ទំហំពាណិជ្ជកម្មរវាងចិននិងកម្ពុជាកើនរហូតដល់ជាង៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលចំនួន១០ខែ ឆ្នាំ២០២១

យោងតាមការចេញផ្សាយរបស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បញ្ជាក់ថា តាមតួលេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា រយៈពេលចំនួន១០ខែក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា មានចំនួនទឹកប្រាក់កើនរហូតដល់៨ពាន់៩៣១លានដុល្លារអាមេរិក មានកំណើន៣៨.៥៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

ទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួនប្រមាណ១ពាន់២២២លានដុល្លារអាមេរិក មានកំណើន៤៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ រីឯទំហំនៃការនាំចូលពីប្រទេសចិនមកកាន់កម្ពុជាវិញមានចំនួនប្រហែល៧ពាន់៧០៩លានដុល្លារអាមេរិក មានកំណើន៣៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនមានកំណើនកើនឡើងទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ១៩ក៏ដោយ ដែលបង្ហាញឱ្យឃើញពីភាពខ្លាំងក្លានិងមានកម្លាំងឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

ads banner