ឯកឧត្តម វេង សាខុន ទទួលជួបពិភ្សាការងារជាមួយ​នាយិកាធនា​គារ ពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងកើត

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី Mariam J. Sherman នាយិកាធនាគារ ពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងកើត  រួមទាំងប្រចាំនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ផងដែរ ដើម្បីពិភាក្សា និងវាយតម្លៃជារួមលើវឌ្ឍនភាព នៃការអនុវត្តគម្រោងនានា ក្នុងវិស័យកសិកម្មដែលគាំទ្រដោយធនាគារពិភពលោក (World Bank,)។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ធនាគារពិភពលោក និងសហការីទាំងអស់នៅកម្ពុជា ដែលបានយកចិត្តទុកដាក់ និងជួយអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយ:គម្រោង ៖ ១- ​ការបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហានទី១ ២ និងទី៣ (Land Allocation for Social and Economic Development LASED I II and III) និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ ឯកឧត្តមបន្តថា រាល់គម្រោង ឬកម្មវិធីជំនួយឧបត្ថម្ភរបស់ WB បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម    កម្ពុជាឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវភាព និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើប ធន់នឹងការប្រែប្រួលអាកាស ធាតុ សុវត្ថិភាពសង្គមនិងបរិស្ថាន បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលចង់ប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ និងជាពិសេសឈានជាជំហានៗ ឆ្ពោះទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា សម្រេចចក្ខុវិស័យនេះបាន ទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន ដើម្បីជួយបំពេញតួនាទីលើការងារផ្សព្វផ្សាយបច្ចេកទេស ធាតុចូលកសិកម្ម ពូជ ពង្រឹងខ្សែច្រវាក់តម្លៃបន្ថែម ខ្សែច្រវាក់ផលិតកម្ម ទីផ្សារ និង    បណ្តុំផលិត-ផ្គត់ផ្គង់-ចែកចាយ។ ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យ ធនាគារពិភពលោក ពិនិត្យពិចារណាលើកម្មវត្ថុនៃកម្មវិធី ដែលបាននិងកំពុងអនុវត្ត និងកម្មវិធីផ្សេងៗដែលគ្រោងនឹងជួយដល់កម្ពុជានាពេលអនាគត ធ្វើយ៉ាងណាឲ្យស្របទៅនឹងបរិបទនាពេលបច្ចុប្បន្នគឺការរស់ នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងនាំចេញ       បរិយាប័ន្ន  ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនឹងនាំមកនូវការបង្កើនប្រាក់ ចំណូល វិបុលភាព និងសុខុមាលភាពយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចជាតិ។

លោកស្រី Mariam J. Sherman បាន វាយតម្លៃខ្ពស់លើវឌ្ឍនភាពនៃការ ការអនុវត្តកម្មវិធីផ្សេងៗ សំដៅដល់ការកែប្រែកម្រិតជីវភាព កំណើនប្រាក់ចំណូល និងជំរុញកំណើនកសិកម្មប្រកបដោយភាពប្រកួតប្រជែង និងបរិយាប័ន្ន ដែលផ្តល់នូវផលិតផលមានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីធ្លី ទឹក ធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព”។ ចំពោះសំណើ និងមតិកែលម្អ ឬធាតុចូលរួមសំខាន់ៗរបស់ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារ លោកស្រីនឹងយកទៅពិនិត្យ ពិចារណាជាមួយក្រុមការងារ ធ្វើយ៉ាងណាកែលម្អឲ្យសមស្រប ឆ្លើយតបតាមតម្រូវការជាក់ស្តែងនៅក្នុងវិស័យ ជាពិសេសឲ្យស្របទៅនឹងស្ថានភាពជាក់ស្តែងនៃវិបត្តិជំងឺឆ្លងកូវិដ-១៩៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner