មីយ៉ាន់ម៉ានឹងចាក់វ៉ាក់សាំង Covid-19 ចំនួន ៥០ភាគរយនៃក្រុមមនុស្សគោលដៅអោយបានយ៉ាងហោចណាស់មួយដូសនៅត្រឹមចុងឆ្នាំ២០២១

យ៉ាងហ្គូន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារថា ប្រទេសមីយ៉ាន់ម៉ាគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន ៥០ភាគរយនៃក្រុមមនុស្សគោលដៅនៅត្រឹមចុងខែធ្នូ ឆ្នាំ២០២១នេះ។

រដ្ឋមន្ត្រីសុខាភិបាលមីយ៉ាន់ម៉ា លោក Thet Khaing Win បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយបុគ្គលិកសុខាភិបាលកាលពីពេលថ្មីៗនេះថា មនុស្សជាង ១៧លាននាក់ ដែលប្រហែលជា ៥០ភាគរយនៃក្រុមគោលដៅ ដែលមានអាយុលើសពី ១៨ ឆ្នាំ ត្រូវបានគេប៉ាន់ស្មានថា នឹងត្រូវបានចាក់ថ្នាំបង្ការប្រឆាំងនឹងជំងឺកូវីដ១៩ យ៉ាងហោចណាស់មួយដូសនៅចុងឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍។ លោករដ្ឋមន្ត្រីបន្ថែមថា ការឃ្លាំមើលការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងត្រូវបានពង្រឹងដើម្បីការពារវីរុសកូវីដ១៩បំប្លែងថ្មីមិនឱ្យចូលតាមព្រំដែន ដោយបន្ថែមថា ការត្រៀមលក្ខណៈសម្រាប់រលកបន្ទាប់ គួរតែត្រូវបានធ្វើឡើងតាមបទពិសោធន៍ដែលទទួលបាន ខណៈដែលរលកទីបី នៃជំងឺកូវីដ១៩កំពុងស្ថិតក្រោមការគ្រប់គ្រងក្នុងកម្រិតមួយ។

យោងតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា មនុស្សជាង ១១.៦លាននាក់បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ពេញលេញ ខណៈដែលមនុស្សជាង ៤.៨លាននាក់បានទទួលការចាក់វ៉ាក់សាំងដូសដំបូង គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆិកាមកនេះ។ ទិន្នន័យរបស់ក្រសួងបានបង្ហាញថា គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 សរុបចំនួន ៥២ម៉ឺន១ពាន់៩៣១នាក់ជាមួយនឹងករណីស្លាប់ចំនួន ១ម៉ឺន៩ពាន់៩៧នាក់៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner