ប្រធានាធិបតីរុស្ស៊ីទុកពេលអោយរដ្ឋាភិបាលមួយសប្តាហ៍ ក្នុងការរៀបចំផែនការសកម្មភាពប្រយុទ្ធប្រឆាំងនឹងវីរុស អូមីក្រុង

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានដាក់ចេញនូវបទបញ្ជាមួយដោយតម្រូវអោយរដ្ឋាភិបាលរៀបចំផែនការសកម្មភាពមួយក្នុងសប្តាហ៍ក្រោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មី អូមីក្រុង។

ប្រធានាធិបតីរុស្ស៊ីរូបនេះបានថ្លែងក្នុងវេទិកាវិនិយោគមួយនៅថ្ងៃអង្គារសប្តាហ៍នេះថា ជាដំបូង វាចាំបាច់ក្នុងការត្រួតពិនិត្យជាបន្តបន្ទាប់នូវប្រសិទ្ធភាពនៃការធ្វើតេស្ត និងវ៉ាក់សាំង ហើយប្រើក្បួនដោះស្រាយបញ្ហាច្បាស់លាស់ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ លោក ពូទីន បានសង្កត់ធ្ងន់ថា វាគឺមានសារៈសំខាន់ណាស់ ក្នុងការថែរក្សាការផ្គត់ផ្គង់ថ្នាំសម្កូវ អុកស៊ីហ្សែន និងគ្រែមន្ទីរពេទ្យ។

លោក ពូទីន បន្ថែមថា មេរោគបំប្លែងថ្មីនេះ បានចោទជាសំណួរអំពីលទ្ធភាពនៃងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការទទួលស្គាល់គ្នាទៅវិញទៅមកនៃវ៉ាក់សាំង និងវិញ្ញាបនបត្រចាក់ថ្នាំបង្ការ។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sputnik V របស់រុស្ស៊ីបានននិងកំពុងនៅតែរង់ចាំការអនុម័តអោយប្រើពីអង្គការសុខភាពពិភពលោក (WHO)៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner