អង្គការ WCS និងរដ្ឋបាលជលផលលែងអណ្តើកហ្លួង ៥១ក្បាលចូលក្នុងទីជម្រកធម្មជាតិ

ព្រះសីហនុ៖សហភាពអឺរ៉ុប អង្គការអភិរក្សសត្វព្រៃកម្ពុជា និងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលែងអណ្តើកហ្លួងឬអណ្តើកសរសៃចំនួន ៥១ក្បាលចូលក្នុងទីជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិលស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពុងសីលា ខេត្តព្រះសីហនុ។

លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការWCS បានថ្លែងថា អណ្តើកហ្លួងទាំង ៥១ក្បាល(ឬហៅតាមឈ្មោះវិទ្យាសាស្ត្រថា Southern River Terrapin (Batagur affinis)) ដែលបានលែងនៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២១ នេះត្រូវបានក្រុមអភិរក្សប្រមូលយកក្រោយពីបានញាស់ពីបុកដែលបានការពារតាមដងព្រែកស្រែអំបិល និងព្រែកកំពុងលើស្ថិតក្នុងខេត្តកោះកុងនិងខេត្តព្រះសីហនុ ចន្លោះពីឆ្នាំ ២០០៦ ដល់ ២០១៥ បន្ទាប់មកបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងដែលស្ថិតនៅភូមិទួលគរគី ឃុំទួលគរគី ស្រុកមណ្ឌលសីមា ខេត្តកោះកុងដើម្បីចិញ្ចឹមថែទាំឲ្យធំលូតលាស់មុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។

ជុំវិញបញ្ហានេះដែរលោក ខ្លេមឹន បេកកឺរ (Clemens Beckers) តំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានឱ្យដឹងថា «ប្រទេសកម្ពុជាសំបូរទៅដោយទីជម្រកនិងសត្វព្រៃច្រើនប្រភេទ។ អណ្តើកហ្លួងគឺជាប្រភេទមួយក្នុងចំណោមប្រភេទសត្វព្រៃជាច្រើនដែលចាំបាច់ត្រូវការពារជាបន្ទាន់។ សហគមន៍ អាជ្ញាធរមូលដ្ឋាន និងអង្គការ WCS គួរតែបន្តកិច្ចប្រឹងប្រែងអភិវឌ្ឍន៍រួមគ្នា ដើម្បីជួយស្តារប្រភេទនេះឡើងវិញ។ ថ្ងៃនេះ យើងខ្ញុំមានក្តីសោមនស្សរីករាយដែលបានចូលរួមលែងអណ្តើកទាំងនេះចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។»

លោកថា ក្នុងចំណោមអណ្តើកទាំង៥១ក្បាលនេះ មានញី ៣១ក្បាល និងឈ្មោល២០ក្បាល និងមានអាយុចន្លោះពី ៦ឆ្នាំដល់១៥ឆ្នាំ។ អណ្តើកនីមួយៗដែលត្រូវលែងនេះមានបង្កប់នូវបន្ទះឈីប(microchip) និងភ្ជាប់ឧបករណ៍តាមដាននៅលើស្នូករបស់វា ដើម្បីងាយស្រួលដល់ក្រុមការងារក្នុងការតាមដានបម្លាស់ទីរបស់វានៅក្នុងប្រព័ន្ធព្រែកស្រែអំបិល។

ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានឱ្យដឹងថា «យើងអបអរសាទរយ៉ាងក្រៃលែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន បងប្អូនជាប្រជាពលរដ្ឋ និងជាពិសេស អង្គការ WCS ដែលបាននិងកំពុងស្តារប្រភេទដែលកំពុងរងគ្រោះនេះឲ្យមានវត្តមានក្នុងដែនទឹកធម្មជាតិនេះឡើងវិញ”។ ជាមួយគ្នាឯកឧត្តម ក៏បានស្នើឲ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្តារប្រភេទអណ្តើកនេះ ព្រមទាំងក្រើនរំលឹកដល់ជនល្មើសមួយចំនួនដែលនៅតែបន្តជួញដូរប្រភេទសត្វនេះ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។

គួរបញ្ជាក់ថាអណ្តើកប្រភេទហ្លួង ស្ថិតក្នុងប្រភេទអណ្តើក ទឹកសាបនិងអណ្តើកគោកចំនួន ២៥ប្រភេទដែលជិតផុតពូជនៅលើពិភពលោក។ ប្រភេទអណ្តើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអណ្តើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឲ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រិត្យឆ្នាំ ២០០៥។

ការនេសាទខុសច្បាប់ ការបាត់បង់ទីជម្រក ការធ្វើអាជីវកម្មខ្សាច់ និងការកាប់បំផ្លាញព្រៃលិចទឹកនៅតាមប្រព័ន្ធព្រែកស្រែអំបិលនៅក្នុងខេត្តកោះកុងនិងខេត្តព្រះសីហនុ បានធ្វើឲ្យប៉ះពាល់ដល់ទីជម្រកនិងការបង្កកំណើតរបស់សត្វអណ្តើកប្រភេទនេះ ដែលគេរកឃើញថាមានវត្តមានតែនៅក្នុងប្រព័ន្ធព្រែកស្រែអំបិលស្ថិតនៅខេត្តកោះកុងនិងខេត្តព្រះសីហនុក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ដែលកំពុងតែប្រឈមទៅនឹងការវិនាសផុតពូជ។

ការលែងអណ្តើកនេះគឺជាផ្នែកមួយនៃគម្រោងអភិរក្សអណ្តើកហ្លួងគាំទ្រដោយសហភាពអឺរ៉ុប និងម្ចាស់ជំនួយផ្សេងទៀតដូចជា Mandai Nature, the Rainforest Trust, the US Forest Service, Allan & Patricia Koval Foundation, USAID Feed the Future និង Turtle Survival Alliance អនុវត្តដោយអង្គការ WCS សហការជាមួយរដ្ឋបាលជលផល។ ដោយឡែក លោក កែន សេរីរដ្ឋា នាយកអង្គការ WCS បានបញ្ជាក់ឱ្យដឹងដែរថា «តាមរយៈការលែងអណ្តើកប្រភេទនេះកាន់តែច្រើនចូលក្នុងទីជម្រកធម្មជាតិ យើងខ្ញុំសង្ឃឹមថាប្រភេទសត្វនេះនឹងអាចបន្តពូជបានកាន់តែច្រើននៅក្នុងទីជម្រកធម្មជាតិក្នុងពេលអនាគត”។

សូមបញ្ជាក់ដែរថា សហភាពអឺរ៉ុប បាននិងកំពុងផ្តល់មូលនិធិគាំទ្រគម្រោងអភិរក្សសត្វព្រៃ ដើម្បីប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និងការពារសំបុកអណ្តើកហ្លួងនិងកន្ធាយក្បាលកង្កែប ដោយមានអង្គការ WCS ជាអ្នកអនុវត្តគម្រោង សហការជាមួយរដ្ឋបាលជលផល និងសហគមន៍មូលដ្ឋាន។ សហភាពអឺរ៉ុប ក៏ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយគាំទ្រលើការគ្រប់គ្រងធនធានជលផលសំខាន់ៗប្រកបដោយនិរន្តរភាពរបស់កម្ពុជាផងដែរ៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner