AVIVoice Ep49: ការបោះឆ្នោតនៅលីប៊ី និងស្ថានភាពមនុស្សធម៌

អត្ថបទដោយ៖
AMS

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ប្រទេសលីប៊ីនឹងបើកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួន បន្ទាប់ពីមានការពន្យាពេលបោះឆ្នោតតាំងពីឆ្នាំ២០១៨ ហើយក៏មានការចូលរួមពីសំណាកតួអង្គអន្តរជាតិជាច្រើនរួមមានអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកជាដើម។ បើទោះជាយ៉ាងណា ស្ថានភាពនៃវិបត្តិមនុស្សធម៌នៅលីប៊ីនៅតែបន្តអូសបន្លាយ ដោយសារតែអស្ថិរភាពនយោបាយ សន្តិសុខ និងសង្គមចាប់តាំងពីរបបរបស់លោក Gaddafi ត្រូវបានដួលរលំនៅឆ្នាំ២០១១។ ក្នុងកិច្ចសម្ភាហ៍នេះ លោក ធិន វុត្ថា បានបកស្រាយពីទិដ្ឋភាពទូទៅនៃការបោះឆ្នោតនៅលីប៊ីខាងមុខនេះ និងមូលហេតុធំចម្បងដែលបង្កនូវវិបត្តិមនុស្សធម៌ដ៏រាំរ៉ៃនៅប្រទេសនេះ។

សំណួរទី១៖ ប្រទេសលីប៊ីបានប្រកាសពីការបោះឆ្នោតជាសកលរបស់ខ្លួននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ តើការបោះឆ្នោតនៅប្រទេសលីប៊ីមានដំណើរការបែបណា? ហេតុអ្វីបានជាការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងតាំងពីឆ្នាំ២០១៨ ត្រូវបានពន្យារហូតដល់ពេលនេះ?

ខ្ញុំយល់ឃើញថា ដែលការបោះឆ្នោតនៅលីប៊ីគ្រោងធ្វើឡើងតាំងពីឆ្នាំ២០១៨ ប៉ុន្តែមិនអាចដំណើរការបានរហូតមកដល់បច្ចុប្បន្ននេះគឺ មែនទែនទៅយើងបានដឹងហើយថាគម្រោងរបស់លីប៊ីរៀងចំការបោះឆ្នោតនៅខែធ្នូ ឆ្នាំ២០១៨ ប៉ុន្តែដោយសារតែស្ថានភាពនៅលីប៊ីមានភាពរកាំរកូស ជម្លោះផ្ទៃក្នុង ការបាញ់បោះ ក៏ដូចជាអស្ថិរភាពជាដើម ដែលជាហេតុធ្វើឱ្យគម្រោងការរៀបចំការបោះឆ្នោតនៅចុងឆ្នាំ២០១៨ នេះមិនអាចដំណើរការបាន។ ហើយកាលនោះ ក៏មានអ្នកតំណាងរបស់អង្គការសហប្រជាជាតិផងដែរគឺ លោក Ghassan Salamé ​​បានប្រកាសពន្យាពេលការបោះឆ្នោតនេះដោយសំអាងទៅលើបញ្ហាដូចបានរៀបរាប់ខាងលើ។ ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៩ កូនប្រុសរបស់អតីតប្រធានាធិបតីលីប៊ី លោក Muammar Gaddafi គឺលោក Saif al-Islam Gaddafi បានអំពាវនាវឱ្យមានការបោះឆ្នោតឱ្យកាន់តែបានឆាប់ ដោយឡែកត្រូវបានពន្យាពេលសារជាថ្មីដោយសារយុទ្ធនាការរបស់បញ្ជាការ Khalifa Haftar នៅលីប៊ីខាងលិច។ បន្ទាប់មកពីរខែក្រោយជម្លោះភាគីទាំងសងខាងនឹងគឺ លីប៊ីក៏បានប្រកាសទម្លាក់អាវុធជាបណ្ដោះអាសន្ន ហើយជាក់ស្ដែងគឺ ភាគីទាំងពីរនឹងក៏បានព្រមព្រៀងគ្នាសន្យានឹងរៀបចំការបោះឆ្នោតឡើងវិញ។

