នាយកប្រតិបត្តិ Pfizer៖ វ៉ាក់សាំងប្រឆាំងនឹងវីរុសបំប្លែងថ្មី “អូមីក្រុង” អាចនឹងរួចរាល់ក្នុងរយៈពេលតិចជាង ១០០ថ្ងៃទៀត

វ៉ាស៊ីនតោន៖ ប្រធានក្រុមហ៊ុនឱសថយក្សអាមេរិក ហ្វាយហ្សឺ (Pfizer) និយាយថា ក្រុមហ៊ុនខ្លួនអាចនឹងមានវ៉ាក់សាំងថ្មីសម្រាប់ប្រឆាំងនឹងវីរុសបំប្លែងថ្មី អូមីក្រុង ក្នុងរយៈពេលតិចជាង ១០០ថ្ងៃទៀត។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហ្វាយហ្សឺ លោក អាល់ប៊ឺត ប៊ូឡា បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍អាមេរិកនៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ លោក ប៊ូឡា បន្តថា ប្រសិនបើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩បច្ចុប្បន្នការពារតិចជាងនោះ ក្រុមហ៊ុន ហ្វាយហ្សឺ ត្រូវការបង្កើតវ៉ាក់សាំងថ្មីមួយទៀត។ លោក ប៊ូ​ឡា ​បាន​ប្រាប់​ទូរទស្សន៍ CNBC​ ថា ​ក្រុមហ៊ុន​របស់លោក ​កាលពី​ថ្ងៃ​សុក្រសប្តាហ៍កន្លងទៅ ​បានចាប់ផ្តើម​សាកល្បង​វ៉ាក់សាំង​បច្ចុប្បន្ន​ប្រឆាំងនឹង​វីរុសបំប្លែងថ្មី អូមីក្រុង ​ដែល​គេ​រាយការណ៍​ដំបូង​នៅ​អាហ្វ្រិក​​ខាងត្បូង និង​បង្ក​ការព្រួយបារម្ភ​អំពី​រលក​ជា​សកល​នៃ​ជំងឺកូវី​ដ​១៩​។​ លោក ប៊ូឡា បាន​និយាយដូច្នេះថា ​ខ្ញុំ​មិន​គិតថា លទ្ធផល​នឹង​បង្ហាញ​ថា ​វ៉ាក់សាំង​នឹង​មិន​អាច​ការពារ​បាន​នោះទេ… ប៉ុន្តែ​ការ​ធ្វើតេស្ត​អាច​បង្ហាញថា វ៉ាក់សាំង​ដែលមាន​ស្រាប់​អាច​ការពារ​តិច​ជាង​មុន​ ដែល​មានន័យថា ​យើង​ត្រូវ​បង្កើត​វ៉ាក់សាំង​ថ្មី​​។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហ្វាយហ្សឺ រូបនេះបន្ថែមថា រូបលោកក៏មាន “ទំនុកចិត្តខ្ពស់”ផងដែរ ដែលថា ថ្នាំលេបប្រឆាំងនឹងមេរោគដែលទើបនឹងបញ្ចេញរបស់ ហ្វាយហ្សឺ នឹងត្រូវបានប្រើដើម្បីព្យាបាលករណីឆ្លងថ្មីៗ ដែលបង្កឡើងពីវីរុសបំប្លែងថ្មី ក្នុងនោះរួមមានទាំងវីរុស អូមីក្រុង ផងដែរ៕ ប្រភព៖ NHK និង Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner