តៃវ៉ាន់នឹងពង្រឹងទំនាក់ទំនងនឹងប្រទេសអឺរ៉ុបខាងកើត ស្របពេលចិនមិនសប្បាយចិត្តនឹងលីទុយអានី

តៃវ៉ាន់​មាន​បំណង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​អឺរ៉ុប​ខាង​កើត​ ជាពិសេស​បណ្ដា​ប្រទេស​ឈូង​សមុទ្រ​បាលទិក (Baltic) រួម​មាន​ប្រទេស​លីទុយអានី អេស្តូនី និង​ឡាតវី ខណៈ​ពេល​ដែល​ប្រតិភូ​សមាជិក​សភា​មក​ពី​ប្រទេស​ទាំង​បី​នេះ មក​បំពេញ​ទស្សនកិច្ច​មក​កាន់​តៃវ៉ាន់។ ការ​ប្ដេជ្ញា​ចិត្ត​របស់​តៃវ៉ាន់​បែប​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​មហាអំណាច​ចិន មាន​បញ្ហា​មិនសូវ​រលូន​ទាក់ទង​នឹង​បញ្ហា​​ការ​ទូត​ជាមួយ​ប្រទេស​លីទុយអានី។

​ប្រតិភូ​សមាជិក​សភា​ចំនួន ១០រូប​មក​ពី​ប្រទេស​ទាំង​ ៣ខាង​លើ ដោយ​ក្នុង​នោះ​មក​ពី​ប្រទេស​លីទុយអានីចំនួន​ ៦រូប ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​រយៈពេល ៨ថ្ងៃ​ចាប់​ពី​ថ្ងៃ​ច័ន្ទ​នេះ​ទៅ ដើម្បី​ចូល​រួម​ក្នុង​វេទិកា​សភា​បើក​ចំហ​ ដែល​រៀប​ចំ​ដោយ​ក្រសួង​ការបរទេស​ និង​សភា​តៃវ៉ាន់ សហការ​ដោយ​​​​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋអាមេរិក (NDI)។

ជាមួយ​គ្នា​នេះ​ដែរ តំណាង​ប្រជាជន​របស់​ប្រទេស​បាលទិក​ទាំង​នេះ​ក៏​បាន​ចូល​មក​សំណេះសំណាល​ជាមួយ​នឹង​ អ្នកស្រី​ឆៃ អ៊ីងវិន ប្រធានាធិបតី​តៃវ៉ាន់​ផង​ដែរ។

អំឡុង​ពេល​ជួប​ពិភាក្សា​គ្នា អ្នកស្រី ឆៃ បាន​លើកឡើង​ប្រាប់​អស់​លោក អ្នកស្រី​សមាជិក​សភា​អឺរ៉ុប​ថា៖ «តៃវ៉ាន់ និង​ប្រទេស​បាល់ទិក​មាន​ប្រវត្តិសាស្ត្រ​ស្រដៀង​គ្នា​ត្រង់​ចំណុច​ថា៖ យើង​ស៊ូ​ទ្រាំ​នឹង​ការ​រស់​នៅ​ក្រោម​របប​ផ្ដាច់​ការ ហើយ​ក្រោម​បុព្វហេតុ​នៃ​ការ​ប្រយុទ្ធ​ដើម្បី​សេរីភាព​របស់​យើង យើង​បាន​រៀន​សូត្រ​ថា​លទ្ធិប្រជាធិបតេយ្យ​ពិត​ជា​មាន​តម្លៃ​ណាស់»។

តៃវ៉ាន់​មុន​នឹង​មាន​ការ​បោះឆ្នោត​សេរី​ដូច​សព្វថ្ងៃ ធ្លាប់​រស់​នៅ​ក្រោម​ច្បាប់​អាជ្ញាសឹក​អស់​រយៈពេល ៣៨ឆ្នាំ មុន​នឹង​មាន​ការ​កែទម្រង់​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ១៩៨៧។ ចំណែក​ឯ​លីទុយអានី អេស្តូនី និង​ឡាតវី វិញ​ទើប​តែ​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ១៩៩១ បន្ទាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សូវៀត​ក្រោយ​សង្គ្រាម​លោក​លើក​ទី២។

«ខណៈ​ពិភពលោក​សព្វ​ថ្ងៃ​នេះ​ មាន​ការ​កើន​ឡើង​នូវ​ទំនោរ​របប​ផ្ដាច់​ការ​ និង​ការ​គំរាមកំហែង​ពី​ព័ត៌មាន​ក្លែងក្លាយ តៃវ៉ាន់​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ចែក​រំលែក​បទ​ពិសោធន៍​របស់​យើង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ព័ត៌មាន​នេះ ជាមួយ​នឹង​មិត្ត​អឺរ៉ុប​របស់​យើង​។ យើង​ត្រូវ​តែ​សហការ​គ្នា​ ដើម្បី​ការពារ​នូវ​តម្លៃ​រួម​របស់​យើង​ និង​ការពារ​នូវ​របៀប​របប​នៃ​ការ​រស់​នៅ​បែប​សេរី​ និង​ប្រជាធិបតេយ្យ»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកស្រី ឆៃ។

ជាមួយ​គ្នា​នេះ​ដែរ ប្រធានាធិបតី​តៃវ៉ាន់​ក៏​បាន​កត់​សម្គាល់​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​របស់​ខ្លួន និង​ប្រទេស​លីទុយអានី​ផង​ដែរ។ ប្រទេស​អឺរ៉ុប​មួយ​នេះ​បាន​បរិច្ចាគ​វ៉ាក់សាំង​កូវីដ-១៩ ប្រមាណ ២៥ម៉ឺន​ដូស​ដល់​កោះ​អាស៊ី​បូព៌ា​មួយ​នេះ ហើយ​អ្វី​កាន់​តែ​កត់​សម្គាល់​ជាង​នេះ​ទៅ​ទៀត លីទុយអានី អនុញ្ញាត​ឱ្យ​តៃវ៉ាន់​បើក​ការិយាល័យ​តំណាង​នៅ​ក្នុង​រដ្ឋធានី​របស់​ខ្លួន។

ការ​បើក​ការិយាល័យ​តំណាង​នៅ​លីទុយអានី​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ប្រទេស​ជិត​ខាង​នៅ​អឺរ៉ុប​ ដោយ​រដ្ឋការ​នៃ​ប្រទេស​លីទុយអានី​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ឈ្មោះ «តៃវ៉ាន់» តែ​ម្ដង ដោយ​ប្រទេស​អឺរ៉ុប​ផ្សេងៗ រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ ប្រើប្រាស់​ត្រឹម​តែ​ការិយាល័យ​តំណាង «ក្រុង​តៃប៉ិ​» តែ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ ខាង​ចិន​ប្រជាមានិត​ក៏​បង្ហាញ​ពី​ការ​មិន​សប្បាយចិត្ត​ខ្លាំង​ណាស់​ដែរ ដោយ​គ្រាន់​តែ​ឮ​ដំណឹង​ថា លីទុយអានី​អនុញ្ញាត​ឱ្យ​តៃវ៉ាន់​បើក​ការិយាល័យ​តំណាង​នៅ​ខែ​សីហា ចិន​ក៏​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ចេញ​ពី​លីទុយអានី ហើយ​អញ្ជើញ​ទូត​របស់​លីទុយអានី​នៅ​រដ្ឋធានី​ប៉េកាំង​ទៅ​ស្រុក​អឺរ៉ុប​វិញ​ផង​ដែរ។

លុះ​បន្ត​មក​ទៀត ក្រោយ​ពេល​ដែល​ការិយាល័យ​តំណាង​តៃវ៉ាន់​នៅ​លីទុយអានី​បើក​ដំណើរ​ការ​ជា​ផ្លូវការ​នៅ​ក្នុង​ខែ​វិច្ឆិកា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ក៏​ទម្លាក់​​ទំនាក់ទំនង​ការ​ទូត​ជាមួយ​នឹង​លីទុយអានី​ពី​កម្រិត​ឯកអគ្គរដ្ឋទូត មក​កម្រិត​ភារធារី​ទៅ​វិញ។

កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​លើកឡើង​ថា បញ្ហា​ល្អក់កករ​ទាំង​នេះ​គឺ​បង្ក​ឡើង​ដោយ​ខាង​លីទុយអានី​មុន​ទេ ដោយ​សកម្មភាព​របស់​លីទុយអានី​បង្ក​ឱ្យ​មាន​ការ​យល់​ឃើញ​ថា ពិភពលោក​មាន «ចិន​មួយ តៃវ៉ាន់​មួយ»។ ជាមួយ​គ្នា​នេះ​ដែរ ខាង​ចិន​ក៏​សំណូម​ពរ​ឱ្យ​លីទុយអានី​​ឈប់ «មើលស្រាល» ដល់​អធិបតេយ្យ​ភាព​ និង​បូរណភាព​ដែនដី​របស់​ចិន ហើយ​បញ្ឈប់​ការ​គាំទ្រ​ដល់​ក្រុម​បំបែក​ទឹក​ដី​ដែល​មាន​គំនិត​ចង់​បាន «តៃវ៉ាន់​ឯករាជ្យ»។

ទោះ​បី​ជា​ការ​មាន​រំលឹក​ដាស់តឿន​​ដូច្នេះ​ក៏​ដោយ នៅ​ក្នុង​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ លោក Matas Maldeikis សមាជិក​សភា​លីទុយអានី និង​ជា​ប្រធាន​ក្រុម​ការងារ​មិត្តភាព​ជាមួយ​តៃវ៉ាន់​របស់​សភា​លីទុយអានី បាន​ប្រាប់​អ្នកស្រី​ ឆៃ នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ​ថា លីទុយអានី ក៏​ដូច​ជា​ប្រទេស​បាលទិក​ផ្សេង​ទៀត បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព​ជាមួយ​នឹង​តៃវ៉ាន់ ស្រប​ពេល​ពិភពលោក​កំពុង​តែ​ស្ថិត​ក្នុង​ភាព​ស្មុគស្មាញ​នៃ​ភូមិសាស្ត្រ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ។

សមាជិក​សភា​រូប​នេះ​ក៏​សង្ឃឹម​ថា ទំនាក់ទំនង​រវាង​លីទុយអានី និង​តៃវ៉ាន់​នឹង​បន្ត​ពង្រឹង​ឱ្យ​ស៊ី​ជម្រៅ​បន្ថែម​ទៀត ខណៈ​ខាង​លីទុយអានី​ក៏​មាន​បំណង​ក្នុង​ការ​បើក​ស្ថាន​តំណាង​របស់​ខ្លួន នៅ​ឯ​ទីក្រុង​តៃប៉ិ​ផង​ដែរ។

គោលនយោបាយ​ការបរទេស​របស់​លីទុយអានី​នៅ​ពេល​នេះ​កំពុង​តែ​ព្យាយាម​ធ្វើ​ពិពិធកម្ម​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​នានា​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ពោល​គឺ​មាន​បំណង​បញ្ឈប់​ការ​ពឹង​ផ្អែក​តែ​លើ​ប្រភព​តែ​មួយ។ នេះ​បើ​តាម​ការ​យល់​របស់​អ្នក​ជំនាញ​មួយ​ចំនួន។

ជាមួយ​គ្នា​នេះ​ដែរ បើ​យោង​តាម​ការ​លើកឡើង​របស់​លោក Maldeikis ប្រាប់​សារព័ត៌មាន DW របស់​អាល្លឺម៉ង់​នៅ​មុន​ពេល​ដែល​លោក​ហោះ​ទៅ​កាន់​តៃវ៉ាន់ ប្រទេស​អឺរ៉ុប​ជា​ច្រើន​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​ចំពោះ​ចិន​ហើយ ដោយ​ចាត់​ទុក​ថា​មហាអំណាច​នៃ​តំបន់​អាស៊ី​មួយ​នេះ​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​ពួក​គេ។

បន្ថែម​ពី​លើ​ទៅ​ទៀត សមាជិក​សភា​លីទុយអានី​រូប​នេះ​ក៏​យល់​ឃើញ​ថា ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​នឹង​ផ្ដល់​ប្រយោជន៍​រយៈពេល​វែង​ដល់​លីទុយអានី ហើយ​ក៏​អឺរ៉ុប​ទាំង​មូល​។ «នៅ​ពេល​ដែល​ធ្វើ​ការ​ជាមួយ​តៃវ៉ាន់ អ្នក​នឹង​មិន​បាត់បង់​អធិបតេយ្យ​ភាព​ឡើយ»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Maldeikis។

នៅ​លើ​ឆាក​អន្តរជាតិ តៃវ៉ាន់​មិន​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​អឺរ៉ុប​ ដែល​រួម​ទាំង​ប្រទេស​ទាំង​ ៣ ខាង​លើ​នេះ​ទេ។ នេះ​ក៏​ព្រោះ​តែ​ប្រទេស​ភាគ​ច្រើន​សម្រប​តាម​ «គោលការណ៍​ចិន​តែ​មួយ» ដែល​ជា​គោលនយោបាយ​គោល​មួយ​របស់​ចិន​ប្រជាមានិត៕

ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner