សិង្ហបុរី ម៉ាឡេស៊ីសន្យាបន្តបើកព្រំដែនទៀត ទោះបីពិភពលោកកំពុងបារម្ភពីវ៉ារ្យង់អូមីក្រុងក៏ដោយ

សិង្ហបុរី​នៅ​តែ​មាន​បំណង​ក្នុង​ការ​បន្ត​ពង្រីក​ច្រក​ធ្វើ​ដំណើរ​វ៉ាក់សាំង (VTL) ជាមួយ​ម៉ាឡេស៊ី​បន្ថែម​ទៀត ទោះ​បី​ជា​អង្គការ​សុខភាព​ពិភពលោក​ (WHO) កំពុង​តែ​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​វីរុស​កូវីដ-១៩ វ៉ារ្យង់​អូមីក្រុង។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក លី សៀនឡុង នាយករដ្ឋមន្ត្រី​សិង្ហបុរី។

លោក លី បាន​ថ្លែង​ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក អ៊ីស្មែល សាប្រ៊ី នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​មក​កាន់​ប្រទេស​សិង្ហបុរី។ នាយករដ្ឋមន្ត្រី​ទាំប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ការ​សម្ពោធ​ច្រក VTL តាម​ផ្លូវ​គោក ដោយ​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​អាច​ចេញ​-ចូល​ទៅ​រក​គ្នា​បាន​ដោយ​មិន​ឆ្លង​​កាត់​ការ​ធ្វើ​ចត្តាឡីស័ក។ យ៉ាងណាមិញ ក្នុង​ជំហាន​ដំបូង​អ្នក​ដំណើរ​ត្រូវ​មាន​អវិជ្ជមាន​ជំងឺ​កូវីដ-១៩ ២ថ្ងៃ​មុន​ចេញ​ដំណើរ ហើយ​ត្រូវ​តែ​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង ដែល​ចាត់​ចែង​ដោយ​ប្រទេស​ទាំង​ពីរ។

«ប្រាកដ​ណាស់ រឿង​ទាំង​នេះ​អាច​ធ្វើ​ឡើង​បាន​ដោយ​សារ​តែ​ស្ថានភាព​កូវីដ-១៩​អំណោយផល តែ​យើង​នៅ​តាម​ដាន​ប្រកប​ដោយ​ក្ដី​ព្រួយបារម្ភ​អំពី​ការ​វិវត្ត​នានា​របស់​វ៉ារ្យង់​អូមីក្រុង»។ នេះ​ជា​ការ​លើកឡើង​របស់​លោក លី។

លោក​បាន​បន្ថែម​ថា៖ «ទោះ​បី​ជា​វ៉ារ្យង់​អូមីក្រុង​បង្អាក់​ផែនការ​របស់​យើង គោលដៅ​របស់​យើង​នៅ​តែ​ដដែល​គឺ យើង​ត្រូវ​តែ​បើក​ព្រំដែន​រវាង​ម៉ាឡេស៊ី និង​សិង្ហបុរី​បន្ថែម​ទៀត»។

ជាមួយ​គ្នា​នេះ​ដែរ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​ក្នុង​ការ​បង្កើន​ការ​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​ឱ្យ​បាន​កាន់​តែ​ច្រើន​ និង​ទូលាយ​ថែម​ទៀត ជាមួយ​គ្នា​នេះ​ដែរ ក្រៅ​ពី​បើក​ព្រំដែន​តាម​ផ្លូវ​ឡាន​ក្រុង ភាគី​ទាំង​ពីរ​ក៏​សិក្សា​អំពី​វិធានការ​នានា​ក្នុង​ការ​បើក​ឱ្យ​ឆ្លង​កាត់​ដោយ​យានយន្ត​ឯកជន ហើយ​ឆ្លង​តាម​រថភ្លើង ក៏​ដូច​ជា​សាឡាង​ផង​ដែរ៕

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner