Cambodia2050 Ep29: កិត្យានុភាពកម្ពុជាផ្នែកវប្បធម៍លើឆាកអន្តរជាតិ

អត្ថបទដោយ៖
AMS

កម្ពុជាបានក្លាយជាប្រទេសនៃបណ្តុំសិល្បៈ វប្បធម៌ ក្នុងរៀបចំមហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្លូវការនៃកិច្ចប្រជុំជំនួបកំពូលកម្រិតពិភពលោក។ ទាក់ទងទៅនឹងព្រឹត្តិការណ៍ដ៏មានន័យទូលំទូលាយនេះ កម្ពុជានឹងបើកកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនេះនៅថ្ងៃទី២៥-២៦ គឺកិច្ចប្រជុំកំពូលធំតែម្ដង ដោយឡែកនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ យើងនឹងមានព្រឹត្តិការណ៍អម។ ព្រឹត្តិការណ៍អមនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំនៅមហោស្របវប្បធម៌អាស៊ី-អឺរ៉ុប ២០២១ ដែលនៅក្នុងការរៀបចំនេះ ក្រសួងបានសហការជាមួយមូលនិធិអាស៊ី-អឺរ៉ុប ហើយនឹងសហភាពអឺរ៉ុប ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបរបស់យើង នេះជាព្រឹត្តិការណ៍ដ៏ធំមែនទែន។ សូមបញ្ជាក់ថា មហោស្រពវប្បធម៌អាស៊ីអឺរ៉ុបនឹងរៀបចំនៅថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០២១ នេះ។

សំនួរ៖ ជាដំបូង នាងខ្ញុំសូមអនុញ្ញាតជម្រាបសួរលោកបណ្ឌិត អំពីព្រឹត្តិការណ៍មហោស្រពអាស៊ី-អឺរ៉ុប ដែលក្រោមប្រធានបទទាក់ទងទៅនឹងវប្បធម៌អាស៊ី-អឺរ៉ុប តើព្រឹត្តិការណ៍នេះ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកានេះ យើងនឹងផ្ដោតសំខាន់ទៅលើអ្វី ហើយនៅក្នុងនោះផងដែរ យើងចង់ដឹងថាកម្ពុជាយើង ដើម្បីបង្ហាញទៅពិភពលោកទាំងមូល ថាតើយើងនឹងលើកយកនូវប្រភេទវប្បធម៌ ក៏ដូចជាទាក់ទងទៅនឹងសិល្បៈអ្វី មកបង្ហាញនៅក្នុងមហោស្រពដ៏អស្ចារ្យមួយនេះ?

ទាក់ទងទៅនឹងព្រឹត្តិការណ៍ដ៏មានន័យទូលំទូលាយណាស់សម្រាប់កម្ពុជាយើង យើងនឹងបើកកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនេះនៅថ្ងៃទី២៥-២៦ គឺកិច្ចប្រជុំកំពូលធំតែម្ដង ដោយឡែកនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ យើងនឹងមានព្រឹត្តិការណ៍អម។ ព្រឹត្តិការណ៍អមនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំនៅមហោស្របវប្បធម៌អាស៊ី-អឺរ៉ុប ២០២១ ដែលនៅក្នុងការរៀបចំនេះបានសហការជាមួយមូលនិធិអាស៊ី-អឺរ៉ុប ហើយនឹងសហភាពអឺរ៉ុប ដែលបានសហការគ្នាជាមួយនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំនូវព្រឹត្តិការណ៍អមនេះឡើង ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបរបស់យើងនេះជាព្រឹត្តិការណ៍ដ៏ធំមែនទែន។ សូមបញ្ជាក់ថា មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបរបស់យើងនេះ យើងនឹងរៀបចំនៅថ្ងៃទី២២ ដល់ថ្ងៃទី២៦ ហើយការរៀបចំទៀតសោតដោយសារតែមានបញ្ហារឿងជំងឺកូវីដ យើងបានរៀបចំជាពាក់កណ្ដាល online ហើយឯសកម្មភាពដែលយើងចូលរួមនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅក្នុងមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបនេះ យើងមានសកម្មភាពធំៗបី ដែលយើងលើកយកមកដាក់នៅក្នុងមហោស្របអាស៊ី-អឺរ៉ុបនេះ។ ទីមួយយើងនឹងបង្ហាញអំពីសិល្បៈទស្សនីយភាពសិល្បៈទស្សនីយភាពនេះ យើងមានសិល្បៈជាច្រើនទម្រង់ដូចជា របាំក្បាច់បុរាណ របាំប្រពៃណីហើយជាពិសេសទៅទៀតនោះ មា នសិល្បៈចម្រុះបែបអន្តរជាតិ គឺមានអឺរ៉ុបផង និងអាស៊ីយើងផង ដែលគេហៅថាជា Magic Flute ជាទម្រង់សិល្បៈមួយដែលប្រគំពីតន្ត្រី មានការចូលរួមពីតន្ត្រីករខ្មែរយើងនៅព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសិល្បករតន្ត្រីមកពីអឺរ៉ុប គឺយើងធ្វើព្រឹត្តិការណ៍នេះមក ដើម្បីដាក់ជូនទៅក្នុងមហោស្រពរបស់យើង ឲ្យមានជាលក្ខណៈអន្តរជាតិមួយ។ សកម្មភាពធំទីពីរ យើងធ្វើការតាំងពិព័រណ៍។ ការតាំងពិព័រណ៍នេះ យើងបានរៀបចំជាទម្រង់ធ្វើឡើងនៅក្នុងសារមន្ទីរជាតិជាលក្ខណៈកូនកាត់ ធ្វើតាម Online ផងហើយនឹងចូលរួមផ្ទាល់ផង។ យើងបានរៀបចំរួចអស់ហើយនៅសារមន្ទីរជាតិ ការតាំងពិព័រណ៍នេះមានការចូលរួមច្រើន តាំងពីវត្ថុសិល្បៈផង ផ្ទាំងគំនូរផង ហើយបើឲ្យមហាជនចូលមើល។ ការបញ្ចាំងខ្សែភាពយន្តនេះ គេមានដាក់កម្មវិធីលំអិតហើយ ប៉ុន្តែយើងសូមមិនបង្ហាញឈ្មោះអ្វីនោះទេ ប៉ុន្តែគឺយើងមានធ្វើសន្និសីទសារព័ត៌មានមួយថ្មីទៀតនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ខ្សែភាពយន្តនេះឯងគឺជាការជ្រើសរើសយកខ្សែភាពយន្តណា ដែលមានលក្ខណៈជាកិច្ចសហការរវាងអាស៊ី និងអឺរ៉ុប អញ្ចឹងខ្សែភាពយន្តនោះឯងសុទ្ធតែមានកិច្ចសហប្រតិបត្តិការ ជាពិសេសខ្សែភាពយន្តនោះ គឺថតនៅក្នុងប្រទេសកម្ពុជារបស់យើងដូចជា នៅខេត្តសៀមរាបថតនៅខេត្តមួយចំនួនទៀត ដែលមានរមណីយដ្ឋានខ្មែរច្រើន ហើយរឿងទាំងអស់ហ្នឹងគឺមានការពាក់ព័ន្ធទៅនឹងសហប្រតិបត្តិការកម្ពុជា និងអន្តរជាតិ។

សំនួរ៖ តើមានសមាជិកប្រទេសណាខ្លះចូលរួម ហើយប៉ុន្មានប្រទេស? តើប្រធានបទដែលពិភាក្សាលម្អិតនោះ យើងត្រៀមនឹងពិភាក្សាជជែកវែកញែកយ៉ាងម៉េចដែរ នៅថ្ងៃចុងក្រោយនោះ?

មែនទែនទៅ យើងបានរៀបចំកម្មវិធីនេះអស់ហើយ ខ្ញុំសូមបញ្ជាក់ឡើងវិញដែរថា ចំណងជើងនៃមហោស្រពវប្បធម៌អាស៊ីអឺរ៉ុបរបស់យើងនេះ យើងបានដាក់ថា អាស៊ីអឺរ៉ុបចំណងវប្បធម៌ បានន័យថារវាងប្រជាជាតិទាំងពីរគឺ ប្រជាជាតិខាងអាស៊ី និងអឺរ៉ុបស្វែងយល់គ្នាហើយផ្លាស់ប្ដូរនូវវប្បធម៌ចម្រុះរបស់គ្នាទៅវិញទៅមក ដែលក្នុងនោះមានប្រទេសមួយចំនួនដែលចូលរួមដូចជា ចិន សាធារណរដ្ឋឆេក ឥណ្ឌា អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ ជប៉ុន ហ្វីលីពីន បារាំង សិង្ហបុរី ថៃ វៀតណាមជាដើម ហើយប្រទេសទាំងអស់ដែលបានចូលរួមនោះគឺ មានការចូលរួមផ្សេងផ្សេងគ្នា។ ឧទាហរណ៍ថា ក្នុងសកម្មភាពបីហ្នឹង ខ្លះក៏យកខាងរបាំមក ខ្លះក៏បញ្ជូនការតាំងពិព័រណ៍មក ខ្លះក៏មានភាពយន្ត អញ្ចឹងក្នុងប្រទេសទាំងអស់គឺមានចម្រុះគ្នា នៅក្នុងសិល្បៈទាំងបីទម្រង់ដែលប្រទេសទាំងអស់នោះបានចូលរួម។

សំនួរ៖ សម្រាប់កម្មវិធីនេះផ្ទាល់ តើមានសារៈសំខាន់យ៉ាងដូចម្ដេច ទាំងផ្នែកការទូតទាំងផ្នែកវប្បធម៌ និងសេដ្ឋកិច្ចសង្គមផង ចំពោះលោកបណ្ឌិត តើមានការយល់ឃើញទស្សនៈផ្ទាល់ខ្លួនយ៉ាងណាដែរ?

ការងារនេះគឺជាព្រឹត្តិការណ៍ដ៏ធំធេងណាស់ ព្រោះខ្មែរយើងពុំដែលមានពីមុនមក ហើយយើងទទួលជាលើកទីមួយគិតទៅ 51 ប្រទេសបូកនឹងពីរគឺបានន័យថា 53 ប្រទេសដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។ យើងគិតថាគឺជា ច្រកទ្វារថ្មីមួយទៀតសម្រាប់កម្ពុជាយើង បើនិយាយដោយឡែកពីសិល្បៈវប្បធម៌ យើងអាចនឹងមានការផ្លាស់ប្ដូររវាងសិល្បៈវប្បធម៌ទៅវិញទៅមក ជាពិសេសសម្រាប់ប្រទេសនៅអឺរ៉ុប និងអាស៊ីរបស់យើង ជាការរឹតចំណងសាមគ្គីភាពរវាងអាស៊ី និងអឺរ៉ុប ហើយមួយទៀតគឺជាច្រកថ្មីមួយទៀត សម្រាប់បង្ហាញឱ្យពិភពលោកស្គាល់ពីកម្ពុជា មិនមែនថាតែអឺរ៉ុបនោះទេគឺពិភពលោកទាំងមូលស្គាល់ពីកម្ពុជា នេះគឺជាច្រកថ្មីមួយទៀតដែលធ្វើឲ្យសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍ បូករួមទាំងអ្នកវិនិយោគផ្សេងទៀត គេអាចនឹងមកស្រុកយើងស្គាល់កម្ពុជាយើងកាន់តែច្បាស់។ ហើយខ្មែរយើងដោយឡែក បានបង្ហាញនូវអត្តសញ្ញាជាតិ តាមរយៈសិល្បៈតាមរយៈពិព័រណ៍ ដើម្បីឲ្យពិភពលោកទាំងមូលបានស្គាល់បានយល់ ឱ្យស៊ីជម្រៅជាងនេះទៅទៀត។ នេះគឺជាការងារមួយដែលល្អមែនទែន ដែលខ្មែរយើងមានឱកាសសម្រាប់ធ្វើការផ្សព្វផ្សាយ។

សំនួរ៖ ដោយឡែក ទាក់ទងទៅនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ថាតើវាកើតឡើង ឬក៏ការចូលរួមនេះដោយចៃដន្យ ឬក៏យើងមានការខិតខំប្រឹងប្រែងរៀបចំយ៉ាងម៉េច ដើម្បីឲ្យមានការចូលរួម ក៏ដូចជាការបង្កើតព្រឹត្តិការណ៍នេះ ជាមួយនឹងមិត្តខាងអាស៊ី និងអឺរ៉ុបនេះផងដែរ?

តាមពិតទៅកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនេះ មានធ្វើជាហូរហែ ឆ្នាំមុនគឺធ្វើនៅប្រទេសអេស្ប៉ាញ អញ្ចឹងឥលូវកម្ពុជាយើងទទួលធ្វើជាម្ចាស់ផ្ទះបន្ត ដោយឡែក ខ្ញុំសូមនិយាយការណ៍អម មហោស្របវប្បធម៌អាស៊ីអឺរ៉ុបគឺ យើងមានអ្នកជួយគាំទ្រខ្លាំងមែនទែនដូចខាង មូលនិធិអាស៊ីអឺរ៉ុប និងអឺរ៉ុបគេបានសហការជាមួយ ក្រសួងវប្បធម៌ ហើយគេមានទាំងថវិកាឧបត្ថម្ភ ទាំងផ្នែកបច្ចេកទេសដើម្បីឲ្យកិច្ចការងារដំណើរការបាន ពីព្រោះយើងទទួលធ្វើជាម្ចាស់ផ្ទះ ហើយការងារហ្នឹងគឺគេរៀបចំបែបហ្នឹង ហើយមានការធ្វើទំនាក់ទំនងគ្នារហូត។ ដោយរាជរដ្ឋាភិបាលយើងដែលមាន សម្ដេចនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំយើងបានរៀបចំច្រើនណាស់ នៅក្នុងការងាររបស់យើង។ យើងមានការសោកស្ដាយដែរ បើសិនជាមិនមានព្រឹត្តិការណ៍កូវីដ យើងច្បាស់ជាមានមនុស្សចូលរួមច្រើនទូលំទូលាយណាស់ ដែលជាព្រឹត្តិការណ៍មួយដែលកក្រើកកម្ពុជាតែម្ដង ដែលយើងធ្វើជាម្ចាស់ផ្ទះនេះ ព្រោះនេះជាព្រឹត្តិការណ៍ដែលមិនងាយធ្លាប់មាននោះទេ។

សំនួរ៖ ដោយឡែក ទាក់ទងការធ្វើជាម្ចាស់ផ្ទះនេះ តើមានការរៀបចំបោះឆ្នោត ឬក៏មានការផ្លាស់វេនមួយឆ្នាំម្ដង ឬក៏យ៉ាងណាដែរ? 

មែនទែនទៅ ដូចជាមិនមានការបោះឆ្នោតអ្វីនោះទេ ហើយខ្ញុំមិនបានស៊ីជម្រៅដល់រឿងហ្នឹងដែរ ប៉ុន្តែនៅពេលដែលប្រទេសណាមួយចង់ធ្វើអញ្ចឹង អាចទទួលធ្វើបាន គេគាំទ្រ គេទទួលឲ្យធ្វើ គេពេញចិត្តយើង ហើយគេសប្បាយចិត្តនឹងយើងធ្វើជាម្ចាស់ផ្ទះ ប្រសិនបើជាគេមិនគាំទ្រក៏យើងមិនអាចធ្វើការងារនឹងបានដែរ ហើយនេះក៏ដូចជាការស្ម័គ្រចិត្តនោះដែរ។ អញ្ចឹងបានន័យថា គេទុកចិត្តយើងគេជឿជាក់លើប្រទេសយើង។ ការងារហ្នឹងគឺបែបហ្នឹងមិនមែនដូចជា ASEAN ប្ដូរវេននោះទេ។

សំនួរ៖ ជាចុងក្រោយ ឯកឧត្តម មានអ្វីចង់បន្ថែមទៀតទេ ទាក់ទងទៅនឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យអាស៊ីអឺរ៉ុបនេះផងដែរ?

ចំពោះខ្ញុំគិតថា នៅពេលដែលព្រឹត្តិការណ៍យើងកើតឡើងធំរបៀបនេះ ទោះបីជាយើងធ្វើតាម Online ក៏ដោយមិនបានធ្វើផ្ទាល់ក៏ដោយ ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋយើងទាំងអស់ ជាពិសេសយុវជនយើងតែម្ដង ធ្វើយ៉ាងណាចូលរួមទាំងអស់គ្នា ចូលរួមឲ្យបានច្រើនដើម្បីឱ្យលើកកម្ពស់លើកតម្លៃកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាលើនៃយើង។

***********

វាគ្មិន៖ ឯកឧត្ដម គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី 

អ្នករៀបចំអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner