កម្ពុជា និងហ្វីលីពីន​ បញ្ជា​ក់​អំពី​ការបន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​នានា​

ភ្នំពេញ ៖ ​ប្រមុខ​ការទូត​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ហ្វីលីពីន បានបញ្ជាក់​ជូន​គ្នា​ទៅវិញទៅមក​អំពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹងកិច្ចសម្របសម្រួល និងបន្ត​គាំទ្រ គ្នា​ទៅវិញទៅមក​នៅក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​នានា​ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​និង អង្គការសហប្រជាជាតិ​។​ ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខភាព​សាធារណៈ​ ដូចជា ​ការថែទាំ​សុខភាព​បឋម​ការថែទាំ​សុខភាព​ម្ដាយ​ និង​កុមារ​ការគ្រប់គ្រង​ជំងឺឆ្លង ​និង​មិន​ឆ្លង​តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន បទពិសោធន៍ និង​ឧ​ត្ត​មា​នុ​វត្ត​ន៍​។​

​ការប្តេជ្ញាចិត្ត​ និង​ឯកភាពគ្នា​នេះ​ បានបញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៣​របស់​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ហ្វីលីពីន ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​(3rd JCBC)​កាលពី​ថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ​។ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ និងឯកឧត្តម តែ​វ​ដូ​រ៉ូ ឡក់​ស៊ីន ជេ​អរ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​។​

​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៣​របស់​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ហ្វីលីពីន​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ភាគី​ទាំងពីរ​បានធ្វើ​ការពិភាក្សា​ស៊ីជម្រៅ​លើ​បញ្ហា​ដែលជា​ផលប្រយោជន៍​រួម និង​បាន​ពិនិត្យ​រិះរក​សក្តានុពល​នានា ដើម្បី​ពង្រីក​និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ដែលមាន​ស្រាប់ ក្នុង​វិស័យ​នយោបាយ​-​សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម និង​វិនិយោគ​កសិកម្ម​និង ក​សិ​ធុរកិច្ច ទេសចរណ៍ ការតភ្ជាប់​ផ្លូវអាកាស វប្បធម៌ ការងារ ការអប់រំ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង នវានុវត្តន៍ សុខាភិបាល និង​បរិស្ថាន​។​

​ក្នុង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ការពារជាតិ ​និង​សន្តិសុខ​ កម្ពុជា​និង​ហ្វីលីពីន​បានទទួល​ស្គាល់​អំពី​សារសំខាន់​នៃ​ការរក្សា​នូវ​ការប្រាស្រ័យទាក់ទង​គ្នា​យ៉ាងសកម្ម រវាង​មន្ត្រីជាន់ខ្ពស់​យោធា និង​មន្ត្រីជាន់ខ្ពស់​នគរបាល តាមរយៈ​វេទិកា​ទ្វេភាគី និង​ពហុភាគី ដោយ​ធ្វើការ​ចែករំលែក និង​ផ្លាស់ប្តូរ ព័ត៌មាន និង​ឧ​ត្ត​មា​នុ​វត្ត​ន៍​រវាង​ប្រទេស​ទាំងពីរ​។ ​ទន្ទឹមនេះ​ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា ក្នុងការពង្រឹង​ការអនុវត្ត​ច្បាប់​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់ ដូចជា​ ភេរវកម្ម ការជួញដូរ​គ្រឿងញៀន​ និង​ការជួញដូរ​មនុស្ស ការរត់ពន្ធ​អាវុធ ការលាង​លុយកខ្វក់ ចោរ​សមុទ្រ ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា ការ​ក្លែងបន្លំ​អត្តសញ្ញាណ និង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។​

​ដោយ​កត់សម្គាល់ឃើញ​អំពី​សក្តានុពល និង​កាលានុវត្តភាព​ដ៏​ធំធេង​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ គណៈកម្មការ​ចម្រុះ​បាន​ប្តេជ្ញា​ជំរុញ​បន្ថែមទៀត​នូវ​ពាណិជ្ជកម្ម និងវិនិយោគ​ទ្វេភាគី តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម បន្ថែម​រួមមាន​៖ ពិព័រណ៍​ពាណិជ្ជកម្ម​ ​ការតាំងពិព័រណ៍ ការផ្គូផ្គង​ធុរកិច្ច​រវាង​សហគ្រាស​អាហរ័ណ​-​នីហរ័ណ​នៃ​ប្រទេស​ទាំងពីរ​។ ក្នុងន័យនេះ ភាគី​ទាំង​ពីរបាន​ស្វាគមន៍​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​សភាពាណិជ្ជកម្ម កម្ពុជា និង​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ហ្វីលីពីន តាម​ប្រព័ន្ធ​វីដេអូ ក្នុង​គោលបំណង​បង្កើន​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។​

សម្រាប់​វិស័យ​អប់រំ​គណៈកម្មការ​ចម្រុះ​បាន​លើកទឹកចិត្ត​ឱ្យមាន​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​និង​ភាពជា​ដៃគូ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត រវាង​សាកលវិទ្យាល័យ​នានា ដែលមាន​អនុស្សរណៈ​យោគយល់គ្នា ដើម្បី​បង្កើន​ការផ្លាស់ប្តូរ​និស្សិត​និង​បុគ្គលិក​ការពង្រឹង សមត្ថភាព​និង​គុណសម្បត្តិ លើកកម្ពស់​ការបង្រៀន​និង​ការសិក្សា ព្រមទាំង​កិច្ចសហការ​ក្នុងការ​ស្រាវជ្រាវ​។ ​ភាគី​កម្ពុជា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ហ្វីលីពីន​ដែល​បានផ្តល់​អាហារូបករណ៍​ពេញលេញ​សម្រាប់​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា​ដល់​និស្សិត​កម្ពុជា​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ គណិតវិទ្យា និង​វិស្វកម្ម នៅតាម​សាកលវិទ្យាល័យ​ល្បីឈ្មោះ​នានា​របស់​ហ្វីលីពីន និងវគ្គ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​លើក​ទី​៤ ដល់​មន្ត្រី និង​បុគ្គលិក​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធ​សភាព​។

ភាគី​ទាំង​ពីរបាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​កសិកម្ម​និង​ក​សិ​ធុរកិច្ច​តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន ស្ថិតិ ចំណេះដឹង បទពិសោធន៍ និង​ឧ​ត្ត​មា​នុ​ត្ត​ន៍​។ ភាគី​កម្ពុជា​បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​ហ្វីលីពីន​ស្វែងរក​ឱកាស​វិនិយោគ​នៅក្នុង​វិស័យ​កសិកម្ម​របស់​កម្ពុជា ជាពិសេស ផ្នែក​ស្រូវ បន្លែ និង​ការ​ចិញ្ចឹមសត្វ​។

​កម្ពុជា និង​ហ្វីលីពីន បាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខភាព​សាធារណៈ ដូចជា ការថែទាំ​សុខភាព​បឋម ការថែទាំ​សុខភាព​ម្ដាយ​និង​កុមារ ការគ្រប់គ្រង​ជំងឺឆ្លង​ និង​មិន​ឆ្លង​តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន បទពិសោធន៍ និង​ឧ​ត្ត​មា​នុ​វត្ត​ន៍​។ កម្ពុជា​បានស្នើ​ហ្វីលីពីន​ពិចារណាផ្តល់​វគ្គ និង​កម្មវិធី​បណ្តុះបណ្តាល​គិលានុបដ្ឋាយិកា​ដល់​យុវជន​កម្ពុជា​ដោយ​ហ្វីលីពីន​គឺ ជា​ប្រទេស​ដែល​ឈានមុខ​គេ​ក្នុង​ពិភពលោក​ក្នុង​ការបញ្ជូន​គិលានុបដ្ឋាយិកា​ទៅធ្វើ​ការ​នៅ​បរទេស​។

​ភាគី​ហ្វីលីពីន បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់នូវ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​មន្ត្រី​ស្ថានទូត​ហ្វីលីពីន និង​សហគមន៍​ហ្វីលីពីន តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​ឥតគិតថ្លៃ​។​

​ទន្ទឹមនេះ តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ការចូលរួម​របស់ ឯកឧត្តម រ៉ូ​ទ្រី​ហ្គោ រ៉ោ ឌូ​ទែ​រ​តេ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ដែល​កម្ពុជា​បានរៀបចំ​ប្រកបដោយ​ជោគជ័យ​នាពេល​ថ្មីៗ​នេះ​តាម​ប្រព័ន្ធ​វីដេអូ​។​ ភាគី​ហ្វីលីពីន​បាន​សម្តែង​នូវ ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កម្ពុជា​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២​។

ភាគី​ទាំងពីរ​យល់ស្រប​គ្នា​ថា ឆ្នាំ​២០២២ គឺជា​ឆ្នាំ​ដ៏​សំខាន់​មួយ ដោយ​កម្ពុជា និង​ហ្វីលីពីន នឹង​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​។ ការ​ប្រារព្ធ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ នឹង​បន្ថែម​នូវ​ភាពរឹងមាំ​និង​ភាពរស់រវើក​ដល់​ការរីកលូតលាស់​នៃ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​។ ​ក្នុងន័យនេះ​ភាគី​ទាំងពីរ​បាន​សង្កត់ធ្ងន់​អំពី​សារសំខាន់​នៃ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ដែល​នឹង​ជា​សកម្មភាព​ដ៏​មាន​អត្ថន័យ​មួយ​ក្នុងចំណោម​សកម្មភាព​នានា ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​នេះ​។

កិច្ចប្រជុំ​លើក​ទី​៣​របស់​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ហ្វីលីពីន​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វ​ភាគី បាន​ប្រព្រឹត្តិ​ទៅក្នុង​បរិយាកាស​ស្និទ្ធស្នាល​មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការយោគយល់​គ្នា​ទៅវិញទៅមក ដែល​បាន​ឆ្លុះបញ្ចាំង​នូវ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ និង​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​នា​បណ្តា​ឆ្នាំ​ខាងមុខ​៕

ដោយៈពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner