ប្រមុខ WHO៖ ការស្រាវជ្រាវបន្ទាន់កំពុងដំណើរការ ដើម្បីសិក្សាស្វែងយល់បន្ថែមពីវីរុសបំប្លែងថ្មី “អូមីក្រុង”

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម និយាយថា ការស្រាវជ្រាវបន្ទាន់កំពុងដំណើរការដើម្បីស្វែងយល់បន្ថែមអំពីវីរុសបំប្លែងថ្មី “អូមីក្រុង”។

លោក ថេដ្រូស បានបញ្ជាក់បែបនេះនៅក្នុងសម័យប្រជុំពិសេសនៃមហាសន្និបាតប្រចាំឆ្នាំរបស់ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ ដែលបានចាប់ផ្តើមនៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ។ នាឱកាសនោះ លោក ថេដ្រូស បាននិយាយអំពីវីរុសអូមីក្រុង ដែលអង្គការសុខភាពពិភពលោក WHO បានកំណត់កាលពីថ្ងៃសុក្រថា ជា “ភាពខុសគ្នានៃការព្រួយបារម្ភ”។ លោក ថេដ្រូស បាននិយាយដូច្នេះថា យើងមិនទាន់ដឹងថាតើវីរុសបំប្លែងថ្មី អូមីក្រុង ត្រូវបានផ្សារភ្ជាប់ជាមួយនឹងករណីឆ្លងកាន់តែច្រើន ការបង្កជំងឺកាន់តែធ្ងន់ធ្ងរ ហានិភ័យនៃករណីឆ្លងថ្មីៗឡើងវិញកាន់តែច្រើន ឬក៏ហានិភ័យកាន់តែច្រើននៃការប៉ះពាល់ដល់ប្រសិទ្ធិភាពវ៉ាក់សាំងនៅឡើយទេ។ លោកបន្ថែមថា ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកវិទ្យាសាស្ត្រនៅអង្គការ WHO និងជុំវិញពិភពលោកកំពុងធ្វើការជាបន្ទាន់ដើម្បីឆ្លើយសំណួរទាំងនោះ។

ជាមួយគ្នានេះ លោក ថេដ្រូស បានស្នើឲ្យមានវិធានការហ្មត់ចត់ ដើម្បីការពារករណីឆ្លង និងការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយយុត្តិធម៌នៅទូទាំងពិភពលោក។ នៅថ្ងៃចុងក្រោយនៃសម័យប្រជុំពិសេសនៅថ្ងៃពុធសប្តាហ៍នេះ សមាជិកអង្គការ WHO ត្រូវបានគេរំពឹងថា នឹងអនុម័តដំណោះស្រាយដែលអំពាវនាវឱ្យមានការបង្កើតក្របខ័ណ្ឌអន្តររដ្ឋាភិបាល ដើម្បីរៀបចំសម្រាប់ជំងឺរាតត្បាតនាពេលអនាគត៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner