ក្រុមរដ្ឋមន្រ្តីសុខាភិបាលប្រទេស G7 សម្តែងការព្រួយបារម្ភ និងហៅវីរុសបំប្លែងថ្មី អូមីក្រុង ថា ជា “ការគំរាមកំហែងថ្មី”

ឡុងដ៍៖ ក្រុមរដ្ឋមន្ត្រីសុខាភិបាលមកពីប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ហៅកាត់ថា G7 បានបើកកិច្ចប្រជុំបន្ទាន់មួយតាមអ៊ីនធើណិត នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីដោះស្រាយទុក្ខកង្វល់អំពីវីរុសបំប្លែងថ្មី អូមីក្រុង ដោយពួកគេបាននិយាយថា ការគំរាមកំហែងថ្មី និងវីរុសឆ្លងរាតត្បាតខ្ពស់ដែលតម្រូវអោយមានវិធានការបន្ទាន់។

ក្រុមរដ្ឋមន្ត្រី G7 បានសរសើរដល់អាហ្រ្វិកខាងត្បូងសម្រាប់ការរកឃើញវីរុសបំប្លែងថ្មី អូមីក្រុង និងជូនដំណឹងនេះដល់បណ្តាប្រទេសផ្សេងទៀតអំពីវា។ ពួកគេបានទទួលស្គាល់ “ភាពពាក់ព័ន្ធជាយុទ្ធសាស្រ្តនៃការធានាការទទួលបានវ៉ាក់សាំង” ហើយពួកគេក៏បានទទួលស្គាល់ពីសារៈសំខាន់ នៃការដោះស្រាយព័ត៌មានមិនពិតនៃវ៉ាក់សាំងផងដែរ។ ក្រុមរដ្ឋមន្ត្រី G7 បានបញ្ជាក់ថា ពួកគេនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក WHO និងដៃគូអន្តរជាតិផ្សេងទៀត ដើម្បីចែករំលែកព័ត៌មាន និងតាមដានការប្រែប្រួលនេះ។ បើតាមអង្គការ WHO វីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង មានហានិភ័យខ្ពស់ដែលអាចធ្វើឲ្យករណីឆ្លងថ្មីៗកើនឡើខ្លាំង ក្នុងគ្រាដែលការបិទព្រំដែនដោយប្រទេសកាន់តែច្រើនកំពុងក្លាយជាបញ្ហាចំពោះការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញពីជំងឺរាតត្បាតសកល ដែលបានអូសបន្លាយអស់ពីរឆ្នាំមកហើយ។

បន្ថែមនេះ អង្គការ WHO បានណែនាំសមាជិកទាំង ១៩៤ប្រទេសរបស់ខ្លួនថា ការកើនឡើងនៃករណីឆ្លងណាមួយបង្កឡើងដោយវីរុសអូមីក្រុង អាចនឹងក្លាយជាករណីធ្ងន់ធ្ងរ ប៉ុន្តែមកទល់នេះ ពុំទាន់មានករណីស្លាប់ណាមួយដោយសារកូវីដ១៩ មានជាប់ពាក់ព័ន្ធនឹងវីរុស អូមីក្រុង នៅឡើយទេ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner