ព្រៃលិចទឹកជាង ១០០ហិកតា នៅខេត្ដសៀមរាប ត្រូវជនខិលខូចកាប់ទន្ទ្រានយកដី

សៀមរាប ៖ អាជ្ញាធរខេត្ដសៀមរាប បានរកឃើញព្រៃលិចទឹកជាង ១០០ហិកតា នៅខាងជើងបឹងទន្លេសាប ស្ថិtនៅក្រុងសៀមរាប ត្រូវបានក្រុមជនខិលខូចចូលកាប់ទន្ទ្រានវាទយកដីធ្វើជាកម្មសិទ្ធិឯកជន និងសង្ស័យធ្វើការជួញដូរ ។ ការលើកឡើងបែបនេះ ក្នុងគ្រាដែលអាជ្ញាធរខេត្ដ ដឹកនាំដោយ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប ចុះប្រតិបត្ដិការពិនិត្យព្រៃលិចទឹករយៈពេលមួយថ្ងៃ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។

ឯកឧត្ដម ទៀ សីហា មានប្រសាសន៍ថា ក្រោយពីមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលឲ្យអភិបាលខេត្តនានាត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះជនខិលខូចដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាបនោះ ឯកឧត្ដមបានដឹកនាំកម្លាំងចុះពិនិត្យមើលព្រៃលិចទឹក ស្ថិតនៅក្នុងក្រុងសៀមរាប ដែលក្នុងនោះត្រូវបានកាត់ឈ្វៀលជូនពលរដ្ឋ ពីរពាន់ហិកតា ហើយប្រមាណ ១០០ហិកតា ត្រូវបានជនខិលខូចកាប់ព្រៃទន្ទ្រានយកដី ។

ឯកឧត្ដមបានបន្ដថា ជនខិលខូចមានចំនួនជិត ៥០នាក់ សង្កាត់ជ្រាវ សង្កាត់ក្របីរៀល សង្កាត់ស្រង៉ែ សង្កាត់ស្វាយដង្គុំ និងសង្កាត់មួយចំនួនទៀត ដោយពួកគេធ្វើសកម្មភាពចាប់តាំងពីឆ្នាំ២០១៤មកម្លេះ ។ ក្រោយពីរកឃើញនិងកំណត់ជនល្មើសហើយ អាជ្ញាធបានប្ដឹងទៅតុលាការរួចហើយដែរ ។

ឯកឧត្ដម បានបន្ដថា ដោយឡែកព្រៃលិចទឹកចំនួន ៥ស្រុកទៀត អាជ្ញាធរកំពុងទៅពិនិត្យមើលពីការបាត់បង់ដោយសារជនខិលខូចកាប់ព្រៃទន្ទ្រានយកដីនេះ ។ ឯកឧត្ដមបានបញ្ជាក់ថា ការចុះពិនិត្យលើព្រៃលិចទឹកនាពេលនេះ មានការលំបាកក្នុងការកំណត់តំបន់បន្ដិច ដោយសារទឹកជនលិចមើលមិនឃើញច្បាស់ពីតំបន់ព្រៃលិចទឹកដែលបានបាត់បង់ ។

ប្រជាសហគមន៍មួយរូបនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប លោក ឡោ រ៉ន បានលើកឡើងថា ពួកគាត់មានការសប្បាយចិត្ដក្រោយពេលរាជរដ្ឋាភិបាលបានបញ្ជាឱ្យអាជ្ញាធរខេត្ដ ទប់ស្កាត់ជនខិលខូចទន្រ្ទានយកដីព្រៃលិចទឹកនេះ ។ លោក រ៉ន លើកឡើងថា កន្លងមកដីព្រៃលិចទឹករងការកាប់បំផ្លាញយ៉ាងរង្គាលដើម្បីយកដីធ្វើជាកម្មសិទ្ធិដូចជាធ្វើស្រែប្រាំង និងធ្វើការលក់ដូរជាដើម ។ លោកថា ការយកដីព្រៃលិចទឹកពីជនខិលខូចវិញនេះ នឹងធ្វើឱ្យមច្ឆាជាតិកើនឡើងវិញនៅក្នុងទន្លេសាប ព្រោះព្រៃលិចទឹកមានសារៈសំខាន់សម្រាប់ជម្រកត្រីពងកូន ។

បើតាមឯកឧត្ដមអភិបាលខេត្ដសៀមរាប ទៀ សីហា បានលើកឡើងថា ដីព្រៃលិចទឹកនៅខាងជើងបឹងទន្លេសាប នាខេត្ដសៀមរាប មានជាង ១២ម៉ឺនហិកតា ក្នុងនោះ មាននៅក្នុងស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក និងស្រុកក្រឡាញ់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner