សមត្ថកិច្ចខេត្តព្រះវិហារ ចុះឃាត់ខ្លួនម្ចាស់បំណុលម្នាក់ ដែលបានប្រើហឹង្សាលើកូនបំណុល បង្កឲ្យមានរបួសស្នាមរួចរត់គេចខ្លួនមិនទទួលខុសត្រូវ

ខេត្តព្រះវិហារ ៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានដឹកនាំកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ចុះឃាត់ខ្លួនជនបង្កដែលជាម្ចាស់បំណុលម្នាក់ ដែលបានប្រព្រឹត្តអំពើហឹង្សាទៅលើកូនបំណុលបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ និងក្រោយមកជនសង្ស័យបានរត់គេចខ្លួនចាកចេញពីទីបង្កហេតុ។ ការចុះឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងនៅរសៀលថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០២១ នៅចំណតរថយន្ត ស្ថិតក្នុងភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោក វុធ សាវី បានប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនៅក្នុងពេលនេះ គឺយោងតាមពាក្យបណ្តឹងរបស់បុរសជាជនរងគ្រោះ ដែលបានដាក់ពាក្យប្តឹងមកអយ្យការសាលាដំបូងខេត្ត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីជនសង្ស័យបានប្រព្រឹត្តអំពើហឹង្សាមកលើជនរងគ្រោះ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
លោក វុធ សាវី បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចអាវុធហត្ថខេត្ត ឃាត់ខ្លួននៅក្នុងពេលនេះ ឈ្មោះ ខេង វត្ថា ហៅហៀង ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិឆែបមួយ ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ។ រីឯជនរងគ្រោះ ឈ្មោះ យិន ចិន្ទ្រី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

លោកព្រះរាជអាជ្ញារងខេត្ត បានបញ្ជាក់ទៀតថា យោងតាមពាក្យបណ្តឹង ជនរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជនរងគ្រោះបានធ្វើដំណើរដោយរថយន្តជាមួយអ្នកស្គាល់គ្នា ចេញពីភូមិស្វាយប៉ាត ទៅលេងទឹកធ្លាក់ព្រះនិម្មិត លុះទៅដល់ស្រុកឆែប ឃើញក្មេងបីមាន់ជល់ខ្លួនក៏ទៅតាម ដើម្បីលេងមាន់ជល់ លុះពេលកំពុងឈរលេងមាន់ ស្រាប់តែជនសង្ស័យឃើញ ក៏ដើរមកពីក្រោយ រួចសួរថា មិចហើយរឿងលុយ? ពេលនោះជនរងគ្រោះឆ្លើយថា បងឯងជេរទាំងម្ចាស់លុយ ហើយជេរម្រាយខ្ញុំទៀត បងនៅមករកលុយអីទៀត? ។

បន្ទាប់ពីជនរងគ្រោះនិយាយបែបនេះ ជនសង្ស័យជាម្ចាស់បំណុលឡើងកំហឹង ក៏ស្ទុះវាយជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ បាក់ចង្អុលដៃស្តាំ និងបែកមាត់។ មិនតែប៉ុណ្ណោះ ជនសង្ស័យថែមទាំងបានពោលពាក្យថា ទៅប្តឹងទៅ អញចាំនៅប៉ុស្តិ៍ប៉ូលិស ទើបជនរងគ្រោះកើតទុក្ខមិនសុខចិត្ត ក៏បានដាក់ពាក្យប្តឹង មកលោកព្រះរាជ្ញអាជ្ញាអមសាលាដំបូងខេត្ត ឲ្យចាត់ការទៅតាមច្បាប់ ថែមទាំងទាសំណងជំងឺចិត្ត នូវចំនួនទឹកប្រាក់ ៣ម៉ឺនដុល្លារផងដែរ ។

ក្រោយការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យដៃដល់ ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿង បញ្ជូនទៅតុលាការខេត្តព្រះវិហារ ចាត់ការតាមនីតិវិធី ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner