អ៊ីរ៉ង់ទាមទារឱ្យដកទណ្ឌកម្មជាបន្ទាន់ ខណៈពេលកិច្ចចរចានុយក្លេអ៊ែរចាប់ផ្ដើមឡើងវិញ

បន្ទាប់​ការ​ផ្អាក​អស់រយៈពេល​​ជិត​៦​ខែមកនេះ​ ការ​ចរចា​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​ ២០១៥​ បាន​ចាប់​ផ្ដើម​ឡើង​វិញ​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ ​នៅ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​វីយ៉ែន​ ប្រទេស​អូទ្រីស នៅ​ក្នុង​បរិយាកាស​ទុទ្ទិដ្ឋិនិយម​ជាង​មុន​។

ដោយមាន​​រដ្ឋាភិបាល​កាន់​តែមាន​ទំនោរ​ទៅ​និន្នាការ​បែប​​អភិរក្ស​និយម​នៅ​អ៊ីរ៉ង់​ និង​ក្រុម​អ្នក​ចរចា​អ៊ីរ៉ង់​ថ្មី​ ហើយ​មាន​អ្នក​វិភាគ​ចាត់ទុក​​ថាជា​​ការ​ចរចានេះ​​ត្រូវ​តែ​ចាប់​ផ្ដើម​តាមរយៈ​ជា​​ការ​ដក​ទណ្ឌកម្ម​ទាំង​ស្រុង ហើយ​វា​បែជា​មាន​លក្ខណៈ​​​ស្ងប់ស្ងាត់​ក្នុង​ចំណោម​អ្នក​ចរចា​លោក​ខាង​លិច​។

មន្ត្រី​ការបរទេស​សហភាពអ៊ឺរ៉ុប​​លោក​អង់រីខេ ម៉ូរ៉ា​ ​ដើរ​តួ​ជា​ប្រធាន​កិច្ចប្រជុំ​បាន​និយាយ​ថា​អ៊ីរ៉ង់​«បាន​ទទួល​ស្គាល់​ការងារ​ដែល​បាន​ធ្វើ​ក្នុង​រយៈ​ពេល​ប្រាំមួយ​ជុំ​កន្លង​មក​ ហើយ​ថា​យើង​នឹង​កសាង​បន្ថែម​ទៀត​ពី​លើ​នោះ​»​។ ប៉ុន្តែ​លោក​ក៏​បាន​និយាយ​ថា​អ៊ីរ៉ង់​កំពុង​តែ​ «ទទូច​លើ​ការ​ដក​ទណ្ឌកម្ម​ជា​បន្ទាន់»​ ហើយ​វា​​ទំនង​ជា​មិន​អាច​ទទួល​យក​បាន​សម្រាប់ភាគី​​ទីក្រុង​វ៉ាស៊ីនតោន​។

បន្ថែម​ពី​លើ​នេះ​អនុ​រដ្ឋមន្ត្រី​ការបរទេស និង​អ្នក​ដឹកនាំ​ក្រុម​អ្នក​ចរចា​អ៊ីរ៉ង់​លោក​អាលី បាហ្គារី កានី​ បាន​និយាយ​ថា​អ៊ីរ៉ង់​ក៏​កំពុង​ទាមទារ​ ឱ្យ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ធ្វើ​ការ​សន្យា​ថា​ពួកគេ​នឹង​មិន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់​។

មន្ត្រី​អឺរ៉ុប​មួយ​រូប​ ដែល​បាន​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ក៏​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​ភាគី​អ៊ីរ៉ង់​បាន​គំរាម​ថា​ខ្លួន​នឹង​ពន្លឿន​កម្មវិធី​នុយក្លេអ៊ែរ​ ប្រសិន​ការ​ទាមទារ​ទាំង​នេះ​មិន​ត្រូវ​បាន​បំពេញ​។

ប៉ុន្តែ​នៅ​ក្នុង​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​រក្សា​ការ​ចរចា​ឱ្យ​នៅ​រស់ អ៊ីរ៉ង់​បាន​យល់​ព្រម​បន្ត​ការ​ចរចា​នៅ​ថ្ងៃ​អង្គារ​នៅ​ក្នុង​ក្រុម​ការងារ​មួយ​ក្នុង​ចំណោម​ក្រុម​ការងារ​ចំនួន​បី​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ការ​ចរចា​ជុំ​មុន​ៗ​។ អ៊ីរ៉ង់​បាន​យល់ព្រម​ចូល​រួម​ក្នុង​ក្រុម​ការងារ​ពិភាក្សា​ការ​ដក​ទណ្ឌកម្ម​អាមេរិក ខណៈ​ពេល​ដែល​ក្រុម​ការងារ​លើ​បញ្ហា​នុយក្លេអ៊ែរ​ និង​ក្រុម​ការងារ​លើ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ថ្មី​ប្រសិន​បើ​ការ​ចរចា​បាន​ជោគ​ជ័យ​ នឹង​មិន​ធ្វើ​ការ​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​ទេ​។

លោក ម៉ូរ៉ា បាន​និយាយ​ថា ក្រុម​ការងារ​នុយក្លេអ៊ែរ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ពុធ។ លោក​បាន​និយាយ​ថា «មាន​ភាព​បន្ទាន់» ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ប៉ុន្តែ «មិនមាន​ការ​កំណត់​ពេល​វេលា​ជាក់​ស្ដែង​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​ទេ​»​។

អឺរ៉ុប​សម្ដែង​ការចាប់អារម្មណ៍​ដោយកត់សម្គាល់​​ថា​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ក្រុម​ការងារ​ទាំង​បី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ចរចា​មុន​ៗ បើ​ទោះ​បី​ជា​អ៊ីរ៉ង់​បដិសេធ​មិន​ធ្វើ​ការ​ចរចា​ដោយ​ផ្ទាល់​ជា​មួយ​អាមេរិក​ក៏​ដោយ​។

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​ ២០១៥ បានស​ម្រួល​ដល់​ការ​​ដក​ទណ្ឌកម្ម​អន្តរជាតិ​ ជា​ថ្នូរ​នឹង​ការ​ដាក់​កម្រិត​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។ កាល​ពី​ឆ្នាំ​២០១៨ អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ដក​ខ្លួន​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​ ហើយ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី​ទៅ​លើ​អ៊ីរ៉ង់​។ អ៊ីរ៉ង់​បាន​ព្យាយាម​បន្ត​អនុលោម​តាម​កិច្ចព្រមព្រៀង​បាន​មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​ដក​ខ្លួន​របស់​អាមេរិក​ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក​ទីភ្នាក់ងារ​ឃ្លាំ​មើល​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា​កម្មវិធី​របស់​អ៊ីរ៉ង់​បាន​ដើរ​ទៅ​មុខ​យ៉ាង​លឿន​។ អ៊ីរ៉ង់​ប្រើមធ្យោបាយ​​ទប់ទល់​នឹង​ផល​ប៉ះពាល់​នៃ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ ដោយ​មាន​ជំនួយ​ពី​សម្ព័ន្ធ​មិត្ត​រុស្សី និង​ចិន ដែល​ប្រទេស​ទាំង​ពីរ​នេះ​បាន​ប្រឆាំង​ការ​ដក​ខ្លួន​កាល​ពី​ឆ្នាំ​ ២០១៨​របស់​អាមេរិក​។

ក្រុង​វ៉ាស៊ីនតោន​បាន​បង្ហាញ​ថា​ពួកគេ​នឹង​មិន​ដក​ទណ្ឌកម្ម​ដោយ​ឯកតោភាគីនោះ​​ទេ​ ប្រសិន​បើ​អ៊ីរ៉ង់​មិន​ត្រឡប់​ទៅ​អនុលោម​តាម​កិច្ចព្រមព្រៀង​មុនៗ​ ហើយខ្លួន​​បាន​ច្រានចោល​ការ​ទាមទារ​របស់​អ៊ីរ៉ង់​សម្រាប់​ការ​ធានា​ថា​អាមេរិក​​នឹង​មិន​បោះបង់​ចោល​កិច្ច​ព្រមព្រៀង​នេះ​ទៀត​ទេ​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ គេ​រំពឹង​ថា​ការ​ចរចា​នេះ​នឹង​មិន​រលត់​សាបសូន្យ​ទេ​ ហើយ​វា​​អាច​នឹង​បង្ក​ឱ្យ​មាន​ការ​ប្រឈម​មុខ​ដ៏​តានតឹង​មិន​ធ្លាប់​មាន​ពី​មុន​មក​៕

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner