លោក មុត ចន្ថា បន្តលាតត្រដាងអំពើទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី និងបក្សភ្លើងទៀនគប់គិតគ្នាបោកប្រាស់ប្រជាពលរដ្ឋ

ភ្នំពេញៈ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានបន្តលាតត្រដាងអំពើទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី និងគណបក្សភ្លើងទៀន ដែលបានគប់គិតគ្នាដើម្បីបោកប្រាស់ប្រជាពលរដ្ឋខ្មែរ ដោយសម រង្ស៊ី កំពុងប្រើប្រាស់បក្សភ្លើងទៀនឱ្យដើរឃោសនាខ្សឹបប្រាប់អ្នកគាំទ្រនៅមូលដ្ឋានថា លោក កឹម សុខា ជាអ្នកប្រកាសបែកមុន។ គ្មានអ្វីដែលអាចប្រកែកបានឡើយ គឺគណបក្សភ្លើងទៀន ត្រូវបានគាំទ្រដោយទណ្ឌិតដែលត្រូវបានហាមឃាត់ដោយច្បាប់ស្តីពីច្បាប់វិសោធនកម្ម ស្តីពីគណបក្សនយោបាយ។

នៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២ ខែធ្នូ លោកមុត ចន្ថា បានសរសេរថា លោក សម រង្ស៊ី បានដើរចេញ ឬបែកខ្លួនចេញជាង៤ឆ្នាំមកហើយ ប៉ុន្តែសមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀន នៅ«ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១» នៅសណ្ឋាគារសាន់វេ គឺជា «បញ្ជាក់ចុងក្រោយនៃការបែកចេញរបស់គាត់»។ ចាំសំដីចោទរបស់លោក សម រង្ស៊ី ឱ្យច្បាស់ៈ «អ្នកណាសុំសិទ្ធិនយោបាយ និងអ្នកណាបង្កើតគណបក្សនយោបាយថ្មី គឺជាជនក្បត់ និងជាជនលក់ក្បាល»។ ប៉ុន្តែនៅពេលមនុស្សរបស់គាត់ទៅសុំសិទ្ធិនយោបាយ ដូចជាៈ លោក ថាច់ សេដ្ឋា, ឃឹម ឡាគី, សុខ គឹមសេង, ម៉ៅ សុផល ជាដើម សុំសិទ្ធិនយោបាយ រួចវិលត្រឡប់ចូលបក្សភ្លើងទៀនវិញ ឬបង្កើតបក្សថ្មី គឺលោក សម រង្ស៊ី ស្ងាត់បិទមាត់ជិតឈឹង ហើយថែមទាំងប្រកាសគាំទ្រ និងជួយផ្សព្វផ្សាយនៅលើហ្វេសប៊ុកផេករបស់គាត់។

លោកបន្តថា ជាងនេះទៅទៀត លោក សម រង្ស៊ី មិនដែលបដិសេធម្តងណាឡើយថា គាត់មិនបានបើកដៃ និងគាំទ្រឈរនៅពីក្រោយបក្សភ្លើងទៀន ដែលជាទ្រព្យសម្បត្តិនយោបាយរបស់គាត់ជាង២៦ឆ្នាំមកនេះទេ។ លោក ញឹម គឹមញុល ដែលជាមិត្តភក្តិរបស់លោក សម រង្ស៊ី បានរអិលមាត់ធ្លោយប្រាប់មន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិម្នាក់ថា «អេង ឆៃអ៊ាង បានរៀបចំយុទ្ធសាស្រ្តដោយបានពិគ្រោះយោបល់ និងយល់ព្រមពីលោក សម រង្ស៊ី ឱ្យបក្សភ្លើងទៀន ចេញដំណើរការឡើងវិញ»។ ទាំងលោក សម រង្ស៊ី និង អេង ឆៃអ៊ាង គឺជាទណ្ឌិត។

លោក មុត ចន្ថា បានបញ្ជាក់ថា ឥឡូវលោក សម រង្ស៊ី កំពុងប្រើប្រាស់បក្សភ្លើងទៀនឱ្យដើរឃោសនាខ្សឹបប្រាប់អ្នកគាំទ្រនៅមូលដ្ឋានថា លោក កឹម សុខា ជាអ្នកប្រកាសបែកមុន។ នេះជាអំពើទុច្ចរិតរបស់លោក សម រង្ស៊ី និងបក្សភ្លើងទៀនដែលគប់គិតគ្នា ដើម្បីបោកប្រជាពលរដ្ឋខ្មែរ។ គ្មានអ្វីដែលអាចប្រកែកបានឡើយ គឺបក្សភ្លើងទៀនត្រូវបានគាំទ្រដោយទណ្ឌិតដែលត្រូវបានហាមឃាត់ដោយច្បាប់ស្តីពីច្បាប់វិសោធនកម្ម ស្តីពីគណបក្សនយោបាយ។ គេជឿថា ទោះបីអាជ្ញាធរមិនប្តឹងរំលាយ ក៏មានគណបក្សទាំងបង្កើតថ្មី និងចាស់ប្តឹងទៅតុលាការកំពូល ដើម្បីទាមទាររំលាយដែរ៕

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner