រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអនុញ្ញាតិអោយឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចួលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

នៅរសៀលថ្ងៃអង្គារ ១១រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម ង្វៀន ហ៊ុយតាំង អគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើមសម្ដេច បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងសូមយកឱកាសនេះដង្ហែរតាមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងសម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ចូលរួមអបអរសាទរឯកឧត្តមដែលត្រូវបានរដ្ឋាភិបាលវៀតណាមតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេច ក៏បានសម្ដែងការជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត សូមទទួលបានជោគជ័យត្រចះត្រចង់ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ជាពិសេសការចូលរួមចំណែកបន្តរឹតចំណងមិត្តភាពប្រទេសទាំងពីរ កម្ពុជា វៀតណាម ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត និងថាក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចត្រៀមខ្លួនជានិច្ចក្នុងការជួបពិភាក្សាការងារ និងដោះស្រាយកិច្ចការផ្សេងៗជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត។

ជាការឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម បានចូលរួមសម្ដែងមរណទុក្ខដ៏ក្រៀមជាមួយសម្ដេចនិងក្រុមគ្រួសារចំពោះការបាត់បង់បងស្រីជាទីគោរពស្រលាញ់របស់សម្ដេច ដែលទទួលមរណភាពកាលពីពេលកន្លងទៅថ្មីៗនេះ ហើយជាមួយគ្នានេះឯកឧត្តម ក៏បានជម្រាបជូននូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ព្រមទាំងថ្នាក់ដឹកនាំវៀតណាមជូនចំពោះសម្ដេចផងដែរ។

ឯកឧត្តម បានជម្រាបសម្ដេចក្រឡាហោម ថាចឯកឧត្តមផ្ទាល់ពិតជាមានកិត្តិយសណាស់ដែលបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ក៏បានជម្រាបសម្ដេច ថាក្នុងរយៈកាលកន្លងមកនេះ ឯកឧត្តម ក៏បានមានឱកាសធ្វើការនៅកម្ពុជា និងបានមើលឃើញ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរីកចំរើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងការដឹកនាំរបស់សម្ដេចប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងសម្ដេចប្រមុខរាជរដ្ឋាភិបាល ជាមួយសេចក្ដីសង្ឃឹមជឿជាក់ថាកម្ពុជានឹងមានវឌ្ឍនភាពរីកចំរើនបន្ថែមទៀត។
ឯកឧត្តម ក៏បានសម្ដែងការអបអរសាទរចំពោះទំនាក់ទំនងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងថាវៀតណាម ក៏បានសម្ដែងការដឹងគុណជូនព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់គាំទ្រដល់បុព្វហេតុនៃការតស៊ូទាមទារឯករាជ្យរបស់វៀតណាមផងដែរ។

ឯកឧត្តម បន្តថាជាការពិតណាស់ប្រទេសទាំងពីរ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ រាប់ទាំងនយោបាយ សេដ្ឋកិច្ច ការទូត និងសន្តិសុខ ហើយថានៅក្នុងអាណត្តិការទូតនេះ ឯកឧត្តមនឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចំរើនទៅមុខបន្ថែមទៀត។

ចំពោះកិច្ចសហប្រតិបត្តការក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តម បានសម្ដែងក្ដីរីករាយចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និតរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ដោយឯកឧត្តមនឹងបន្តជំរុញការអនុវត្តទាំងឡាយនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ទាំងលើការងារសន្តិសុខ ការងារផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមក និងការពិនិត្យលទ្ធភាពរៀបចំព្រឹត្តិការណ៍អបអរសាទរខួបលើកទី៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំ២០២២ខាងមុខ ឱ្យទទួលបានជោគជ័យ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម បានសម្ដែងការអរគុណ និងគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ហើយចំពោះកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ សម្ដេចក៏បានជម្រាបថាក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម មានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរ និងបានអនុវត្តយន្តការសហប្រតិបត្តិការយ៉ាងទៀតទាត់ក្នុងក្របខណ្ឌនៃការងារសន្តិសុខ។

ជាទីបញ្ចប់ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការអបអរសាទរជាថ្មីម្ដងទៀត និងសូមជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតសូមទទួលបានជោគជ័យនៅក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕ដោយ-រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner