ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្ដិភាពកម្ពុជា៖ បញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ានឹងត្រូវបានបញ្ចប់ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន

ភ្នំពេញ:លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្ដិភាពកម្ពុជា និងជាអ្នកតាមដាននយោបាយ មានសុទិដ្ឋិនិយម និងមានជំនឿយ៉ាងមុតមាំថា បញ្ហាវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា) នឹងត្រូវបានបញ្ចប់ ហើយត្រូវបានដោះស្រាយចប់១០០% នៅពេលកម្ពុជា ធ្វើជាប្រធានប្តូវេនរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំកាច់ចង្កូត ពោរពេញដោយបទពិសោធន៍ចរចា និងថាមពលធ្វើការសម្របសម្រួល។

លោក សួន សេរីរដ្ឋា បានបន្តថា អាស៊ាន គឺមានប្រទេស១០ ដែលសម្តេចតេជោ ហ៊ុន សែន អនាគតប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២ខាងមុខនេះ បានធ្វើការប្រៀបធៀបថា ផ្ទះអាស៊ាន មានសសរចំនួន១០។ បើបាក់សសរមួយ ត្រូវរួមគ្នាជួសជុលឱ្យរឹងមាំឡើងវិញគ្រប់១០! មិនមែនកាត់ចោល ផ្តាច់ចោល ដើម្បីផ្គាប់ចិត្តដៃគូណាទេ។ ដោយស្មារតីគោរពធម្មនុញ្ញអាស៊ាន សម្តេចតេជោ ហ៊ុន សែន អគ្គមគុទ្ទេសក៏សន្តិភាពនៃកម្ពុជា និងជាអ្នកកំពូលយុទ្ធសាស្ត្ររបស់កម្ពុជា ដែលពោរពេញដោយបទពិសោធន៍នៃការចរចា និងថាមពលជាអ្នកសម្របស្រួលនោះ បានលើកឡើងបញ្ជាក់យ៉ាងខ្លីថា៖ អាស៊ាន គឺ១០ មិនមែន ៩ ទេ។

លោកបញ្ជាក់ថា ចំណុចនេះបង្ហាញច្បាស់ថា សម្តេចតេជោ ហ៊ុន សែន បានកំណត់យុទ្ធសាស្ត្រឈ្នះរួចហើយក្នុងការដឹកនាំសម្របសម្រួលប្រទេសអាស៊ានឱ្យមានសំឡេង១០ប្រទេសឡើងវិញ ជាមួយនឹងការដោះស្រាយនូវវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា) ឱ្យបញ្ចប់ភាពចម្រូងចម្រាស រួចវិលទៅរករបបប្រជាធិបតេយ្យវិញ ជាមួយនឹងការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌នៅក្នុងប្រទេសភូមាឡើងវិញ។

លោក សួន សេរីរដ្ឋា លើកឡើងថា កន្លងមកយើងឃើញថា ប្រធានអាស៊ានចាស់ បានដាក់ការគាបសង្កត់លើមេដឹកនាំប្រទេសមីយ៉ាន់ម៉ា (ភូមា) ដោយមិនអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានទេ ដែលជាការបំបាក់មុខ ហើយក៏ជាការដាក់សំពាធគាបសង្កត់នេះមើលទៅ គឺដើម្បីតម្រូវចិត្តប្រទេសមហាអំណាចជាដៃគូ ច្រើនជាងការគោរពឱ្យបានពេញលេញនូវធម្មនុញ្ញរបស់អាស៊ាន ជាមួយនឹងការស្វែងរកការសម្របសម្រួលផ្ទៃក្នុងអាស៊ាន ដើម្បីជួយដោះវិត្តនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា)។ តែចំពោះ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា គឺលោកជឿជាក់ មានទំនុកចិត្តលើសម្តេចតេជោ និងមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា៖ ក្នុងឋានៈជាប្រធានអាស៊ាន ទោះជាសម្តេចតេជោ ប្រើឋានៈជាប្រធានអាស៊ាន ឬក៏ប្រើឋានៈត្រឹមជានាយករដ្ឋមន្ត្រីនៃប្រទេសមួយរបស់សមាជិកអាស៊ានក៏ដោយ គឺតាមបទពិសោធន៍ដ៏ជ្រៅជ្រះ និងថាមពលចរចាការទូតដ៏គ្មានគូរប្រៀបនោះ គឺសម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា ពិតជានឹងជួយបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាន ហើយទាញសម្របសម្រួលឱ្យភាគីជម្លោះនយោបាយគ្រប់ភាគី មកចូលតុអង្គុយដោះស្រាយបញ្ហាផ្ទៃក្នុង និងរួមគ្នាឡើងវិញបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ដើម្បីប្រទេស និងប្រជាពលរដ្ឋមីយ៉ាន់ម៉ា ក៏ដូចជា ដើម្បីអាស៊ាន និងប្រជាជាតិអាស៊ានទាំងមូល៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner