ទីលានចាក់សំរាមនៅខេត្តព្រះសីហនុគឺជាទីលានទី១ នៅកម្ពុជា

យោងតាមការថ្លែងបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា នៅថ្ងៃទី៣ ខែធ្នូឆ្នាំ២០២១នេះថាទីលានចាក់សំរាម នៅខេត្តព្រះសីហនុ គឺជាទីលានទី១ នៅកម្ពុជា ដែលបានសាងសង់ឡើងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ទីលានចាក់សំរាមនៅខេត្តព្រះសីហនុ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងបានផ្ទេរមកស្ថិតក្រោមការគ្រប់គ្រងនិងប្រតិបត្តិការរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា តាមបទដ្ឋានបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានសាងសង់ទីលាននេះ គម្រោងសម្រាប់ចាក់សំរាមរយៈពេល ៥ឆ្នាំ ដោយកាយមាន ៤ រណ្តៅទំហំជាង ៥ ហិកតា ដែលអាចកាយកប់សំរាម ៧ ស្រទាប់ និងមានកម្ពស់ ២១ ម៉ែត្រ ដែលតាមការគណនាអាចផ្ទុកសំរាម ជិត ១លានតោន។ នៅក្នុងឆ្នាំ ២០២២ ខាងមុខ ទីលានចាក់សំរាមដែល មានលក្ខណៈស្តង់ដារបច្ចេកទេស របៀបនេះយ៉ាងហោច ៦ នឹងត្រូវ ដាក់ឱ្យដំណើរការដែលជាកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិ បាល និងដៃគូអភិវឌ្ឍន៍រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោកជាដើម។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថាចំពោះគម្រោងដែលរាជរដ្ឋាភិបាលសហការជាមួយដៃគូអភិវឌ្ឍន៍បង្កើតទីលានចាក់សំរាម បែបស្តង់ដាបច្ចេកទេសនេះហើយគ្រោងដាក់ដំណើរការនៅអំឡុងឆ្នាំ ២០២២ មានដូចជាទីលានចាក់សំរាមនៅខេត្តកែប ,ខេត្តកំពង់ឆ្នាំង ,ខេត្តពោធិ៍សាត់, បាត់ដំបង និងខេត្តកំពតជាដើម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងបរិស្ថាន នឹងធ្វើ ការជាមួយដៃគូបន្ថែមទៀតដើម្បីសាងសង់ទីលានចាក់សំរាមស្របតាមបច្ចេកទេសដូចជា សៀមរាប ខេត្តបន្ទាយមានជ័យជាដើមដែលជាគោលដៅរបស់រាជរដ្ឋាភិបាលនឹងគ្រប់គ្រងសំណល់រឹងសំរាមឱ្យបានល្អដែលជាគោលបំណងនៃគោលនយោបាយជាតិគ្រប់គ្រង សំណល់រឹង សំរាមដែលរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ត។

នេត្រ ភក្ត្រា បានលើកឡើងបន្ថែមថា គោលដៅរបស់ រាជរដ្ឋាភិបាលធ្វើការ គ្រប់គ្រង កាកសំណល់ រឹង សំរាមឲ្យ បានល្អ ដែលជាផ្នែកមួយនៃគោលនយោ បាយជាតិហើយអ្វីដែលសំខាន់គឺ ក្រសួងបរិស្ថាននឹងបន្តផ្តល់ជំនួយបច្ចេកទេស បណ្តុះបណ្តាលសមត្ថភាពមន្ត្រីដល់រដ្ឋបាលថ្នាក់ក្រោម ជាតិ ក្នុងការគ្រប់គ្រងសំរាមនៅតាមទីប្រជុំជន។ ទាក់ទងនឹងបញ្ហា សំរាមនេះដែរ ក្នុងមួយថ្ងៃ សំណល់សំរាមតែងបង្កើតឡើងមានប្រមាណជាង ១ម៉ឺន តោន ហើយក្នុងមួយឆ្នាំ សំណល់សំរាម មានប្រមាណ ៤ លានតោន។ ដោយឡែកនៅក្នុងខេត្តព្រះសីហនុមានសំរាមចន្លោះពី ៣៥០ ទៅ ៤០០ តោន ត្រូវបានបង្កើតឡើង ក្នុងមួយថ្ងៃ។ តាមការសិក្សា ក្នុងចំណោមសំរាមទាំងនេះគឺមាន ៦៥ ភាគរយ គឺជាសំរាមសំណល់ សរីរាង្គ , ២០ ភាគរយជាសំណល់ ប្លាស្ទិក ហើយនៅសល់ប៉ុន្មាន គឺជាសំណល់រឹង។

ពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់រឹងសំរាមនៅទីលានចាក់សំរាមខេត្តព្រះសីហនុនេះដែរ នាយក គ្រប់គ្រងទីលានសំរាមទីប្រជុំជន នៅខេត្តព្រះសីហនុ លោក ហុក សុផាន់ណារ៉ូ បានលើកឡើង ថា ទីលានចាក់សំរាមអូរតាសេក ក្នុងខេត្តព្រះសីហនុ ក្នុង មួយថ្ងៃ សំរាមដែលប្រើប្រាស់ចោល ផ្អែកតាមការគណនាស្ថានភាពជាក់ស្តែងបរិមាណសំរាម យកមកចាក់ទីលានក្នុងរយៈពេល ២៥ ថ្ងៃ គិតចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា មានចំនួន ១ម៉ឺន៥៧៤ តោនដែលគិតជាមធ្យម មានសំរាមប្រមាណ ៤០០ តោន ក្នុងមួយថ្ងៃ ដែលយកមកចាក់នៅលើទីលាន ហើយសំរាម ទាំងនេះ គឺមិនមែនមកតែពីក្រុងព្រះសីហនុនោះទេ វាក៏មកពីស្រុក ព្រៃនប់ ដែល អនុវត្តប្រតិបត្តិករ ចំនួនពីរក្រុមហ៊ុន។ លោកបានឱ្យដឹងបន្ថែមថា នៅទីលានចាក់សំរាម ក្នុងខេត្តនេះ ក្រៅពីកន្លែងទុកដាក់ សំរាមប្រកបដោយស្តង់ដាហើយ គេនៅធ្វើការបែងចែកត្រឹមត្រូវ ដោយក្នុងនេះប្រភេទសំរាមនីមួយៗ គេអាចយកទៅកែច្នៃ ប្រើប្រាស់ តាមប្រភេទរបស់ វានីមួយៗ ថែមទៀត៕

ads banner