ដូច្នេះហើយ តាមរយៈការព្រមព្រៀងគ្នាក៏ដូចជាតាមរយៈការទម្លាក់អាវុធជាបណ្ដោះអាសន្ន អន្តរជាតិនិងបណ្ដាប្រទេសផ្សេងៗទៀតបានសង្កេតឃើញថា សន្តិភាពនៅលីប៊ីកំពុងតែមានពន្លឺរះឡើងវិញហើយ តាមរយៈកិច្ចសហការសម្របសម្រួលពីអង្គការសហប្រជាជាតិផងដែរ ដែលកិច្ចសម្របសម្រួលនោះត្រូវបានគេសង្កេតឃើញថារយៈការបង្កើតនូវកិច្ចព្រមព្រៀងឈប់បាញ់ជាអចិន្រ្តៃយ៍ ពីគូភាគីជម្លោះទាំងពីរនោះ នៅថ្ងៃទី២៣ តុលា ឆ្នាំ២០២០។ ដូច្នេះហើយទើបបណ្ដាប្រទេសនានានៅលើពិភពលោករំពឹងទុក ហើយសង្កេតឃើញថាសន្តិភាពនឹងចាប់ផ្ដើមរះឡើងវិញនៅលីប៊ី។ តួយ៉ាងដូចយើងដឹងស្រាប់ហើយថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅលីប៊ីខែធ្នូ ឆ្នាំ២០២១ នេះគឺនឹងបង្កើតឡើងមានពីរជុំ ដែលជុំទីមួយនឹងចាប់ផ្ដើមឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ និងជុំទីពីរចាប់ផ្ដើមនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

សំណួរទី២៖ យើងឃើញថាស្ថានភាពមនុស្សធម៌នៅប្រទេសលីប៊ី មិនមានភាពល្អប្រសើរឡើង ដែលបង្កឡើងដោយបញ្ហាជាច្រើនកំពុងកើតឡើងក្នុងប្រទេស គួបផ្សំនឹងវិបត្តិនៃជម្ងឺរាតត្បាតកូវីដ-១៩ ផងដែរ។ តើលោកអាចពន្យល់សង្ខេបបន្តិចបានទេអំពីដំណើរការនៃស្ថានភាពវិបត្តិមនុស្សធម៌ នៅប្រទេសលីប៊ី និងដំណើរដើមទងនៃការបង្កឱ្យមានវិបត្តិមនុស្សធម៌នេះកើតឡើង និងអូសបន្លាយមកដល់សព្វថ្ងៃ?

ពាក់ព័ន្ធនឹងបញ្ហានេះខ្ញុំចង់គូសបញ្ជាក់ផងដែរ ចំពោះវិបត្តិមនុស្សធម៌នៅលីប៊ីគឺមានការធ្លាក់ចុះយ៉ាងកំហុក ដោយសារតែសង្រ្គាមរាំរ៉ៃរយៈពេល ១១ឆ្នាំ ក្រោយពីការដួលរំលំរបបដឹកនាំរបស់ al-Gaddafi លីប៊ីទាំងមូលត្រូវបានបែកបាក់ និងត្រូវបានបែងចែកការគ្រប់គ្រងជាពីតំបន់។ ដែលជាហេតុនាំឱ្យមានវិបត្តិសង្រ្គាមរាំរ៉ៃជាង ១១ឆ្នាំ ដែលប៉ះពាល់ទៅដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែងយើងឃើញហើយថា ប្រជាពលរដ្ឋប្រមាណ ១.៣ លាននាក់កំពុងតែត្រូវការជំនួយមនុស្សធម៌ជាចាំបាច់ក៏ដូចជាជំនួយសុខាភិបាលផងដែរ។ ហើយដែលយើងឃើញហើយថា បច្ចុប្បន្នកំពុងតែស្ថិតក្នុងកាលៈទេសៈនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ គួបផ្សំទៅនឹងសង្រ្គាមរាំរ៉ៃ ប្រជាពលរដ្ឋខ្វះទីលំនៅ ខ្វះស្បៀងអាហារធ្វើឱ្យប្រជាពលរដ្ឋនៅលីប៊ីរងផលប៉ះពាល់យ៉ាងខ្លាំងចំពោះវិបត្តិមនុស្សធម៌។ ជាងនេះទៅទៀត ខ្ញុំចង់គូសបញ្ជាក់ផងដែរថា ដើមចមដែលនាំឱ្យមានការកើននូវវិបត្តិមនុស្សធម៌របស់លីប៊ីទាំងមូលនេះគឺ ដោយសារក្រុមបដិវត្តិចង់ផ្លាស់ប្ដូរការដឹនាំថ្មី ពីព្រោះពួកគាត់យល់ឃើញថាការដឹកនាំរបស់ Muammar Gaddafi រយៈពេល ៤២ឆ្នាំនេះគឺជាការដឹកនាំផ្ដាប់ការដែលនាំឱ្យប្រជាពលរដ្ឋរស់នៅទាំងគ្មានសិទ្ធិសេរីភាព ក៏ដូចជាមានការរំលោភបំពានសិទ្ធិផ្សេងៗទៀតផងដែរ។ ដូច្នេះហើយទើបក្រុមបដិវត្តិរួមគ្នាធ្វើបដិវត្តិក្រោមជំនួយពីមហាអំណាចបរទេសមួយចំនួន ធ្វើរដ្ឋប្រហារទំលាក់ថ្នាក់ដឹកនាំ Muammar Gaddafi។ ប៉ុន្តែជាលទ្ធផលនៃការរំពឹងទុករបស់ក្រុមបដិវត្តិទាំងនោះគឺ ផ្ទុយស្រលះទៅនឹងការពិត ដែលធ្វើឱ្យលីប៊ីកាន់តែធ្លាក់ទ្រុតទ្រោមទៅក្នុងសង្រ្គាមរាំរ៉ៃរយៈពេល ១១ឆ្នាំបន្ថែមទៀត។ ការធ្លាក់ចុះនៃលីប៊ីទាំងមូលមិនត្រឹមតែប៉ះពាល់ទៅដល់ស្ថានភាពនយោបាយ និងសង្គមប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យលីប៊ីទាំងមូលរងនូវវិបត្តិសេដ្ឋកិច្ចធ្លាក់ដុនដាបកាន់តែធ្ងន់ធ្ងរផងដែរ។ យើងឃើញហើយថា ពាណិជ្ជកម្មប្រេងរបស់លីប៊ីធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែមានការក្លែងបន្លំហើយក៏ដូចជាមានការបាញ់កម្ទឹចនូវពាណិជ្ជកម្មប្រេង ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់លីប៊ីកាន់តែធ្លាក់ដុនដាប ព្រមទាំងធ្វើឱ្យប្រជាពលរដ្ឋកាន់តែខ្វះខាត ក៏ដូចជាសេដ្ឋកិច្ចទាំងមូលត្រូវបានបំផ្លាញ។

ហេតុផលទាំងនេះហើយដែលនាំឱ្យវិបត្តិមនុស្សធម៌នៅលីប៊ី កាន់តែបន្តកើតមានរហូតដល់ពេលបច្ចុប្បន្ននេះ។ ដរាបណាគូភាគីជម្លោះទាំងពីរនៅមិនទាន់មានការ​ឯកភាពគ្នា ស្វែងរកនូវគោលនយោបាយឈ្នះៗណាមួយក៏ដូចជាមិនទាន់យល់ព្រមលើការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីសម្រាប់លីប៊ីនោះទេ គឺបញ្ហាវិបត្តិមនុស្សធម៌នៅលីប៊ី នៅតែបន្តកើតមានតទៅទៀតបែបនេះ។ ប្រសិនបើក្នុងករណីដែលប្រទេសដែលជាសមាជិកក៏ដូចជាប្រទេសដែលជាភាគីជម្លោះនៅក្នុងលីប៊ី ព្រមព្រៀង​ឯកភាពគ្នាដើម្បីបញ្ចប់សង្រ្គាម និងឯកភាពលើការជ្រើសរើសថ្នាក់ដឹកនាំថ្មីតាមរយៈការបោះឆ្នោតខាងមុខនេះ ខ្ញុំសង្ឃឹមថាលីប៊ីនឹងវិវត្តិទៅស្ថានការដូចប្រក្រតីឡើងវិញ ហើយបញ្ហាមនុស្សធម៌នៅលីប៊ីក៏ត្រូវបានកាត់បន្ថយផងដែរ។

សំណួរទី៣៖ ក្រុមអ្នកឃ្លាំមើលសិទ្ធមនុស្សអន្តរជាតិមួយចំនួន បានចោទសួរអំពីសេរីភាពនិងយុត្តិធម៌លើការបោះឆ្នោតខាងមុខនេះ។ បើតាមការយល់ឃើញរបស់លោកផ្ទាល់ តើការបោះឆ្នោតនៅប្រទេសលីប៊ីក្នុងខែធ្នូខាងមុខនេះ អាចនឹងផ្ដល់នូវសេរីភាពដល់ប្រជាជន និងយុត្តិធម៌លើលទ្ធផលបោះឆ្នោតដែរឬទេ?

មែនទែនទៅទាក់ទងទៅនឹងសេរីភាពរបស់ប្រជាជនលីប៊ីបន្ទាប់ពីការបោះឆ្នោត ក៏ដូចជាលទ្ធផលថាតើក្រោយការបោះឆ្នោតនឹងលទ្ធផលមានភាពយុត្តិធម៌យ៉ាងណានោះ យើងមិនអាចសន្មតបាននៅឡើយទេ។ ចំពោះគំនិតយោបល់របស់ខ្ញុំ សេរីភាពរបស់ប្រជាពលរដ្ឋលីប៊ីក្រោយការបោះឆ្នោតនៅឆ្នាំ២០២១ខាងមុខនេះ គឺនៅមានភាពស្រពេចស្រពិលនៅឡើងទេ។ យើងក៏មិនអាចសន្និដ្ឋានបានថា បន្ទាប់ពីមានការបោះឆ្នោតនៅចុងឆ្នាំ២០២១នេះ អាចធ្វើឱ្យសេរីភាពរបស់ប្រជាពលរដ្ឋនៅប្រទេសលីប៊ីទាំងមូលអាចនឹងឈានទៅរកភាពល្អប្រសើរជាងមុនឬយ៉ាងណានោះទេ។ ប៉ុន្តែជាក់ស្ដែងគេសង្កេតឃើញថា ការបោះឆ្នោតខាងមុខនេះមានការចូលរួមច្រើនពីអន្តរជាតិទាំងសមាគមន៍អន្តរជាតិ និងបណ្ដាប្រទេសនានា ជាពិសេសគេឃើញមានវត្តមានរបស់សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិផងដែរ។

ជាក់ស្ដែងបើតាមការលើកឡើងរបស់សារព័ត៌មាន Al Jazeera មកដល់ពេលនេះមានប្រជាជនលីប៊ីប្រមាណ ៧០០នាក់បានចុះឈ្មោះទៅបោះឆ្នោតនៅថ្ងៃទី២៤ ខែធ្នូខាងមុខនេះ។ បើតាមសារព័ត៌មាននេះទៀតសោធ អាជ្ញាធររបស់លីប៊ីត្រូវបានអ្នកឃ្លាំមើលសិទ្ធមនុស្សអន្តរជាតិ ស្នើឱ្យលុបចោលរាល់បទដ្ឋានច្បាប់ដែលរឹតបន្តឹងទាំងអស់មុនពេលបោះឆ្នោតចូលមកដល់។ ហើយក្នុងនោះគេឃើញមានបទបញ្ញត្តិច្បាប់ទាំងឡាយដែលបង្កើតឡើងដើម្បីបិតបាំងសារព័ត៌មាន ឬក៏ការដាក់ទណ្ឌកម្មក្នុងការចូលរួមពីអង្គការដែលមិនស្របច្បាប់ ឬក៏បទដ្ឋានដែលកាត់បន្ថយសិទ្ធិក្នុងការជួបជុំដោយសន្តិវិធីជាដើម។

ចំពោះលទ្ធផលវិញ ខ្ញុំក៏មិនអាចនឹងនិយាយបានថាការបោះឆ្នោតនេះនឹងកើតចេញជាលទ្ធផលមួយដែលយុត្តិធម៌ ឬក៏ឥតខ្ចោះនោះទេ គ្រាន់តែថាលទ្ធផលដែលគេរំពឹងទុកគឺជាលទ្ធផលមួយដែលល្អប្រសើរជាងលទ្ធផលពីមុន។ ប៉ុន្តែជាក់ស្ដែង លទ្ធផលយុត្តិធម៌ក្រោយការបោះឆ្នោតនេះ សាធារណមតិក៏បានលើកឡើងថាវាពុំអាចនឹងកើតឡើងផងដែរ ប្រសិនបើលីប៊ីបច្ចុប្បន្ននេះនៅខ្វះវត្តមាននីតិរដ្ឋ ភាពយុត្តធម៌ និងគណនេយ្យភាព។ គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតខាងមុខនេះត្រូវបានអន្តរជាតិផ្ដល់នូវក្ដីសង្ឃឹមថា នឹងអាចជួយកសាងសន្តិភាព និងការរួបរួមជាតិលីប៊ីឡើងវិញបន្ទាប់ពីការដួលរលំរបប al-Gaddafi តាំងពីឆ្នាំ២០១១មក។ ដូច្នេះហើយ ការបោះឆ្នោតនេះត្រូវបានគេសង្ឃឹមថានឹងអាចជួយស្ដារនូវស្ថានការអាក្រក់ទាំងអស់នោះមកវិញ។ ជាក់ស្ដែងយើងឃើញថា សេចក្ដីថ្លែងការណ៍រួមមួយនៃបណ្ដាស្ថានទូតនៃប្រទេសខាងលិចរួមមាន បារាំង អាល្លឺម៉ង់ អ៊ីតាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកផងដែរ កាលពីពាក់កណ្ដាលខែកញ្ញាកន្លងមក បានរួមគ្នាជំរុញឱ្យគ្រប់ភាគីទាំងអស់ នៅក្នុងប្រទេសលីប៊ី ធានាឱ្យបាននូវការបោះឆ្នោតប្រកបដោយភាពរលូន ដោយបានគូសបញ្ជាក់ថា «គ្រប់ភាគីតួអង្គនយោបាយទាំងអស់គួរតែទទួលស្គាលថា ឥឡូវនេះវាដល់ពេលហើយនៅក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយគ្នា និងបញ្ចប់យន្តការនានា នៅក្នុងការរៀបចំទៅរកការបោះឆ្នោត ដើម្បីជាការឆ្លើយតបទៅនឹងកង្វល់ របស់ពលរដ្ឋលីប៊ីទាំងអស់»។

ប៉ុន្តែយើងសង្កេតឃើញថា មានក្ដីសង្ឃឹមពីសំណាក់បណ្ដាប្រទេសអន្តរជាតិនានា ក៏ដូចជាបណ្ដាភាគីផ្សេងៗនៅលើពិភពលោកក៏ដោយ ក៏មានមតិមួយចំនួនបានលើកឡើងនិងផ្ដល់ក្ដីកង្វល់ទាក់ទងនឹងការបោះឆ្នោតនៅលីប៊ីផងដែរ។ ជាក់ស្ដែង លោក Wolfram Lacherអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាកិច្ចការអន្តរជាតិ និងសន្តិសុខ នៅប្រទេសអាល្លឺម៉ង់ បានលើកឡើងថា គេសង្ឃឹមតិចណាស់ ថារដ្ឋាភិបាលបណ្ដោះអាសន្នថ្មីរបស់លីប៊ីនេះ នឹងអាចប្រមូលផ្ដុំការគាំទ្រពីគ្រប់ក្រុមនយោបាយនឹងក្រុមប្រដាប់អាវុធទាំងអស់។ យ៉ាងណាមិញ មានមនុស្សមួយចំនួន បានលើកឡើងផងដែរថា គម្រោងចង់រៀបចំការបោះឆ្នោតនៅខែធ្នូ គឺមិនអាចធ្វើទៅបាននោះទេ៕ តែទោះជាយ៉ាងណាគេសង្ឃឹមថា ការបោះឆ្នោតនេះគឺជាដំណឹងល្អនៃការរៀបចំរដ្ឋាភិបាលអន្តរកាលថ្មីនេះ នឹងមិនធ្វើឱ្យប្រជាជនលីប៊ីខកបំណងម្ដងទៀតឡើយ។

យ៉ាងណាមិញ ខ្ញុំក៏យល់ឃើញថាការបោះឆ្នោតនៅលីប៊ីខាងមុខនេះ អាចនឹងធ្វើឱ្យប្រទេសលីប៊ីទាំងមូលរួចផុតពីស្ថានភាពរកាំរកូសដូចសព្វថ្ងៃនេះ ដោយខ្ញុំជឿជាក់ថារាល់ការសម្របសម្រួលក៏ដូចជាការអនុវត្តនូវបទឈប់បាញ់ និងការទម្លាក់ជាបណ្ដោះអាសន្ននូវអាវុធ ហើយបែរមុខរកគ្នាដើម្បីរួបរួមគ្នាទៅរកការបោះឆ្នោតជ្រើសរើសថ្នាក់ដឹននាំមួយសម្រាប់ប្រទេសជាតិមួយ។ ហើយខ្ញុំគិតថាវានឹងអាចជួយឱ្យលីប៊ីកាត់បន្ថយនូវស្ថានភាពតានតឹង ក៏ដូចជាធ្វើឱ្យប្រជាពលរដ្ឋត្រឡប់ចូលស្រុកមកវិញ ហើយរស់នៅដោយសេរីភាព និងសុខដុមរមនាដូចកាលប្រទេសលីប៊ីមិនទាន់ធ្លាក់ចូលទៅក្នុងសង្រ្គាមរាំរ៉ៃ។ ដូច្នេះហើយ ខ្ញុំជឿជាក់យ៉ាងមុតមាំថាគ្រប់បណ្ដាភាគីទាំងអស់ក៏យល់ច្បាស់អំពីផលលំបាកដែលកើតឡើងដោយសង្រ្គាមនេះដែរ។ ពីព្រោះថានៅពេលដែលគាត់បន្តនូវភាពរាំរ៉ៃ ក៏ដូចជាស្ថានភាពដែលនាំឱ្យមានក្ដីកង្វល់ជូនប្រជាពលរដ្ឋលីប៊ី ដូច្នេះលីប៊ីអត់អាចវិលទៅរកស្ថានភាពដើមវិញបានទេដរាបណាភាគីទាំងអស់ព្រមកាត់បន្ថយនូវភាពតានតឹង ទើបលីប៊ីអាចត្រលប់ទៅរកភាពស្ងប់ស្ងាត់ដូចកាលពីមុនបាន។

សំណួរទី៤៖ តើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅប្រទេសលីប៊ីលើកនេះ អាចនឹងផ្ដល់នូវការផ្លាស់ប្ដូរអ្វីខ្លះនៅលីប៊ី ជាពិសេសទៅលើវិបត្តិមនុស្សធម៌នៅប្រទេសនេះ?

មែនទែនទៅការរៀបចំការបោះឆ្នោតជាសកលនៅថ្ងៃទី២៤ ខែធ្នូខាងមុខនេះគឺត្រូវបានរៀបចំឡើងបន្ទាប់ពីវេទិកានៃកិច្ចសន្ទនានយោបាយលីប៊ី គាំទ្រដោយអង្គការសហប្រជាជាតិ (UN) ដែលត្រូវបានប្រារព្វឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងសេចក្ដីប្រកាសនៃដំណោះស្រាយលេខ ២៥៧០ របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ ទាំងអស់នេះគឺជាជំហានគន្លិះ ដែលអន្តរជាតិត្រួសត្រាយ ដើម្បីធ្វើការបង្រួបបង្រួមជាតិលីប៊ីឡើងវិញ ហើយលទ្ធផលទាំងអស់នេះ គួរតែបានគោរពដោយគ្រប់ភាគីទាំងអស់។ទោះបីជាភាគីជម្លោះទាំងពីរបានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ និងបង្កើតរដ្ឋាភិបាលរួមដែលមានការទទួលស្គាល់ពីភាគីទាំងពីរក៏ដោយ ក៏នេះមិនអាចបញ្ជាក់បានថាប្រទេសលីប៊ីនឹងជិតដល់ត្រើយសន្តិភាណនៅឡើយទេ។ ចំពោះប្រទេសលីប៊ីដែលមិនដែលមានមូលដ្ឋានប្រជាធិបតេយ្យក្នុងប្រវត្តិសាស្រ្តនៃរបបនយោបាយ ប្រទេសនេះនឹងប្រឈមមុខនឹងការប្រកួតប្រជែងដណ្ដើមគ្នា ដើម្បីកាន់កាប់ធនធានប្រឹងដ៏មានតម្លៃ កំឡុងពេលរដ្ឋាភិបាលមជ្ឈិមកណ្ដាលនឹងនៅតែទន់ខ្សោយ។ ប្រទេសលីប៊ីក៏អាចនៅតែខ្វះមូលដ្ឋាននៃអត្តសញ្ញាណជាតិរួមមួយដែលអាចនាំឱ្យប្រទេសបែកបាក់ ប្រសិនបើបញ្ហាធំៗ ខាងលើមិនមានវិធានការដោះស្រាយនោះទេ៕

វាគ្មិន៖ លោក ធិន វុត្ថា នាយករងខុទ្ទកាល័យ នៃក្រសួងយុត្តធម៌ និងជាសាស្រ្តាចារ្យផ្នែកច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE)

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner