រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ​រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនវៀតណាម ដែលបាននិងកំពុង​វិនិយោគ លើវិស័យកសិកម្មនៅកម្ពុជា

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំនៅកម្ពុជា។ 

ឯកឧត្តម វេង សាខុន បានសម្តែងនូវកិច្ចស្វាគមន៍ និងអបអរសាទរក្នុងខណ:ដែលឯកឧត្តមទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា ហើយក្នុងនាមក្រសួងកសិកម្ម និងខ្លួនឯកឧត្តម ផ្ទាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនវៀតណាម ដែលបាននិងកំពុងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា និងអនុញ្ញាតឲ្យនាំចេញកសិផលទៅកាន់ប្រទេសវៀតណាមយ៉ាងច្រើន ជាពិសេសស្រូវ ដំឡូងមី គ្រាប់ស្វាយចន្ទី និងកៅស៊ូ។ល។

ជាការឆ្លើយតប ឯកឧត្តម ង្វៀន ហ៊ុយតាំង បានសម្តែងនូវបីតិសោមនស្សយ៉ាងក្រៃលែង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា និងបានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម ជូនឯកឧត្តមរដ្ឋមន្រ្តី។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ        កម្ពុជាសម្រេចបាននាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសល្បឿននៃការវិវឌ្ឍន៍រីកចម្រើន និងជញ្ជីងពាណិជ្ជកម្មលើការនាំចេញកសិផលកម្ពុជាទៅប្រទេសវៀតណាមមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយសមិទ្ធផលជាផ្លែផ្កានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតផ្ទាល់ ក៏ដូចជារដ្ឋាភិបាលវៀតណាមសូមចូលរួមអបអរសាទរ។

ឆ្លៀតយកឱកាសនៃជំនួបការទូតនេះ ភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗមកពិភាក្សា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងប្រទេសទាំងពីរមានជាអាទិ៍៖

១- រៀបចំកិច្ចកិច្ចព្រមព្រៀងលើការងារសហប្រតិបត្តិការវិស័យកសិកម្ម ប្រទេសទាំងពីរ

២- កិច្ចសហការលើវិស័យព្រៃឈើ ពោលការគ្រប់គ្រង ទប់ស្កាត់ ការកាប់បំផ្លាញ ការជួញដូរព្រៃឈើ និងសត្វព្រៃឆ្លងដែនខុសច្បាប់។

៣- ពង្រឹង និងពង្រីកកិច្ចសហការលើវិស័យជលផលដោយផ្តល់ ការបណ្តុះបណ្តាលបច្ចេកទេសលើការធ្វើវារីវប្បកម្ម ដល់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅ។

៤- រៀបចំឯកសារអនុស្សារណៈនៃការយោគយល់គ្នាទាក់ទងនឹងអនាម័យ និងភូតគាមអនាម័យ (SPS) លើផលិតផលកសិកម្ម ដើម្បីសម្រួលដល់ការនាំចេញ និងនាំចូលកសិផលរវាងប្រទេសទាំងពីរ។

៥- ជួយគាំទ្រលើវិស័យធារាសាស្រ្ត ដោយផ្តោតយកបច្ចេកទេសទំនើប និងប្រព័ន្ធស្រោចស្រពបៃតងក្នុងការប្រើប្រាស់ និងគ្រប់គ្រង់ទឹកកសិកម្មឲ្យមានប្រសិទ្ធភាព ដើម្បីបម្រើក្នុងវិស័យកសិកម្ម។

៦- ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារគ្រប៉គ្រងនេសាទសមុទ្រ។

៧- ជំរុញការអនុវត្តគម្រោងដែលជាជំនួយឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលវៀតណាម ពីឆ្នាំ ២០២១-២០២៥ លើវិស័យកសិកម្ម។

៨- ជំរុញការបង្កើតរោងចក្រកែច្នៃកសិផលនៅតាមតាមបណ្តោយព្រំដែនកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏ប្រគល់ភារកិច្ចនេះជូនឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញកិច្ចការពាក់ព័ន្ធសំខាន់ៗខាងលើ ធ្វើយ៉ាងណាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឈានទៅចុះហត្ថលេខានាខែធ្នូខាងមុខនេះ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner