​កិច្ចប្រជុំស្តីពីការរៀបចំបង្កើតក្រុមការងារ ដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តតាកែវ

ចក្ខុវិស័យ៤របស់រាជរដ្ឋាភិបាល គឺមនុស្ស ទឹក ផ្លូវ ភ្លើង។ ដូចនេះ អទិភាពដំបូង​ គឺធនធានមនុស្ស ដែលមានចំណេះដឹង ​និងមានសុខភាពមាំមួន ផ្តើមចេញពីការទទួលបាននូអាហារូត្ថម្ភល្អតាំងពីទារកក្នុងផ្ទៃ។ នេះជាការលើកឡើងរបស់ឯកឧត្តម សំ សារ៉ាត អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម ​និងជនបទ តំណាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម ​និងជនបទ ថ្លែងក្នុងកិច្ចប្រជុំស្តីពីការរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តតាកែវ  ដែលត្រូវបានរៀបចំធ្វើនៅសាលាខេត្តតាកែវ​ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ​ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ គា សុភូ អភិបាលរងខេត្តតាកែវ ។

ឯកឧត្តមវេជ្ជបណ្ឌិត សយ អ៊ឹង ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងសុខាភិបាល បានឲ្យដឹងថា កិច្ចប្រជុំថ្ងៃនេះ មានគោលបំណងៈ ទី១. ផ្សព្វផ្សាយយុទ្ឋសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ឆ្នាំ២០១៩២០២៣​ និងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ៩៣៤ សជណ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ និងទី២. ពិភាក្សាលើសេចក្តីព្រៀងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

លោកជំទាវ គា សុភូ បានមានប្រសាសន៏ថា ខេត្តតាកែវ មានស្រុក ក្រុងចំនួន១០ មានប្រជាពលរដ្ឋសរុបជាង១លាននាក់។ ផលិតកម្មកសិកម្មក្នុងខេត្តតាកែវ លើសពីការផ្គត់ផ្គង់ក្នុងស្រុក និងបាននាំចេញទៀតផង។ ដោយឡែក ចំពោះស្ថានភាពអាហារូបត្ថម្ភក្នុងខេត្ត នៅជួបបញ្ហាខ្លះៗ ដែលតម្រូវឲ្យគ្រប់តួអង្គពាក់ព័ន្ឋទាំងអស់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៏ វិស័យឯកជន និងប្រជាពលរដ្ឋ ធ្វើការរួមគ្នាដើម្បីលុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ក្នុងខេត្តតាកែវយើងនេះ។

ឯកឧត្តម សំ សារ៉ាត បានមានប្រសាសន៏ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៏ចំនួន៦ចំនុច ក្នុងនោះ អនុសាសន៏ទី៥ លើកឡើងថា “គ្រប់រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូត្ថម្ភរាជធានីខេត្ត និងរៀបចំទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៏ សង្គមស៊ីវិល និងវិស័យឯកជន ស្របតាមប្រធានបទដែលរាជរដ្ឋាភិបាលបានកំណត់ជារៀងរាល់ឆ្នាំ”​និងអនុសាសន៏ទី៦ “គ្រប់រាជធានី ខេត្ត ត្រូវរៀបចំបញ្ច្រាបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទៅក្នុងផែនការអភិវឌ្ឍន៏ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឃុំ ​សង្កាត់ ដើម្បីលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅថ្នាក់ក្រោមជាតិ”។ ដូច្នេះហើយ ​ទើបថ្ងៃនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ សហការជាមួយគណៈអភិបាលខេត្តតាកែវ ដោយមានការគាំទ្រថវិកាពីដៃគូអភិវឌ្ឍន៏នានា បានបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តតាកែវ។ ឯកឧត្តមបន្តថា ទោះបីប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ឋកម្មសេដ្ឋកិច្ចដ៏ខ្លាំងក្លា និងមានវិសាលភាពកាន់តែទូលំទូលាយ ក៏ប៉ុន្តែវិសមភាពក៏នៅតែបន្តមាន និង នៅពុំទាន់បានទទួលរបបអាហារសុខភាពគ្រប់គ្រាន់ ហើយកុមារក្រោមអាយុ៥ឆ្នាំមានអត្រាកង្វះអាហារូបត្ថម្ភខ្ពស់នៅឡើយ ដូចជាបញ្ហាក្រិសក្រិន ទន្ងន់មិនគ្រប់ និងស្គាំងស្គម ជាដើម។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាពឆ្នាំ២០៣០ ពិសេសគោលដៅទី២​ គឺ “ បញ្ចប់ភាពស្រេកឃ្លាន សម្រេចឲ្យបានសន្តិសុខស្បៀង ធ្វើឲ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចិរភាព”។ ក្នុងន័យនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម ​និងជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មានភារកិច្ចជាច្រើនដែលត្រូវអនុវត្តដើម្បីធានាថា យុទ្ឋសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២​ ឆ្នាំ២០១៩២០២៣ ត្រូវបានផ្សព្វផ្សាយទូលំទូលាយទាំងថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ។

ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី, ឯកឧត្តម សំ សារ៉ាត ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ឋទាំងអស់ ពិសេសដៃគូអភិវឌ្ឍន៏ សូមបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ក៏ដូចជា ក.ដ.ស.ស.អ ខេត្តនានា ដើម្បីយើងអាចបញ្ចប់ភាពស្រេកឃ្លាន ធ្វើឲ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចិរភាព ​នៅកម្ពុជា៕   

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner