តំណាង UNDP កោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងបរិបទនៃការរីករាលដាលជំងឺកូវដី-១៩ បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាជនក្រីក្រ

ភ្នំពេញៈ តំណាងប្រចាំប្រទេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) លោកស្រី អាលីសា ឆាគ័រ បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាជនក្រីក្រ ផ្តល់នូវការឧបត្ថម្ភជូនពួកគាត់ តាមរយៈប្រព័ន្ធគាំពារសង្គម ដែលកម្ពុជាបានបញ្ចេញថិវកាជាតិមកជួយទំនុកបម្រុងពួកគាត់ និងជាពិសេសទៅទៀត គឺគោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលបានដល់ប្រជាជនទូទាំងប្រទេសបានយ៉ាងឆាប់រហ័ស។

ការកោតសរសើរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី អាលីសា ឆាគ័រ បានសម្តែងនូវការអបអរសាទរនូវសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន លោកស្រីនឹងបន្តខិតខំដើម្បីជួយកម្ពុជាសម្រេចបាននូវក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០ តាមផែនការដែលបានរំពឹងទុក។ លោកស្រី បានបន្ថែមថា ក្រៅពីការងារក្នុងក្របខ័ណ្ឌផែនការ ថ្មីៗនេះ UNDP ក៏បានផ្តោតការយកចិត្តដាក់ក្នុងជួយដល់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដើម្បីផលិតនូវទិន្នន័យដែលល្អ និងមានគុណភាព សម្រាប់ធ្វើការគាំទ្រនិងវាយតម្លៃលើសូចនាករសំខាន់ៗ នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ផងដែរ។

ជាទីបញ្ចប់ លោកស្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងផែនការ ដែលជាក្រសួងនាំមុខ ក្នុងការដឹកនាំរៀបចំផែនការ ជូនរាជរដ្ឋាភិបាល លោកស្រីប្តេជ្ញាបន្តគាំទ្រដល់ក្រសួងផែនការ លើទស្សនវិស័យរួមគ្នា ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។

ចំណែកឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានរំលឹកឡើងវិញពីអតីតកាលដ៏ជូរចត់ ប្រទេសខ្ទេចខ្ទីដោយសារភ្លើងសង្គ្រាម ដោយឯកឧត្តមបានឆ្លងកាត់ជាច្រើនសម័យកាលមកផងដែរ គ្មានសម័យកាលណា ដែលមានស្ថេរភាព សុខសន្តិភាព និងការអភិវឌ្ឍន៍ដូចសម័យកាលនេះនោះទេ ដូចដែលលោកស្រី បានឃើញជាក់ស្តែងស្រាប់។ សមិទ្ធផលទាំងឡាយដែលកម្ពុជាកំពុងទទួលបាននេះ គឺកើតចេញពីការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រោមការជួយជ្រោមជ្រែងពីដៃគូអភិវឌ្ឍរបស់យើង ក្នុងនោះUNDP ក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការងារស្តារ និងអភិវឌ្ឍនេះផងដែរ។ 

ឯកឧត្តមបន្តថា ចាប់ពីឆ្នាំ២០០០មក UNDP បានផ្តល់ការគាំទ្រដល់ក្រសួងផែនការទាំងថវិកា និងទីប្រឹក្សាអន្តរជាតិ ក្នុងការងាររៀបចំការងារផែនការ៥ឆ្នាំ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍សហសតវត្សរ៍២០០០-២០១៥, ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព២០១៦-២០៣០, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨, ២០១៩-២០២៣ និងថ្មីៗនេះ ក្នុងបរិបទការរីករាលដាលជំងឺកូវីដ-១៩ UNDP ក៏បានចូលរួមចំណែកក្នុងកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅកម្ពុជាផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើតាមរយៈលោកស្រី សូមថ្លែងអំណរគុណដល់អ្នកតំណាងប្រចាំប្រទេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា(UNDP) ក្នុងអាណត្តិមុនៗផង ប្រសិនជាគ្មានការគាំទ្រពីគាត់ទេ ក៏យើងមិនអាចសម្រេចបានលទ្ធផលល្អដូចក្នុងពេលនេះដែរ ហើយឯកឧត្តមបន្តសង្ឃឹមថា ក្នុងអាណត្តិរបស់លោកស្រី យើងនឹងនៅតែរួមគ្នា អាចសម្រេចបានលទ្ធផលល្អជាច្រើនទៀតផងដែរ៕ 

ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner