និងពីមនុស្សដែលគ្មានបំណងល្អជាមួយអ្នកទាំងនោះ។ អ្នកអាចនឹងពិបាកស្វែងយល់ចិត្តគំនិតរបស់គេណាស់​ ដូច្នេះការតបតមិនមានប្រយោជន៍សោះ ប៉ុន្តែដើម្បីការពារការងារ និងរបររបស់អ្នកពីបញ្ហា សូមរក្សាការសំងាត់នៃការអនុវត្ត ហើយក៏មិនគួរមានជំនឿទៅលើមនុស្សដែលនៅជុំវិញខ្លួនអ្នកពេកដែរ។ ប្រសិនជាអាច ការអនុវត្តការងារតែឯង ប្រសើរជាងធ្វើការរួមគ្នា។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកមានការលំបាកក្នុងការប្រកបការងារឲ្យទទួលបានផលល្អ បើទោះបីលោកអ្នកខិតខំប្រឹងប្រែងយ៉ាងណាក្តី ក៏បញ្ហានៅតែប្រទាក់ក្រឡាច្រើន។ សូមងាករកជំនួយពីមនុស្សក្នុងក្រុម ពិនិត្យតាមដានជំហាននៃការងាររបស់អ្នក ហើយចូរដោះស្រាយបញ្ហានានាឲ្យបានលឿន។ ចំពោះអ្នករដ្ឋការសូមព្យាយាមបញ្ចប់ការងារដែលនៅសស់ ហើយប្រយ័ត្នចំពោះភាពធ្វេសប្រហែស ឬខ្ជិលច្រអូស។ ដោយឡែក ប្រសិនជាអ្នកមានបំណងធ្វើដំណើរឆ្ងាយ គួរកាត់បន្ថយទំនាក់ទំនងមិនចាំបាច់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះធានាផ្តល់ជូននូវភាពរីកចម្រើននិងស្ថានភាពងាស្រួលសម្រាប់ដំណើរការអនុវត្តការងារ។ លោកអ្នកនឹងមិនជួបភាពលំបាកក្នុងការងារនោះទេ​ ដោយសារមានមនុស្សច្រើននៅក្បែរខ្លួនជួយទំនុកបម្រុង និងជ្រោមជ្រែង។ ចំពោះលាភសំណាងនៅថ្ងៃនេះច្រើនទាក់ទងនឹងសម្ភារៈច្រើនជាងលុយកាក់។ ក្នុងនោះប្រសិនបើអ្នកចាប់ផ្តើមអនុវត្តការងារពីពេលព្រឹកនោះភាពចម្រើនលូតលាស់នឹងកើតឡើងទ្វេរដង។ ក្រៅពីនះ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកដែលមានបំណងផ្លាស់ប្តូរការងារថ្មី។ ក្រៅពីនេះលោកអ្នកមានអំណោយផលសម្រាប់ការយល់ដឹងនានា។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ស្ថានភាពអាជីពរបស់អ្នកកំពុងប្រទះនឹងការលំបាក អ្នកអាចនឹងស្ថិតក្នុងស្ថានភាពពាក់កណ្តាលទី ដែលពិបាកឲ្យអ្នកសម្រេចចិត្ត។ ស្ថានភាពលំបាកនេះទាមទារការជំនះយ៉ាងមុតមាំ បើមិនដូច្នេះអ្នកនឹងទទួលបានការខកចិត្តច្រើន។ ប្រសិនបើអាច សូមព្យាយាមរកជំនួយពីមនុស្សដែលអ្នកស្គាល់ច្បាស់ ប៉ុន្តែសម្រាប់មនុស្សក្នុងក្រុមការងារអាចនឹងមិនសូវជាគាំទ្រអ្នកនោះទេ។ ក្រៅពីនេះ សូមសំឡឹងមើលរាល់ស្ថានភាពប្រែប្រួល អ្នកគួររហ័សរហួន ធ្វើយ៉ាងណាសម្រេចចិត្តឲ្យបានលឿន និងប្រកបដោយហេតុផល។ ដោយឡែក អ្នកមានលទ្ធភាពដោះស្រាយបញ្ហាឲ្យបានប្រសើរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការនានារបស់អ្នកមានដំណើរការល្អ ទទួលបានអ្នកគាំទ្រច្រើន។ ថ្ងៃនេះអ្នកទទួលបានអំណោយផលនៃគំនិតវិជ្ជមាន ដូច្នេះវាមនាភាពងាយស្រួលដល់អ្នកដើម្បីពិភាក្សា បញ្ចុះបញ្ចូល និងកែលម្អភាពអាក្រក់ទាំងឡាយឲ្យមកប្រសើរវិញបាន។ ក្នុងនោះ ទំនាក់ទំនងផ្ទាល់ខ្លួនក៏អាចនឹងទទួលបានដំណឹងរីករាយផងដែរ។ ដោយឡែក សូមបោះបង់ភាពឆេវឆាវដូចភ្លើងចំបើងរបស់អ្នក ពីព្រោះវាគ្មានប្រយោជន៍អ្វី ក្រៅពីការសោកស្តាយនោះទេ។ ចូររក្សាចិត្ត បង្ហាញក្តីស្រលាញ់ជាមួយមនុស្សក្រុមការងារ​ នោះជីវិតរបស់អ្នកនឹងប្រសើរណាស់ក្នុងថ្ងៃនេះ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូរនឹងទទួលផលល្អប្រសើរ។ ក្នុងនោះសូមលោកអ្នកចំណាយពេលវេលាឲ្យបានត្រឹមត្រូវ ពីព្រោះអ្នកអាចមិនមានពេលវេលាគ្រប់គ្រាន់បំពេញការងារឲ្យចប់ចុងចង់ដើមនោះទេ។ ប្រសិនបើអាចគួរជ្រើសរើសការងារអាទិភាព និងចាប់ផ្តើមតាំងពីព្រឹក។ កុំជឿជាក់មនុស្សគ្រប់គ្នាឲ្យសោះ ពីព្រោះស្ថានភាពខកចិត្តក៏អាចនឹងកើតឡើងផងដែរ។ ក្នុងនោះប្រសិនបើអ្នករកច្រកចេញមិនឃើញ សូមកុំភ្លេចមនុស្សចាស់ដែលនៅក្បែរ។ ដោយឡែក សូមប្រុងសំឡឹងមើលស្ថានភាពប្រែប្រួលពីទិសខាងកើត។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់លោកអ្នកមានដំណើរការល្អជាប្រក្រតី។ ចំពោះលោកអ្នកដែលប្រកបការងាររដ្ឋឯកជននឹងអាចសម្រេចជោគជ័យរាល់ភារកិច្ចការងារដែលដាក់ចេញមកអនុវត្តក្នុងពេលនេះ។ ក្រៅពីនេះសូមកុំមានការព្រួយបារម្ភអំពីហេតុការលំបាកណាមួយឡើយ ពីព្រោះលោកអ្នកមានមនុស្សចាំជួយយកអាសារណាស់។ ដោយឡែក សម្រាប់លោកអ្នកប្រកបរបរជួញដូរអាចទទួលបានប្រាក់ចំណេញបានច្រើនលើសពីការរំពឹងទុក។ ក្នុងនោះ ប្រសិនបើអ្នកធ្វើការជាក្រុម លោកអ្នកនឹងអាចជៀសផុតពីហានិភ័យបាន។ សូមកុំចូលទៅពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ ពិសេសជម្លោះនៅក្នុងរង្វង់ការងារ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ទាំងអាជីវករ និងអ្នករដ្ឋការ ព្រមទាំងបុគ្គលិកឯកជន ហាក់មិនទាន់អាចទទួលបានដំណឹង និងភាពជោគជ័យតាមការរំពឹងទុកនោះទេ។ លោកអ្នកក៏មិនគួរមានការព្រួយបារម្ភច្រើនពេកនោះទេ ចូរខិតខំបំពេញការងារបន្តទៀត ផ្លាស់ប្តូររបៀបគ្រប់គ្រងការងារ និងកុំភ្លេចការផ្សព្វផ្សាយ។ ក្នុងនោះទំនាក់ទំនងរបស់អ្នកជាមួយថ្នាក់លើ ហាក់កំពុងមានភាពរង្គោះរង្គើខ្លះ ដូច្នេះសូមកុំឃ្លាតឆ្ងាយពេក​ ប្រយ័ត្នបាត់បង់ឳកាសក្នុងការកត់សម្គាល់។ ថ្ងៃនេះជម្លោះ ឬភាពអាក់អន់ចិត្តក៏នឹងកើតឡើង អាស្រ័យហេតុនេះសូមរក្សាភាពសំដី អាកប្បកិរិយា​ និងមានភាពអនុគ្រោះ។

ចំណាំៈ

ឆ្នាំទាំង៣ ឆ្លូវ ថោះ មមី រាសីឡើងខ្ពស់ត្រដែត។ ការងាររបស់លោកអ្នកទទួលបានផលដ៏ល្អប្រសើរ។ លាភសំណាង លុយកាក់ និងតួនាទីការងារនឹងកើតឡើងចំពោះលោកអ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner